សេចក្តីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ត្រូវបានចែករំលែកជាសាធារណៈកាលពីថ្ងៃអង្គារ ដែលនាំឲ្យមានប្រតិកម្មកើតឡើងជាបន្តបន្ទាប់ថា ច្បាប់នេះនឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគ្រប់គ្រងអំណាចបន្ថែមទៀតរបស់គណបក្សកាន់អំណាចលើប្រជាពលរដ្ឋ។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តជាប្រញាប់ដោយគណៈរដ្ឋមន្រ្តី ដោយមិនរង់ចាំការពិភាក្សាច្រើន ហើយនឹងត្រូវបញ្ជូនទៅដល់រដ្ឋសភា និងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដើម្បីពិនិត្យពិភាក្សា។ សេចក្តីព្រាងច្បាប់នេះ មិនត្រូវបានដាក់ឲ្យមានការពិភាក្សាក្នុងពីអង្គការសង្គមស៊ីវិល និងសាធារណជនដើម្បីចូលរួមផ្តល់យោបល់នោះទេ។
ការរៀបចំច្បាប់ថ្មីជាបន្ទាន់នេះកើតឡើង នៅចំពេលដែលកម្ពុជានិងបណ្ដាប្រជាជាតិនានាទូទាំងពិភពលោកកំពុងតែប្រឈមនឹងការឆ្លងរាលដាលនៃមេរោគ COVID-19 ហើយលោកហ៊ុនសែនលើកឡើងថា រដ្ឋាភិបាលរបស់លោកខ្វះឧបករណ៍ផ្លូវច្បាប់ ដើម្បីអនុវត្តមាត្រា២២នៃរដ្ឋធម្មនុញ្ញស្ដីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងករណីដែលមានព្រឹត្តិការណ៍ធ្ងន់ធ្ងរណាមួយ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមានប្រសាសន៍ថា វាជារឿងធម្មតា ដែលប្រទេសមួយត្រូវមានខ្លឹមសារច្បាប់ទាក់ទងនឹងការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ ប៉ុន្តែលោកបានកត់សម្គាល់អំពីការរៀបចំផ្ដាច់មុខរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការតាក់តែងខ្លឹមសារច្បាប់នេះ ដោយខ្វះការចូលរួមមតិពីសង្គមស៊ីវិល និងសាធារណជន។
«ដើម្បីធានាថា ច្បាប់នេះវាមិនមែនប្រើប្រាស់តែសម្រាប់ករណី COVID-19 ណា៎ អ៊ីចឹងយើងនៅតែយល់ថា ភាពចាំបាច់នៃការពិគ្រោះយោបល់គឺគួរតែកើតមានច្រើនហើយម្យ៉ាងទៀតនៅពេលដែលវេលានេះ អាណត្តិនេះ គឺជាអាណត្តិកម្ពុជាមានសភាឯកបក្សទៅទៀត អ៊ីចឹងគេហៅថា យើងនៅតែប្រមើមើលឃើញអំពីការបារម្ភច្រើននៃការអនុវត្តច្បាប់នេះ បើសិនជាវាខ្វះការពិគ្រោះយោបល់»។
បើតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះមហាក្សត្រ អមជាមួយមតិឯកភាពពីនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ប៉ុន្តែបើតាមសេចក្តីព្រាងច្បាប់នេះ«ការប្រកាសដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ»តែប៉ុណ្ណោះ។
ជាធម្មតា នៅពេលព្រះមហាក្សត្រអវត្តមានក្នុងប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាអនុប្រធានរបស់គណបក្សប្រជាជនកម្ពុជាជាប្រមុខរដ្ឋស្តីទីជំនួស។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឱ្យដឹងថា រដ្ឋសភាអាចនឹងបន្តនីតិវិធីក្នុងរយៈពេលពីរទៅបីថ្ងៃនៅដំណាក់កាលគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមុននឹងដាក់ជូនសម័យប្រជុំពេញអង្គពិនិត្យអនុម័ត។ លោកមិនរំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងអាចឆ្លងផុតរដ្ឋសភាទាន់ក្នុងសប្ដាហ៍នេះទេ។
សេចក្ដីព្រាងច្បាប់នេះត្រូវគេរំពឹងថា នឹងត្រូវអនុម័តដោយងាយស្រួល និងគ្មានឧបសគ្គដោយសាររដ្ឋសភានិងព្រឹទ្ធសភា ត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បើតាមសេចក្តីព្រាងច្បាប់នេះ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍គ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ សេចក្តីព្រាងច្បាប់នេះក៏អាចផ្ដល់អំណាចពេញទីឲ្យរដ្ឋាភិបាល ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដោយរបបអាជ្ញាសឹក ក្នុងករណីចាំបាច់។
លោក Phil Robertson នាយករងផ្នែកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លើកឡើងថា ការតាក់តែងច្បាប់នេះ បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន«មិនទាន់ពេញចិត្តពេញថ្លើមនឹងការគ្រប់គ្រងទាំងស្រុង[របស់លោក]» ទៅលើគ្រប់ស្ថាប័ននយោបាយកំពូលៗរបស់ជាតិនៅឡើយ។
លោកបានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖ «ក្រឹត្យច្បាប់នេះ គឺជាការវាយប្រហារបង្ហើយជីវិតរបបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ពីព្រោះវាជាសញ្ញានៃការបញ្ចប់ទាំងស្រុងនិងជាចុងក្រោយលើរាល់បណ្ដាសេរីភាពផ្នែកពលរដ្ឋនិងសេរីភាពនយោបាយដែលនៅសេសសល់»។
ច្បាប់នេះក៏នឹងអនុញ្ញាតឲ្យមានការដាក់ទោសធ្ងន់ទៅដល់ ១០ឆ្នាំ ចំពោះជនណាដែលរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន កាលបើអំពើនេះនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
កន្លងទៅ រដ្ឋាភិបាលបានប្រើប្រាស់ការចោទប្រកាន់លើគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលថា«បានបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ»និងបានលើកឡើងជារឿយៗ អំពីការលូកដៃរបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលរស់នៅប្រទេសបារាំង បានលើកឡើងថា ជំនួសការប្រើប្រាស់ធនធានតាក់តែងច្បាប់នេះ រដ្ឋាភិបាលរបស់លោកហ៊ុន សែនគួរតែផ្ដោតជាអាទិភាពលើចំណុចចំនួនពីរគឺទីមួយការពារពលរដ្ឋពីការឆ្លងជំងឺ និងទីពីរជួយទ្រទ្រង់សេដ្ឋកិច្ច និងមុខរបររបស់ពលរដ្ឋ។
លោកបានថ្លែងប្រាប់ VOA កាលពីថ្ងៃអង្គារថា៖ «របបលោក ហ៊ុន សែន នេះគឺអាចយកជំងឺ COVID នេះ ដើម្បីមកគាបសង្កត់ប្រជាពលរដ្ឋទៅវិញទេ មិនដោះស្រាយ អាទិភាពចម្បងទាំងពីរដែលខ្ញុំរៀបរាប់ពីខាងលើអម្បាញ់មិញនេះ គឺមើលរំលង តែបែរមកចាត់វិធានការរឿងនយោបាយរឿងចាប់ចង រឿងបំបិទសិទ្ធិ បំបិទមាត់ប្រជាពលរដ្ឋទៅវិញ»។
បើតាមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលអាចហាមឃាត់ ឬដាក់កំហិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាការដើរហើរ ការជួបជុំប្រមូលផ្ដុំ ការប្រកបមុខរបរការចែកចាយព័ត៌មានដែលបង្ក«ចលាចលឬដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ»និងបើកសិទ្ធិអំណាចឱ្យរដ្ឋាភិបាលតាមដានឃ្លាំមើល«ប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព»។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចោទសួរអំពីភាពចាំបាច់ក្នុងពេលបច្ចុប្បន្ននេះ ដែលត្រូវចែងលម្អិតអំពីវិធានការជាក់ស្ដែង ឈានទៅដល់ករណីអាសន្នផ្សេងៗទៀត។
«វាអត់ទាន់ទាមទារឱ្យមានដាក់អ្វីនៅក្នុងហ្នឹងតាំងពីបិទសិទ្ធិសេរីភាព។ រឿងហាមនេះហាមនោះ អាហ្នឹងវាមិនចាំបាច់ដាក់ទៅក្នុងហ្នឹងធ្វើអ្វី?វារកកន្លែងចាំបាច់មិនទាន់ឃើញ។ តើធ្វើក្នុងគោលបំណងអ្វី អាហ្នឹងហ្អា?»
អតីតមេដឹកនាំសង្គមស៊ីវិលដែលក្លាយជាអ្នកនយោបាយរូបនេះ លើកឡើងថា ការហាមឃាត់ឬវិធានការលម្អិត គួរតែត្រូវដាក់ក្នុងព្រះរាជក្រឹត្យដែលប្រកាសភាពអាសន្នក្នុងសភាពជាក់ស្ដែង មិនមែនដាក់ក្នុងច្បាប់ជារួមទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា កុំឲ្យមានការព្រួយបារម្ភអំពីច្បាប់នេះ ដោយលោកថា កម្ពុជាមិនមែនជាប្រទេសតែមួយដែលមានច្បាប់នេះក្នុងការដោះស្រាយបញ្ហាជាបន្ទាន់នោះទេ។
កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានថ្លែងការពារថាច្បាប់នេះមិនមែនធ្វើឡើង ដើម្បីបំបិទមាត់ក្រុមប្រឆាំងនោះទេ គឺធ្វើឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលលោកសំដៅលើការទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណានៅកម្ពុជា។ លោកបន្តថា បើទោះជាមានច្បាប់នេះ ក៏មិនមែនមានន័យថា នឹងមានការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដែរ៕
រាយការណ៍បន្ថែមដោយលោក សុខ ខេមរា