លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងពីវិធានការក្ដៅរបស់លោក ក្នុងការបង្ក្រាបក្រុមអ្នកកាប់បំផ្លាញព្រៃឈើ ពីព្រោះលោកបានអនុញ្ញាតឲ្យលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថទូទាំងប្រទេស បើកការបង្ក្រាបក្រុមអ្នកកាប់បំផ្លាញព្រៃឈើទាំងនោះ ដោយប្រើគ្រាប់រ៉ុកកែត បាញ់ពីលើឧទ្ធម្ភាគចក្រទៅ។
ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់ក្រសួងបរិស្ថាន ស្ថិតនៅចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ឧទ្ធម្ភាគចក្រពីរគ្រឿង ដែលបំពាក់ដោយគ្រាប់រ៉ុកកែត ត្រូវបានផ្ដល់ទៅឲ្យលោក សៅ សុខារួចរាល់ហើយ ដើម្បីបើកការវាយប្រហារទៅលើក្រុមអ្នកកាប់ឈើខុសច្បាប់។
«ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង។ សៅ សុខា ដូចមិនទាន់បាញ់មួយគ្រាប់ផងទេ។ ខ្ញុំឲ្យបាញ់ បើថា វាព្រហើន រ៉ុកកែតដាក់ពីលើហ្មង។ អត់មានរញ៉េរញ៉ៃទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ២០១៦ បានជ្រើសរើសលោកនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ ឲ្យធ្វើជាប្រធានគណៈកម្មការជាតិសម្រាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។
ក្នុងការដឹកនាំគណៈកម្មការនេះ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អាចប្រើប្រាស់ឧបករណ៍យោធា រួមទាំងឧទ្ធម្ភាគចក្រពីរគ្រឿង ក្នុងចំណោមឧបករណ៍យោធាដែលបានទិញពីប្រទេសចិន។
លោក សៅ សុខា ដែលជាមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទផងដែរ បានសុំមិនធ្វើការអធិប្បាយ ទាក់ទិនការប្រើប្រាស់គ្រាប់រ៉ុកកែតនេះទេ នៅពេល VOA ទាក់ទងតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍ជាច្រើន បានបង្ហាញឲ្យឃើញថា រដ្ឋាភិបាលកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវមានកិត្តិនាមក្នុងការដើរឈានទៅមុខ ដើម្បីដោះស្រាយបញ្ហាបរិស្ថានទេ។
ដោយសារតែការអនុវត្តច្បាប់បរិស្ថាននៅកម្ពុជានៅទន់ខ្សោយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អាជ្ញាធរកម្ពុជានៅតែប្រឈមនឹងបញ្ហាកាប់ព្រៃឈើយ៉ាងរង្គាល ដែលបានបណ្ដាលឲ្យបាត់បង់តំបន់ព្រៃធម្មជាតិជាង១ម៉ឺនគីឡូម៉ែត្រការ៉េក្នុងរយៈពេល១២ឆ្នាំ។
របាយការណ៍ ដែលចេញផ្សាយដោយសាកលវិទ្យាល័យ Maryland នៃរដ្ឋ Maryland របស់សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំមុននេះ បានបញ្ជាក់ឲ្យដឹងតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធផ្កាយវិទ្យាសាស្ត្រថា ព្រៃឈើនៅប្រទេសកម្ពុជា បានបាត់បង់ប្រមាណ៧,១ភាគរយចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១២។
ក៏ប៉ុន្តែ ក្នុងការថ្លែងរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ព្រៃឈើដែលបានកាប់កាលពីពេលកន្លងមកនោះ ជាព្រៃឈើដែលមិនផ្ដល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច ហើយការកាប់ព្រៃឈើទាំងនោះ គឺធ្វើឡើងសម្រាប់ការពង្រីកផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្ម។
«បើមិនកាប់អាព្រៃល្អិតល្អោចនឹងទេ ធ្វើម៉េចដាំកៅស៊ូកើត។ ដល់អាយើងកាប់ហ្នឹងហើយ ពេលវេលាដែលគេឃោសនា វ៉ៃប្រហារ។ ប៉ិនខ្ញុំសុំសួរ ឧទាហរណ៍នៅប្រទេសម៉ាឡេស៊ី ដើម្បីឲ្យមានដូងប្រេងនិងកៅស៊ូនោះពេញដី ពីដើមដីនៅម៉ាឡេស៊ីហ្នឹងមានព្រៃអត់ ច្បាស់ជាមានហើយ។ នៅថៃ នៅឥណ្ឌូណេស៊ីស្អី គ្រប់តែប្រទេសហ្នឹង គ្រប់តែប្រទេស។ រឿងរ៉ាវវាអញ្ចឹង។ ប៉ុន្តែ ខ្ញុំមិនឯកភាពទេអារឿងកាប់បំផ្លាញព្រៃឈើ»។
