មន្ត្រីសង្គមស៊ីវិល និងអ្នកតាមឃ្លាំមើលដំណើរការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បាននិយាយថា ការជ្រើសរើសមន្ត្រីគ.ជ.ប. នេះគឺជាជំហានអវិជ្ជមានសម្រាប់កំណែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោតនេះ។
លោក កែម ឡី អ្នកវិភាគឯករាជ្យអំពីបញ្ហាសង្គម បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា អគ្គលេខាធិការម្នាក់ អគ្គលេខាធិការរង៤នាក់ ហើយនិងប្រធាន អនុប្រធាននាយកដ្ឋាន លេខាធិការដ្ឋាន ការិយាល័យ និងលេខាធិការដ្ឋានរាជធានី ខេត្ត គ.ជ.ប.សរុបចំនួន៣៥៧នាក់ទៀត ភាគច្រើនគឺជាបុគ្គលិកចាស់ ដែលកន្លងមកមិនបានបំពេញភារកិច្ចច្បាស់លាស់ ហើយរងការរិះគន់ជាច្រើនពីអ្នកបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត។
លោកនិយាយថា ការព្រមព្រៀងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ក្នុងការធ្វើកំណែទម្រង់គ.ជ.បនោះ នឹងមិនមានប្រសិទ្ធភាពទេ។
«កាលពីមុនៗហ្នឹង មនុស្សហ្នឹងសុទ្ធតែជាបក្ខជនណា៎... ប្រធានគ.ជ.ប.ខេត្ត អីហ្នឹងទាល់តែមនុស្សហ្នឹងស្នូលរបស់គណបក្សប្រជាជនណា៎ បានគេរើសយកមក ហើយយើងយកមកតែងតាំងដដែល វាមិនមានភាពឯករាជ្យទេ»។
លោកបន្តថា ការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គ.ជ.ប. ដែលធ្វើឡើងតាមកូតាគណបក្សដោយគ្មាននីតិវិធីត្រឹមត្រូវនេះ គឺមិនមានគុណភាព ហើយមិនយុត្តិធម៌សម្រាប់គណបក្សដទៃទេ។
លោកបន្តថា ការបញ្ចូលមន្ត្រីគ.ជ.ប. ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសាធារណៈ គឺជាការដាក់ចំណង បិទសិទ្ធិសេរីភាពរបស់ពួកគេក្រោមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ដែលមានលក្ខខណ្ឌគាបសង្កត់សេរីភាពផងដែរ។
«ហើយនៅក្នុងលក្ខន្តិកៈមន្ត្រីរាជការ កាលណាយើង ឃើញមេមានកំហុស ក៏យើងអត់មានសិទ្ធិយកមកនិយាយក្រៅដែរ។ អាហ្នឹងជាច្បាប់មួយដែលរឹតត្បិតសេរីភាព។ បើកាលណារឹតត្បិតសេរីភាព វាអត់មានតម្លាភាព។ វាអត់មានគុណភាពទេណា៎»។
លោក កែម ឡី មានប្រសាសន៍ដូចនេះ ស្របពេលដែលលោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំពាក្យស្ថាប័ននេះផងនោះ បាននិយាយថា អ្នករិះគន់គ.ជ.ប. មិនបានវាយតម្លៃផ្អែកទៅតាមសមិទ្ធផលដែលគ.ជ.ប. ថ្មី ធ្វើបាននោះទេ។
លោក ហង្ស ពុទ្ធា បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា គ.ជ.បថ្មីនេះ គឺជាលទ្ធផលនៃកំណែទម្រង់ហើយមិនមែនជាបដិវត្តផ្លាស់ប្ដូរទាំងស្រុងទេ។
