ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ប្រតិកម្ម​តបត​ជុំវិញ​រឿង​ដំឡើង​ឋានន្តរសក្ដិ​មន្ត្រី​ប៉ូលិស


រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Anders Ygeman រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ស៊ុយអ៊ែត នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Anders Ygeman រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ស៊ុយអ៊ែត នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។

លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​មតិ​រិះគន់​ឥត​សំចៃ​មាត់​របស់​អង្គការ​សង្គម​ស៊ីវិល​ អ្នក​វិភាគ​នៅ​កម្ពុជា ​និង​សាធារណជន​ដែល​ថា​ ការ​ដំឡើង​បុណ្យស័ក្ដិ​នេះ ​ធ្វើ​ឡើង​ភាគច្រើន​សម្រាប់​តែ​មន្ត្រី ​ដែល​ការពារ​រាជ​រដ្ឋាភិបាល។

មន្ត្រី​សង្គម​ស៊ីវិល​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ប្រតិកម្ម​របស់​លោក ​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដោយ​និយាយ​ថា ​ប្រតិកម្ម​របស់​លោក​រដ្ឋមន្ត្រី​រូប​នេះ កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា​ រដ្ឋាភិបាល​ហាក់​ដូចជា​ មិន​មាន​សុឆន្ទៈ​ក្នុង​ការ​ទទួល​យក​ការ​រិះគន់​ស្ថាបនា​ពី​សង្គម​ស៊ីវិល។

លោក កែម ឡី ​អ្នក​វិភាគ​ឯករាជ្យ​អំពី​បញ្ហា​សង្គម​ បាន​រំឭក​ប្រាប់​ VOA ​ថា​ការ​ដំឡើង​ឋានន្តរសក្ដិ​មន្ត្រី​ប៉ូលិស​ និង​យោធា​ច្រើន​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ​និង​កិត្តិយស​នៃ​ឋានន្តរសក្ដិ​មន្ត្រី​នគរបាល​ និង​យោធា​ទាំង​មូល ​ដូច​កាល​ពី​អំឡុង​ពេល​ធ្វើ​សមាហរណកម្ម​កាលពី​ឆ្នាំ១៩៩៣​ ដែល​ក្រោយ​មក​មាន​ការ​ទម្លាក់​សក្ដិ​មន្ត្រី​ប៉ូលិស ​និង​យោធា​មក​វិញ ដោយសារ​ចំនួន​នាយ​ទាហាន​ជាន់​ខ្ពស់​មាន​ច្រើន​ជាង​កូន​ទាហាន។

លោក​បន្ថែម​ថា​ ការ​តែងតាំង​ដោយ​បក្ខពួក​និយម​ មិន​គិត​ពី​អតីត​ភាព​ការងារ​ ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​ការងារ​ និង​បាក់​ទឹក​ចិត្ត។

«ម៉្យាង​វិញ​ទៀត ​ការ​តែង​តាំង​បក្ខ​ពួក​និយម​ច្រើន​ជាង។ អ្នក​ខ្លះ​ធ្វើ​ការ​ម្ភៃ សាមសិប​ឆ្នាំ​ បាន​តែ​ត្រឹម​សក្ដិបី សក្ដិបួន ហើយ​អ្នក​ខ្លះ​ទៀត ​ឲ្យតែ​កូន​អ្នក​ធំ​ ជួន​កាល​ឡើង​ផ្កាយ»។

ក្រោយ​ពី​ធ្វើ​ជា​អធិបតី​នៃ​មហា​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​នៅ​ក្រសួង​មហាផ្ទៃ​ លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​មតិ​រិះគន់​ឥត​សំចៃ​មាត់​របស់​អង្គការ​សង្គម​ស៊ីវិល​ អ្នក​វិភាគ​នៅ​កម្ពុជា ​និង​សាធារណជន​ដែល​ថា​ ការ​ដំឡើង​បុណ្យស័ក្ដិ​នេះ ​ធ្វើ​ឡើង​ភាគច្រើន​សម្រាប់​តែ​មន្ត្រី ​ដែល​ការពារ​រាជ​រដ្ឋាភិបាល។

«អស់​លោក ​មាន​យោបល់​ជា​សិទ្ធិ​សេរីភាព​របស់​អស់​លោក​ទេ ​ប៉ុន្តែ ​លោក​ត្រូវ​មើល​ថា ​គេ​ធ្វើ​ការ​បាន​អី​ខ្លះ? កុំ​មើល​ឃើញ​តែ​ខ្មៅ​ពេក សុខ​សន្តិភាព​ប៉ុណ្ណេះ​មិនមែន​ជា​រឿង​សាមញ្ញ​ទេ»។

លោក​ ស ខេង ​បាន​និយាយ​ការពារ​ការ​ដំឡើង​ឋានន្តរសក្ដិ​នេះ ​ដោយ​និយាយ​ថា ការ​ដំឡើង​ស័ក្ដិ​នេះ​ជា​រឿង​យុត្តិ​ធម៌ ​ព្រោះ​សុទ្ធតែ​ជា​អ្នក​មាន​ស្នាដៃ ​ហើយ​មន្ត្រី​មួយ​ចំនួន​ ជិត​ចូល​និវត្តន៍​ទៅ​ហើយ​ ហើយ​មិន​ប៉ះពាល់​សេដ្ឋកិច្ច​ និង​កិត្តិយស​នៃ​ឋានន្តរសក្ដិ​ទេ។