ក្រៅពីការថ្លែងអំពីការបង្ក្រាបបទល្មើសព្រៃឈើ និងលះបង់ព្រៃឈើដែលមិនសូវមានប្រយោជន៍ សម្រាប់ការបង្កើនការដាំដំណាំកសិឧស្សាហកម្មនោះ លោក ហ៊ុន សែន បានឲ្យដឹងបន្ថែមថា ជម្លោះដីធ្លីនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច បានបញ្ចប់ទៅស្ទើរតែទាំងអស់ ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកយកមកវិញផ្ទៃដីជិត១លានហិកតា ពីដីសម្បទានសេដ្ឋកិច្ចទំហំសរុបជាង២លានហិកតា ដែលបានជួលទៅឲ្យក្រុមហ៊ុនឯកជន។
«ក្នុងចំនួន២លានហិកតាជាងនេះ ឥឡូវបន្សល់ទុកឲ្យបន្តវិនិយោគ តែមួយលាន ប្រាំបួនម៉ឺនហិកតាទេ។ ជិតមួយលានហិកតាទៀតបានដកហូតត្រឡប់មកវិញហើយ។ហើយក្នុងមួយលានហិកតានេះ ភាគច្រើនគឺជាដីបានដាំដុះ ដំណាំកៅស៊ូ ឬក៏ដំណាំផ្សេងៗរួចស្រេចទៅហើយ។ អញ្ចឹងអាផលប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋ វាហាក់ដូចជាសុទ្ធតែបាត់អស់ទៅហើយ។ ហើយអានៅសល់ជាងមួយលានហិកតានេះ ក៏ត្រូវទុករយៈពេលឲ្យទៀត ដោះស្រាយជាមួយប្រជាពលរដ្ឋទៀត អាមួយចំនួនអាចនឹងដកហូតត្រឡប់មកវិញ អញ្ចឹងបញ្ហាដីសម្រាប់ ជាដីសម្រាប់សង្គមកិច្ចផ្នែកគេហៅថា សម្បទានសង្គមកិច្ច ឲ្យប្រជាពលរដ្ឋខ្វះដីធ្លី វាមិនខ្វះទេ»។
របាយការណ៍កម្រាស់៨៩ទំព័រ និយាយពីការឃ្លាំមើលសកម្មភាពការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ឆ្នាំទី២ ដែលចេញផ្សាយជាសាធារណៈដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា Comfrel នៅក្នុងខែកុម្ភៈនេះ បានឲ្យដឹងនៅក្នុងការសន្និដ្ឋានមួយថា ការបញ្ឈប់ការផ្ដល់សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន គឺរដ្ឋាភិបាលធ្វើសម្រេច ដោយសារក្នុងរយៈពេលពីរឆ្នាំនៃការអនុវត្តន៍គោលនយោបាយនេះ រដ្ឋាភិបាលមិនទាន់ចេញអនុក្រឹត្យណាមួយ ផ្ដល់ដីសម្បទានទៅឲ្យក្រុមហ៊ុនណាមួយឡើយ គឺមានតែដកយកមកវិញ។
សេចក្ដីសន្និដ្ឋាននេះ ធ្វើឡើងនៅត្រង់ចំណុចទីប្រាំមួយនៃរបាយការណ៍នេះ ដែលនិយាយអំពីការបញ្ឈប់ការផ្ដល់សម្បទានដីសេដ្ឋកិច្ច។ នៅត្រង់ចំណុចនេះ របាយការណ៍ ក៏បានបញ្ជាក់ជាថ្មីទៀតថា សម្បទានដីសេដ្ឋកិច្ចជាមូលហេតុចម្បងមួយនៃវិវាទដីធ្លីនៅកម្ពុជា។
ត្រឹមឆ្នាំ ២០១៤ វិវាទដីធ្លីមានចំនួន២៧០ករណី មិនទាន់ត្រូវបានដោះស្រាយ ដែលក្នុងនោះ ២៣ករណីត្រូវបានគេចាត់បញ្ចូលក្នុងឆ្នាំ២០១៤។ របាយការណ៍ បង្ហាញឲ្យដឹងទៀតថា ៣២ភាគរយស្មើនឹង៨៦ករណី ក្នុងចំណោមវិវាទដីធ្លីចំនួន២៧០ កើតឡើងដោយសារតែការផ្ដល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។
ករណីវិវាទដីធ្លីដែលទាក់ទងនឹងសម្បទានសេដ្ឋកិច្ចប៉ះពាល់គ្រួសារចំនួន១៧,១៥០គ្រួសារ (ឬប្រមាណជា ៧៨៨៩០នាក់)។
របាយការណ៍នោះបានបញ្ជាក់ថាជារឿយៗថា គេតែងឃើញសកម្មជនទាមទារសិទ្ធិ ដីធ្លី អ្នករងគ្រោះដោយវិបត្តិដីធ្លី តែងតែស្រែកទាមទារ និងទ្រហោយំ ឥតឈប់ឈរ ដោយសារតែបញ្ហារបស់ពួកគេមិនត្រូវបានដោះស្រាយ ឬដោះស្រាយដោយប្រាសចាកគោលការណ៍យុត្តិធម៌។
ការដោះស្រាយបណ្ដឹងដែលមិនទទួលបានយុត្តិធម៌ពីសំណាក់ប្រព័ន្ធតុលាការ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើឲ្យវិបត្តិដីធ្លីចេះតែកើនឡើង និងរីករាលដាល អូសបន្លាយ និងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងៗ។ នេះបើយោងតាមរបាយការណ៍ដដែល៕