ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​និង​សាច់ញាតិ​ស្នើឱ្យ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ករណី CLV ទាំងអស់


រូបឯកសារ៖ ប៉ូលិស​ឈរ​យាម​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០។
រូបឯកសារ៖ ប៉ូលិស​ឈរ​យាម​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០។

សង្គម​ស៊ីវិល​និង​គ្រួសារ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​រិះគន់លើ​គម្រោង​អភិវឌ្ឍន៍តំបន់​ត្រីកោណ​រវាង​កម្ពុជា ឡាវ វៀតណាម ឬហៅកាត់​ថា (CLV-DTA) ស្នើ​ឱ្យ​ដោះលែងអ្នក​ជាប់​ឃុំ​ដែល​ពាក់ព័ន្ធ​នឹងគម្រោង​នេះទាំងអស់​ បន្ទាប់​ពី​អ្នក​រិះគន់​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​កាលពី​ពេល​ថ្មីៗនេះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទថា ចាប់តាំង​ពី​ខែកក្កដា ឆ្នាំ ២០២៤ មក អង្គការ​លីកាដូ​បាន​កត់​សម្គាល់​ឃើញ​ថា​ មាន​ការ​ឃាត់​ខ្លួន​និង​ចាប់​ខ្លួន​មនុស្ស​ជាង​ ១០០ ​នាក់​ ដែល​ជាង ​៦០ នាក់​ត្រូវបាន​ចោទ​ពី​បទ​រួមគំនិត​ក្បត់និង​បទ​ញុះញង់​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍ ​«១៨ កក្កដា ​CLV»។ លោក​បន្ត​ថា នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​ ២០២៥ ​នេះ​ សកម្មជន​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ CLV​ ចំនួន ​៣៨ ​នាក់​ ត្រូវ​បាន​ដោះលែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

លោក អំ សំអាត បាន​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជនដែល​កំពុង​ជាប់​ឃុំដទៃ​ទៀត​ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះគន់​លើ​ការ​រំលោភ​បំពានសិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ និង​បន្ទាប់ពី​រដ្ឋសភាកម្ពុជាបាន​អនុម័ត​លុប​ចោល​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍ CLV រួច​ទៅហើយនោះ។

លោក​ថ្លែងថា៖ «យើង​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ហ្នឹង គឺ​យើង​មើល​ឃើញ​ថា​ បញ្ហា​ CLV នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ​ អ៊ីចឹង​អ្នក​ដែល​ជាប់​ឃុំ​ដោយ​សារ​ទាក់ទង​នឹង​ព្រឹត្តិការណ៍ ​១៨ កក្កដា ទាក់ទង​នឹង CLV ឬ​ក៏​មុន​ក្រោយ​ ដូច​ជា​លោក ​ស៊្រុន ស៊្រន សកម្មជន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ផ្សេង​ទៀត ហើយ​នឹង​អ្នក​ផ្សេងទៀត​គួរ​តែ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាពដូច​គ្នា​ផង​ដែរ»។

បើតាមលោកអំ សំអាត ​សកម្មជន​ចំនួន ​១៧ នាក់​ត្រូវ​បាន​ដោះលែង​ កាល​ថ្ងៃទី​ ១៧​ខែ​មករាកន្លងទៅនេះ​ ហើយ​សកម្មជន​ចំនួន​ ២១ នាក់​ទៀត ​ត្រូវបានដោះ​លែង​នៅ​ថ្ងៃ​ទី​ ២០ ​ខែ​មករា ដោយ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ដោះលែង​នៅ​ឡើយទេ។

ដោយឡែក​ កញ្ញា ភឹង សោភ័ណ ដែល​ត្រូវ​ជា​បង​ស្រីរបស់​កញ្ញា ភឹង សោភា ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​ថា កញ្ញា​និង​ក្រុម​គ្រួសារ​មាន​ការនឹក​រលឹកដល់​សកម្មភាព​របស់​ប្អូនស្រីនៅ​ក្នុង​កិច្ចការ​ចែក​រំឡែក​ច្បាប់​នានា​ដែល​បាន​រៀន​សូត្រ​ពី​ច្បាប់​ ដូច​ជា​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ជា​ដើម។ កញ្ញា សោភ័ណ សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​ដោះលែង​ប្អូនស្រី​របស់​ខ្លួន​និង​សកម្មជន​ដទៃ​ទៀត​ បន្ទាប់​ពី​មាន​ការ​ដោះលែង​សកម្មជន​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

