ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​និង​កូដករណាហ្គាវើលដ៍ថា ការ​ចាប់​បញ្ជូន​កូដករ​ទៅ​ធ្វើ​ចត្តាឡីស័ក​ជា​សកម្មភាព​អមនុស្សធម៌ផ្ទុយ​នឹង​ច្បាប់


រូប​ឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នា​​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នា​​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

សង្គម​ស៊ីវិល​និង​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ប្រតិកម្ម​ថា​ ការ​ចាប់​បញ្ជូន​កូដករ​ទៅ​ធ្វើ​ចត្តាឡីស័ក​និង​តម្រូវ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ដើម្បី​អាច​ត្រឡប់​ទៅផ្ទះ​និង​ទៅ​កន្លែង​ព្យាបាល​ជំងឺ​កូវីដ​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​គំរាម​កំហែងកូដករ​ដែល​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ដោយ​សន្តិវិធី​និង​ជា​សកម្មភាព​អមនុស្សធម៌​ផ្ទុយ​នឹង​ច្បាប់។​

កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ អាជ្ញាធរ​មាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​បង្ខំ​ឱ្យ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​៦៤​នាក់ដែល​មាន​ស្រ្តី​ចំនួន​៥៦​នាក់​និង​បុរស​ចំនួន​៨​នាក់ចូល​ក្នុង​រថយន្ត​ក្រុង​និង​បាន​នាំ​ពួក​គេ​ទៅ​កាន់​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ជំងឺ​កូវីដ១៩​មួយ​ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅរាជធានី​ភ្នំពេញ​បន្ទាប់​ពី​កូដករ​ទាំង​នោះ​ចាប់​ផ្តើម​បន្ត​ធ្វើ​កូដកម្មនៅ​ក្បែរ​អគារ​ណាហ្គាវើលដ៍​សា​ជា​ថ្មី។​

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​កញ្ញា​ ម៉ម សុវឌ្ឍិន​ ប្រាប់ VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អាជ្ញាធរ​បាន​ចាប់​កូដករ​ដោយ​បង្ខំ​ដោយ​មាន​ទាំង​ការ​ប្រើ​ហិង្សា​បញ្ជូន​ចូល​ក្នុង​ឡាន​ក្រុង​យក​ទៅ​មណ្ឌល​ចត្តាឡីស័កបើ​ទោះបី​ជា​កូដករ​អនុវត្ត​តាម​វិធាន​សុខាភិបាល​និង​បាន​ធ្វើ​តេស្ត​ជា​ច្រើន​ដង​ទាំង​តេស្ត​រហ័ស ​និង​តេស្ត​ម៉ាស៊ីន PCR។​

កញ្ញា​ថា​ ក្នុង​ចំណោម​កូដករ​ទាំង​៦៤​នាក់​មាន​ពីរ​នាក់​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ១៩​ហើយ​អាជ្ញាធរ​បាន​បង្ខំ​កូដករ​ទាំងអស់​ធ្វើ​កិច្ច​សន្យា​ដើម្បី​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ចំណែក​កូដករ​ពីរ​នាក់​ដែល​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩​នោះ​ក៏​ត្រូវ​ធ្វើ​កិច្ច​សន្យា​ផង​ដែរ​មុន​បញ្ជូន​ទៅ​កន្លែង​ព្យាបាល។​

បើ​តាម​កញ្ញា ​ម៉ម សុវឌ្ឍិន ​ការ​ចាប់​បញ្ជូន​កូដករ​ទៅ​ធ្វើ​ចត្តាឡីស័ក​និង​បង្ខំ​ធ្វើ​ឱ្យ​កិច្ច​សន្យា​នេះ​គឺ​ជា​ការ​គំរាម​កំហែង​និង​ធ្វើ​ទុក្ខ​បុកម្នេញ​បន្ថែម​ទៀត​លើ​កូដករ​ដែល​ទាមទារ​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ​ជា​មួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

កញ្ញា​បញ្ជាក់​ថា៖ «វា​ជា​ចេតនា​មួយ​ដើម្បី​បំបែក​សំឡេង​និង​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ពួក​ខ្ញុំ​ដែល​ជា​កូដករ​ធ្វើ​ដោយ​អហិង្សា​ដើម្បី​តែ​ទាមទារ​ឆ្នាំង​បាយ។​រឿង​ឆ្នាំង​បាយ ​រឿង​ការងារ​ តែ​ត្រូវ​មក​មាន​ការ​ចាប់​ការ​មាន​អី​អ៊ីចឹង។ ​ហើយ​យក​លេស​របស់​ក្រសួង​សុខាភិបាល​មក​ធ្វើ​តែ​ចំពោះ​ពួកខ្ញុំ​ជា​កូដករ»។​