«ហើយគ.ជ.ប នេះមិនមែនមកដល់ត្រូវរុះរើទាំងស្រុងនូវរចនាសម្ព័ន្ធចាស់ទេ។ អញ្ចឹងគ.ជ.ប នេះ ត្រូវរៀបចំរចនាសម្ព័ន្ធមួយដែលធានានូវប្រសិទ្ធភាពការងារ។ អញ្ចឹង ពីមុនមកយ៉ាងណា ការយល់ឃើញយ៉ាងណានោះ គឺជារឿងផ្នត់គំនិតចាស់»។
មួយថ្ងៃមុនការប្រកាសតែងតាំងមន្ត្រីគ.ជ.ប.កាលថ្ងៃអង្គារ លោក រស់ សារ៉ុម ប្រធានក្រុមប្រតិបត្តិបញ្ញវន្តកំណែទម្រង់សង្គម បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការតែងតាំងមន្ត្រីគ.ជ.ប នេះ មានភាពមិនប្រក្រតី និងញាតិបក្ខនិយម ហើយផ្ទុយនឹងស្មារតីកិច្ចព្រមព្រៀងកំណែទម្រង់គ.ជ.ប កាលពីថ្ងៃ២២កក្កដាឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី។
«អ្នកខ្លះ មានប្អូនទៅ អ្នកខ្លះប្រពន្ធក៏មាន អីក៏មានអញ្ចឹងទៅ។ វាពេកណា៎។ អញ្ចឹង យើងអត់ចង់ឃើញរូបភាពស្ថាបនាមួយហ្នឹង ធ្លាក់ដល់កម្រិតហ្នឹងទេបាទ។ ខ្ញុំ និយាយនេះ មិនមែនបរិហារទេ ប៉ុន្តែខ្ញុំមានឯកសារនៅក្នុងដៃ។ ហើយមួយវិញទៀត សមាគមក៏អត់ភ្លេចដែរ។ យើងបានសម្រេចរួចហើយ យើងនឹងរៀបចំនូវឯកសារបទដ្ឋានគតិយុត្តិមួយចំនួនដែលពាក់ព័ន្ធភស្តុតាងដែលពាក់ព័ន្ធ យើងនឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ»។
ក៏ប៉ុន្តែលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. ដែលមិនមែនជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិ បាននិយាយថា បើមានការដាក់ពាក្យបណ្ដឹង នោះគ.ជ.ប. នឹងឆ្លើយតបតាមផ្លូវច្បាប់វិញ។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការជ្រើសរើសបុគ្គលិកនេះមិនមានពាក់ព័ន្ធគ្រួសារ ញាតិបក្ខនិយមទេ ហើយការរិះគន់អំពីបញ្ហានេះ ផ្អែកលើពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោកឲ្យដឹងថា ក្នុងការជ្រើសរើសអ្នកការពារ ឬអ្នកបើកឡាន បុគ្គលិកគ.ជ.ប. មានសិទ្ធិជ្រើសរើសអ្នកដែលខ្លួនទុកចិត្ត ដែលមិនមានឥទ្ធិពលដល់ការបោះឆ្នោតទេ។
«ដើម្បីជ្រើសរើសជំនួយការ អ្នកការពារឬក៏អ្នកបើកឡាននោះណា៎ រឿងហ្នឹង ម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្ត ក្នុងការជ្រើសរើសដោយខ្លួនឯង។ អញ្ចឹង វាអាចមានការពាក់ព័ន្ធនឹងមនុស្សដែលខ្លួនទុកចិត្តហើយដើម្បីធ្វើការអមជាមួយខ្លួនបាទ»។
កាលពីថ្ងៃទី១៥ ខែមករា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដឹកនាំដោយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការនេះ បានសម្រេចជ្រើសរើសលោក ទេព នីថា ជាអគ្គលេខាធិការ និងជ្រើសរើសលោក ម៉ៅ សុភារិទ្ធ លោក សោម សូរីដា លោក នី ចរិយា និងលោកម៉ុក ដារ៉ា ជាអគ្គលេខាធិការរង ហើយនឹងជ្រើសរើសមន្ត្រីគ.ជ.ប. ៣៥៧រូបនោះ៕