កញ្ញាថ្លែងថា៖ «ការ​សំណូម​ពរ គឺខ្ញុំ​សង្ឃឹម​ថា នីតិ​តុលាការ​នឹង​ផ្តល់​នូវ​ភាព​ស្មើ​ភាព​គ្នា​ ធ្វើ​ទៅ​តាម​នីតិ​វិធី​ដោយ​ស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់​ និង​ផ្តល់​ភាព​យុត្តិធម៌​ត្រឹមត្រូវទៅ​ដល់​ប្អូន​ស្រី​របស់​ខ្ញុំ ​ក៏​ដូច​ជា​សកម្មជន​និង​អ្នក​ដទៃ​ដែល​ស្ថិត​នៅ​ក្នុង​បទ​ចោទ​ អង្គហេតុ ​និង​សំណុំរឿង​តែ​មួយ​ហ្នឹង»។

ចំណែក​លោក ផល្លា ផានិត កូន​ប្រុស​របស់​អ្នកស្រី សែម សុផល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទថា មក​ដល់​ពេល​នេះ​ ម្តាយ​របស់​លោក​បាន​ជាប់​ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ ម២​ រយៈពេល​ជាង ​៥ ខែ​មក​ហើយ។ លោក​ស្នើ​ឱ្យដោះ​លែង​ម្តាយ​របស់​លោក ​ដោយថា ម្តាយ​របស់​លោក​មិន​មាន​កំហុស​ធ្ងន់ធ្ងរ​ឡើយ។

លោក​ថ្លែងថា៖ «ខ្ញុំ​ស្នើសុំ​ឱ្យ​តុលាការដោះ​លែង​អ្នក​ម្តាយ​ខ្ញុំ​ បង ដោយសារ​បញ្ហា​ហ្នឹងដូច​ឃើញរដ្ឋាភិបាល​ដោះលែង​សកម្មជន​ច្រើន​ហើយ តែ​ខាង​ម្តាយ​ខ្ញុំ ​អត់​ទាន់​មាន​ដំណឹង​ថា​ដោះលែង​ទេ ​បង»។

លោក នុត សវនា ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយឱ្យ​វីអូអេទាក់ទងទៅ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ តែ​លោក​ ឃៀង សុណាឌីន ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​ឱ្យ​វីអូអេ​ទាក់ទង​ទៅ​តុលាការ។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ប្លង់ សុផល អ្នកនាំ​ពាក្យ​អយ្យការនៃសាលាដំបូង​រាជធានីភ្នំពេញ និង​លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​បាន​នៅ​ឡើយ​ទេ​គិតត្រឹមថ្ងៃចន្ទនេះ។

កាល​ពី​ខែធ្នូ ឆ្នាំ ​២០២៤ ចៅ​ក្រម​ជំនុំជម្រះ​នៃតុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បំបែក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​មួយ ​ទៅ​ជា​ ៥ ផ្សេង​គ្នា ​ដែល​បានចោទ​បុគ្គល ​៣៧​ នាក់​ពីបទ ​«ញុះញង់» ពាក់ព័ន្ធ​នឹង​ការ​និយាយ​រិះគន់​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​រវាង​រដ្ឋាភិបាល​កម្ពុជា​ ឡាវ​ វៀតណាម ឬ​ហៅថា CLV-DTA តាម​រយៈ​បណ្តាញ​សង្គម ​កាលពីខែ​កក្កដា ​ឆ្នាំ​ ២០២៤​។

ជន​ជាប់​ចោទ​ទាំង ​៣៧​ នាក់ ​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​នេះ​ រួម​មាន​សកម្មជនផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ២៣ តុលា ឆ្នាំ​១៩៩១​ គឺលោក ​ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ​ចក់ ​ប៊ាន​មុន្នី និង​លោក ​សាន សិទ្ធ ​និង​ពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត ​ដូចជា​លោក ធែល ធី​លែន ​អ្នកស្រី​ សែម សុផល និង​លោក ជិន ប៊ុណ្ណា​រ័ត្ន ​ជាដើម៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG