លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ ព្រមានថា លោកកំពុងសិក្សាលទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកថា ធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូរ៉ូណា នៅពេលប្រជាជនមិនស្តាប់តាមការអំពាវនាវរបស់រដ្ឋាភិបាល។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ដែលនឹងចេញទៅជួយព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា ដែលកម្ពុជាមានករណីឆ្លងសរុបទៅដល់ជាង ៩០។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានសាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវខ្ញុំ គ្មានប្រសិទ្ធិភាព»។
លោកបានថ្លែងបែបនេះ ភ្លាមៗក្រោយលោកប្រតិកម្មទៅនឹងការដំឡើងថ្លៃម៉ាសនៅលើទីផ្សារ ខណៈតម្រូវមានកាន់តែច្រើន ហើយអ្នកលក់ទាំងនោះ មិនស្តាប់តាមការអំពាវនាវរបស់រដ្ឋាភិបាល។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ហើយខ្ញុំនឹងឈានទៅដល់ការរឹបអូសម៉ាសពីហាងទាំងអស់។ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់។ បើអ្នកឯងនៅតែបន្តឡើងថ្លៃ។ ទៅរឹបអូសយកតែម្តង ដាក់បញ្ជារឹបអូសយកតែម្តង។ កុំឲ្យវារកស៊ីតទៀត ហើយបិទឱសថស្ថានហ្នឹងចោលតែម្តង»។
មាត្រា២២ នៃរដ្ឋធម្មនុញ្ញ ចែងថា៖ «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
លោក ហ៊ុន សែន បន្តថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបាន ទាល់តែមានច្បាប់ដាច់ដោយឡែកមួយទៀត ដែលលោកថាកំពុងតែសិក្សា។ ជាមួយគ្នានេះផងដែរ លោក ហ៊ុន សែន ក៏បានព្រមានថា កុំឲ្យមានការវិភាគថា លោកឆ្លៀតប្រើប្រាស់មាត្រានេះ ដើម្បីបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ៕