រូប​ឯកសារ៖ ក្រុម​កូដករ​នៅក្រុមហ៊ុនណាហ្គាវើលដ៍​មក​ធ្វើជាសាក្សី​នៃការ​ចូលទៅបំភ្លឺរបស់​កូដករ​ជាស្ត្រីបួន​រូប​ នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​បំពាន​វិធាន​ការ​ទប់ស្កាត់ជំងឺកូវីដ​១៩។ (មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​សង់​ត្រាល់)
រូប​ឯកសារ៖ ក្រុម​កូដករ​នៅក្រុមហ៊ុនណាហ្គាវើលដ៍​មក​ធ្វើជាសាក្សី​នៃការ​ចូលទៅបំភ្លឺរបស់​កូដករ​ជាស្ត្រីបួន​រូប​ នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​បំពាន​វិធាន​ការ​ទប់ស្កាត់ជំងឺកូវីដ​១៩។ (មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​សង់​ត្រាល់)

កិច្ច​សន្យា​ដែល​អាជ្ញាធរ​តម្រូវ​ឱ្យ​កូដករ​ធ្វើ​ដើម្បី​អាច​ត្រឡប់​ទៅផ្ទះ​និង​ទៅ​កន្លែង​ព្យាបាល​នោះ​បញ្ជាក់​ថា៖ ​«១ សូម​បន្ត​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​និង​មិន​ឱ្យ​ខុស​ទៀត​នោះ​ទេ។​២ ​បញ្ឈប់​រាល់​សកម្មភាព​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់។​ ៣​ ក្នុង​ករណី​រឹង​រូស​មិន​រាង​ចាល​ នៅ​តែ​បន្ត​សកម្មភាព​ខុស​ច្បាប់​ទៀត​នោះ​ សូម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង»។​ នេះ​បើតាម​កិច្ច​សន្យា​ដែល ​VOA​ បាន​ទទួល​ពី​កូដករ។​

កូដករ​ម្នាក់​ទៀត​ដែល​កំពុង​ស្ថិត​នៅ​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​ក្រោយ​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ១៩​អំឡុង​ការ​ចាប់​បញ្ជូន​ទៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​គឺ​កញ្ញា ​ជឹម រដ្ឋា ​លើក​ឡើង​ថា​កូដករ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ចូល​ក្នុង​រថយន្ត​ក្រុង​ដោយ​មាន​ទាំង​ការ​ប្រើ​ហិង្សា​ផង​ដែរ។

កញ្ញា​បន្ថែម​ថា​សម្រាប់​កូដករ​ដែល​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ១៩​ដូច​ជា​កញ្ញា​ក៏​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ធ្វើ​កិច្ច​សន្យា​មុន​ពេល​អនុញ្ញាត​ឱ្យ​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ដើម្បី​ទៅ​ព្យាបាល​ជំងឺ។​កញ្ញា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ «ទាំង​ដែល​កូដករ​គាត់​តេស្ត​ឃើញ​វិជ្ជមាន​ហើយ​អាជ្ញាធរ​នៅ​តែ​បង្ខំ​ឱ្យ​គាត់​ហ្នឹង​សរសេរ​កិច្ច​សន្យា​សិន​ដែល​បិទ​សិទ្ធិ​បិទ​សេរីភាព​អត់​ឱ្យ​យើង​បាន​ធ្វើ​កូដកម្ម​បន្ត​ទៀត​ដែល​កិច្ច​សន្យា​នេះ​គឺ​ខុស​ច្បាប់​មែន​ទែន​ហើយ​ចោទ​ពួក​យើង​ដែល​ជា​កូដករ​នេះ​ថា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​ទៀត។​ឃើញ​ថា ​អត់​ដឹង​ថា​វា​ជា​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ផ្ទុក​ជំងឺ​ឬ​ក៏​មាន​ចេតនា​អី​ផ្សេង​ដែល​បង្កប់​ក្នុង​ហ្នឹង»។​

កូដករ​ណាហ្គាវើលដ៍​រាប់​រយ​នាក់​បាន​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី​ទៀត​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០២១​ មក​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​ការងារ​និង​យក​បុគ្គលិក​ជិត​មួយ​ពាន់​នាក់​ចូល​ធ្វើ​ការ​វិញ​ ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។​

ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​ថ្មី​អូមីក្រុង​ចាប់​ពី​ដើម​ខែ​កុម្ភៈ​មក​ កូដករ​ ក្រុមហ៊ុន​ណាហា្គវើលដ៍​ក៏​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​ការ​ជួប​ជុំ​បន្ថែម​ទៀត​ដោយ​តម្រូវ​ឱ្យ​ពួកគេ​ធ្វើ​តេស្ត​និង​ធ្វើ​ចត្តាឡីស័ក​នៅ​ពេល​កូដករ​មួយ​ចំនួន​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ១៩​ចំណែក​កូដករ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ត្រូវ​ចោទ​ថា​បាន​រារាំង​ការ​អនុវត្ត​វិធានការ​របស់​អាជ្ញាធរ​សុខាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​គឺ​លោក​ ឃុន ថារ៉ូ ​យល់​ថា​ ការ​បង្ខំ​ឱ្យ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ធ្វើ​កិច្ច​សន្យា​ផ្សេងៗ​នោះ​គឺ​ជា​សកម្មភាព​ដែល​ផ្ទុយ​នឹង​ច្បាប់។​