រូបឯកសារ៖ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​សង្គមឯករាជ្យ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​សាធារណៈនេះ ​កំពុង​ពិភាក្សា​លើ​ប្រ​ធាន​បទអំពី​ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អនុ​តំបន់ទន្លេ​មេគង្គ។ (រូបថត៖ នូវ ពៅលក្ខិណា/VOA)​
រូបឯកសារ៖ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​សង្គមឯករាជ្យ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​សាធារណៈនេះ ​កំពុង​ពិភាក្សា​លើ​ប្រ​ធាន​បទអំពី​ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អនុ​តំបន់ទន្លេ​មេគង្គ។ (រូបថត៖ នូវ ពៅលក្ខិណា/VOA)​

«អស់លោក​មួយ​ចំនួន​ជិត​ចូល​និវត្តន៍​ទៅ​ហើយ មួយ​ឆ្នាំ​ពីរ​ចូល​និវត្តន៍​អស់​ទៅ​ហើយ ហើយ​គ្នា​ធ្វើការ​កន្លះ​ជីវិត​ទៅ​ហើយ។ គ្រាន់តែ​បាន​ផ្កាយ​ប៉ុណ្ណឹង​ ច្រណែន​ អា​ហ្នឹង​ខ្ញុំ​ថា ដូចជា​មិន​មាន​ការ​សមរម្យ​ប៉ុន្មាន​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​ កែម ឡី​ អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ដែល​បាន​រិះគន់​ការ​តែង​តាំង​នោះ​ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ប្រតិកម្ម​លោក ស ខេង ដែល​វាយបក​មក​លើ​ការ​រិះគន់​របស់​សង្គម​ស៊ីវិល។

«រឿង​ច្រណែន​ មិនមែន​រឿង​ច្រណែន​ទេ។ គេ​មិន​ទៅ​ចង់​ធ្វើ​ការងារ​រដ្ឋ​ហ្នឹង​ទេ។ គេ​ធ្វើ​ការងារ​សង្គម​ស៊ីវិល ​ធ្វើ​ការងារ​សិទ្ធិមនុស្ស ​ឬ​ធ្វើ​ការងារ​រឿង​រក​ស៊ី​ទៅ​ណា៎។ ប៉ុន្តែ​គ្រាន់​តែ​ថា យើង​ធ្វើ​ការងារ​រដ្ឋ វា​តំណាង​ឲ្យ​រដ្ឋ។ អញ្ចឹង​តំណាង​ខ្លួន​គេ​ផង ​តំណាង​ឲ្យ​ប្រជាជន​ផង។​ អញ្ចឹង​ គេ​ត្រូវ​មាន​សិទ្ធិ​ធ្វើ​ការ​រិះគន់​ហើយ។ វា មិន​មែន​រឿង​ច្រណែន​ទេ ​ហើយ​យើង​ធ្វើ​ការងារ​អនុវត្ត។ វា​តែង​មាន​ខុស​ មាន​ត្រូវ​ណា៎ បាទ»។

លោក​បន្ថែម​ថា ប្រតិកម្ម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ធ្វើ​ឲ្យ​លោក​ខកចិត្ត។

លោក​បន្ត​ថា ​ការ​ដំឡើង​ឋានន្តរសក្ដិ​ខ្ពស់​ពេក​ហួស​ពី​សមត្ថភាព ​នឹង​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ឋានន្តរសក្ដិ​ ជាពិសេស​ពេល​មន្ត្រី​ឧត្ដមសេនីយ៍ខ្មែរ ជួប​សម​ភាគី​មក​ពី​ប្រទេស​ផ្សេង មាន​សក្ដិ​ទាប តែ​មាន​សមត្ថភាព​ខ្ពស់។

កាលពី​ថ្ងៃ​១៩ ​ខែ​កុម្ភៈ ​ព្រះ​មហាក្សត្រ​ព្រះ​បរម​នាថ​ នរោត្តម សីហមុនី ​បាន​ប្រោស​ព្រះរាជទាន​ ត្រាស់​បង្គាប់​ការ​ដំឡើង​ឋានន្តរសក្ដិ ​នាយ​ឧត្ដមសេនីយ៍​ចំនួន​៦រូប ​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួង​មហា​ផ្ទៃ។

មន្ត្រី​ទាំង​៦រូប​ ដែល​ទទួល​បាន​ការ​ដំឡើង​ឋានន្តរសក្ដិ​ផ្កាយ​បួន​នោះ មាន​លោក ​មាស វិរិទ្ធ ​លោក​ សួស អង្គារ៍ ​ លោក​ ជួន សុវណ្ណ ​ លោក គៀត ច័ន្ទ​ថា​រិទ្ធ លោក​ ថោង លីម និង​លោក ឆៃ ស៊ីណា​រិទ្ធ។​

VOA ​ បាន​ព្យាយាម​ទាក់​ទង​លោក​ ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ និង​លោក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នៅ​ព្រហស្បតិ៍​នេះ ​និង​កាល​ពី​ថ្ងៃ​ពុធ។

នៅ​មុន​ការ​ដំឡើង​ឋានន្តរសក្ដិ​នាយ​ឧត្ដមសេនីយ៍​ទាំងនេះ ​ក៏​មាន​ការ​តែងតាំង​មន្ត្រី​នគរបាល​ថ្នាក់​ទាប​ជាច្រើន​រូប​ផង​ដែរ ក្នុងអំឡុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៦​របស់​ក្រសួង​មហាផ្ទៃ​នោះ៕

XS
SM
MD
LG