មន្ត្រីការពារសិទ្ធិមនុស្សអាដហុកមួយរូបដែលកំពុងជាប់ឃុំ គឺលោក ណៃ វ៉ង់ដា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីឲ្យមានការផ្លាស់ប្ដូរប្រទេសតាមបែបប្រជាធិបតេយ្យ។
លោក ណៃ វ៉ង់ដា ព្រមទាំងមន្ត្រីការពារសិទ្ធិមនុស្ស៣រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)១រូបផ្សេងទៀត កំពុងរងបទចោទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សអាដហុកចំនួន៤នាក់ ដែលមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី។
អ្នកទាំង៤ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្ន ពីបទសូកប៉ាន់សាក្សី អស់រយៈពេលជិត១០ខែមកហើយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានសាកសួរពួកគេពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហារបស់ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយស្ត្រីកាត់សក់វ័យក្មេងម្នាក់ កាលពីឆ្នាំមុន។
ក្នុងសវនាការនៅព្រឹកនេះ មិនមានវត្តមានរបស់មន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាប់ចោទពីបទសមគំនិតសូកប៉ាន់សាក្សីនោះទេ។
ខណៈសមត្ថកិច្ចបណ្ដើរចូលក្នុងសាលសវនាការ លោក ណៃ វ៉ង់ដា បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ យុត្តិធម៌ គឺស្រេចតែទៅលើមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច។
លោកអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងបានចុះឈ្មោះបោះឆ្នោតទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា។
លោកនិយាយថា៖ «រឿងនៅក្រៅឃុំ ឬក៏មិននៅក្រៅឃុំអត់សំខាន់ទេ សំខាន់នាំគ្នាទៅបោះឆ្នោត។ ប្រជាជន៨លាននាក់ហ្នឹងទៅបោះឆ្នោត ហើយបោះឆ្នោតឲ្យចំគោលដៅ។ បានន័យថាបោះឆ្នោតដើម្បីការផ្លាស់ប្ដូរជាលក្ខណៈប្រជាធិបតេយ្យ ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។ នាំគ្នាទៅបោះឆ្នោត។ សន្លឹកឆ្នោតមួយសន្លឹកៗគឺមានសារសំខាន់ខ្លាំងណាស់ អញ្ចឹងមិនអាចខកខានបានទេ ទោះបីជាមានឧបសគ្គធ្ងន់ធ្ងរ ធំយ៉ាងណាក៏ដោយ ត្រូវតែទៅបោះឆ្នោតទាំងអស់គ្នា»។
បន្ទាប់ពីសវនាការដោយមានការសាកសួររបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងការឆ្លើយរបស់មន្ត្រីទាំង៤រូបរួចមក ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដែលសម្រេចឲ្យសាលាដំបូងបន្តឃុំខ្លួនអ្នកទាំង៤ដដែល។
លោក ឡោ ជុនធី មេធាវីការពារក្ដីឲ្យមន្ត្រីអាដហុកទាំង៤រូប ប្រាប់ VOA ថា យោងលើរយៈពេលនៃការស៊ើបអង្កេត និងការបញ្ជាក់ពីមូលហេតុច្បាស់លាស់ក្នុងការស្នើសុំនៅក្រៅឃុំរបស់កូនក្តីលោក តុលាការគួរតែអនុញ្ញាតឲ្យពួកគេបាននៅក្រៅឃុំ។
លោកបន្ថែមថា ការសម្រេចបន្តឃុំខ្លួនកូនក្ដីរបស់លោកដែលសុទ្ធតែមានវ័យចំណាស់ និងមានជំងឺប្រចាំកាយបែបនេះ គឺជាការសម្រេចដែលមិនសមហេតុផល។
លោកមានប្រសាសន៍ថា៖ «យើងយល់ថាមិនសមស្រប ដោយសារអ្វីៗដែលស៊ើបអង្កេតកន្លងមក មកដល់ពេលនេះវា៩ខែ ចូល១០ខែ បានន័យថារយៈពេលហ្នឹងវាជារយៈពេលដែលល្មម ហើយវាសមស្របមែន។ វាតាមទិដ្ឋភាពដែលចៅក្រមបានជូនដំណឹង បិទហើយអីហើយហ្នឹង ហើយបែរជាបន្តការស៊ើបអង្កេតបន្តទៀត»។
ក្នុងសវនាការបណ្ដឹងសុំនៅក្រៅឃុំក្នុងពេលកន្លងទៅ មន្ត្រីអាដហុក៤រូប និងមន្រ្តី គ.ជ.ប មួយរូប បានលើកឡើងពីមូលហេតុនៃការសុំនៅក្រៅឃុំថា ពួកគេកំពុងមានជំងឺ និងត្រូវមើលថែគ្រួសារ។លោកបញ្ជាក់ថា ពួកគេក៏បានអះអាងថា ពួកគេនឹងគោរពតាមការកោះហៅរបស់តុលាការ ដាក់ប្រាក់ និងលិខិតឆ្លងដែនតម្កល់ ដើម្បីធានាថាពួកគេនឹងមិនអាចចាកចេញពីប្រទេសកម្ពុជាជាដើម។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA ថា សាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងទុកជាបានការ ដោយយោងលើភាពត្រឹមត្រូវនៃនីតិវិធីរបស់សាលាដំបូងក្នុងការសម្រេចបន្តឃុំខ្លួនមន្ត្រីអាដហុកទាំង៤ ដើម្បីជៀសវាងអសន្តិសុខក្នុងសង្គម។
លោកបញ្ជាក់ថា៖ «ខាងក្រុមប្រឹក្សា និងតុលាការគេពិនិត្យឃើញថាការសម្រេចរបស់តុលាការក្រុងហ្នឹង គឺស្របតាមនីតិវិធី អញ្ចឹងសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមហ្នឹងទុកជាបានការដដែល»។
សង្គមស៊ីវិល និងមន្ត្រីការពារសិទ្ធិមនុស្សលើកឡើងថា ករណីដែលតុលាការបន្តឃុំខ្លួនមន្ត្រីទាំង៥រូបដោយមិនមានហេតុផលសមរម្យ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ពួកគេបន្តថា សំណុំរឿងក្ដីរបស់មន្ត្រីអាដហុកទាំង៤រូប និងមន្ត្រីគ.ជ.ប មួយរូបទៀត គឺជារឿងនយោបាយដែលត្រូវដោះស្រាយតាមផ្លូវនយោបាយ៕