លោក​លើក​ឡើង​ថា៖​ «ទម្រង់​ដែល​មាន​ការ​ចាប់​ពួក​គាត់​ការ​ប្រើប្រាស់​នូវ​កម្លាំង​ហិង្សា​ ដោយ​មាន​ការ​ធាក់ ទាញ​អូស​ពួកគាត់​ បង្ខំ​ឱ្យ​ពួកគាត់​ចូល​ទៅ​ក្នុង​ឡាន​ក្រុង​ដើម្បី​ដឹក​ពួក​គាត់​យក​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​នេះ​ខ្ញុំ​គិត​ថា​ គឺ​ជា​ទម្រង់​អមនុស្សធម៌​ ហើយ​វា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​របស់​ពួក​គាត់​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី»។​

លោក ​ឃុន ថារ៉ូ​ ប្រាប់​វីអូអេ​បន្ថែម​ថា​ ការ​ចាប់​បង្ខំ ​ ការ​ដាក់​សម្ពាធ​ ការ​ចោទ​ប្រកាន់​ ការ​កាត់​ទោស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​មិនមែន​ជា​មធ្យោបាយ​ក្នុង​ការ​បិទ​បញ្ចប់​វិវាទ​នោះ​ទេ។​

«វិវាទ​ការងារ​គឺ​ទាមទារ​ឱ្យ​មាន​ការ​ចរចា​ការ​ធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ជាពិសេស​គឺ​ក្រសួង​ការងារ​ត្រូវ​ដើរ​តួ​អព្យាក្រឹត​នៅ​កណ្តាល​ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ដើម្បី​បញ្ចប់​វិវាទ។​ អាហ្នឹង​បាន​អាច​បញ្ចប់​បាន»។​

លោក ​ម៉េត មាសភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់ ​VOA ​ទេ។ ​លោក​គ្រាន់​តែ​ផ្ញើ​សេចក្តី​ជូន​ដំណឹង​ដែល​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

ក្នុង​លិខិត​ស្តីពី​«ការ​អនុវត្ត​វិធាន​សុខាភិបាល​លើ​ក្រុម​បាតុករ​ដែល​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចេញ​នៅ​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ ​ឆ្នាំ​២០២២»​ សាលា​រាជធានី​បាន​ហៅ​ការ​ប្រមូល​ផ្តុំ​របស់​កូដករ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​ថា​ជា​ការ​ប្រមូល​ផ្តុំ​ខុស​ច្បាប់។​

លិខិត​នោះ​បន្ថែម​ថា​ នៅ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ឆ្នាំ​២០២២​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​អំពី​ការ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ជួប​ជុំ​ដែល​សាលា​រាជធានី​ហៅ​ថា​ជា​ «បាតុកម្ម​ខុសច្បាប់»​និង​តម្រូវ​ឱ្យ​កូដករ​ទាំង​អស់​ទៅ​យក​សំណាក ធ្វើ​ចត្តាឡីស័ក​និង​អនុវត្ត​វិធាន​សុខាភិបាល​ព្រម​ទាំង​ណែនាំ​ឱ្យ​ទៅ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

លិខិត​ដដែល​នោះ​បន្ថែម​ថា​នៅ​ថ្ងៃទី​២១​ខែ​កុម្ភៈ ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​មិន​ចូល​រួម​អនុវត្ត​និង​នៅ​បន្ត​ប្រមូល​ផ្តុំ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​សាធារណៈ​កក​ស្ទះ​ចរាចរណ៍​ពិសេស​អាច​បង្ក​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។​

លិខិត​របស់​សាលា​រាជធានី​បាន​សង្កត់​ធ្ងន់​តាម​ន័យ​ដើម​ថា៖​«រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បាន​អញ្ជើញ​ក្រុម​បាតុករ​ដែល​បាន​មក​ប្រមូល​ផ្តុំ​ចំនួន​៦៤​នាក់​ទៅ​មជ្ឈ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ផ្ទៀង​ផ្ទាត់​ពិនិត្យ​រក​ឈ្មោះ​បាតុករ​ដែល​មិន​ទាន់​បាន​យក​សំណាក​លើក​ទី​២​ឱ្យ​ទៅ​បន្ត​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩​និង​ណែនាំ​ដល់​បាតុករដែល​បាន​ប៉ះពាល់​គ្នា​ធ្វើ​តេស្ត​ជា​បន្ទាន់​តាម​វិធាន​សុខាភិបាល»។​

សំណុំ​រឿង​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិធាន​ការ​មិន​ស៊ី​គ្នា​រវាង​ពលរដ្ឋ​សាមញ្ញ​និង​ក្រុម​កូដករ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩។​ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យ៉ាង​ហោចណាស់​៨​នាក់​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចរចា​ដោយ​ស្មើភាព​និង​តម្លាភាព​ឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ៕​

XS
SM
MD
LG