ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បន្ត​សំណុំ​រឿង​ដ៏​ស្មុគស្មាញ​របស់​ចលនា​មាតា​ធម្មជាតិ ខណៈ​មាន​ការ​ទាមទារ​ឱ្យ​ទម្លាក់​បទចោទ


សកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ ប្រមូលផ្តុំគ្នានៅក្បែរ​តុលាការ​ ខណៈកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌឬស្សីកែវ ដាក់ត្រួតពិនិត្យនិងរឹតបន្តឹងការចេញចូលតុលាការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
សកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ ប្រមូលផ្តុំគ្នានៅក្បែរ​តុលាការ​ ខណៈកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌឬស្សីកែវ ដាក់ត្រួតពិនិត្យនិងរឹតបន្តឹងការចេញចូលតុលាការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ខណៈ​តុលាការ​បន្ត​សវនាការ​លើ​សំណុំ​រឿង​ដ៏​ស្មុគ​ស្មាញ ​ដែល​ចោទ​សកម្មជនចលនា​មាតា​ធម្មជាតិ​ពី​បទ​«រួម​គំនិត​ក្បត់»​ និង​«ប្រមាថ​ព្រះ​មហា​ក្សត្រ»​ យុវតីដែល​ស្រឡាញ់​បរិស្ថាន​មួយ​ចំនួន​ ដែល​ជា​អ្នក​គាំទ្រ​សកម្មជន​បរិស្ថាន​ទាំងនោះ​ ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើ​សកម្ម​ភាព​ការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​ ​សម្រាប់​ជា​ប្រយោជន៍​រួម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

នេះ​ជា​សំណុំ​រឿង​ព្រហ្ម​ទណ្ឌលេខ​ ២៤០០​ ចុះ​ថ្ងៃ​ទី ១៩​ ខែ​មិថុនា ​ឆ្នាំ​ ២០២១​ ដែល​តុលាការ​ចោទ​ប្រកាន់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ហើយ​នាយក​ដ្ឋាន​កណ្តាល​សន្តិ​សុខ​នៃ​ក្រសួង​មហាផ្ទៃ​ជាដើម​បណ្តឹង។​

បុគ្គល​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់»​នោះ​រួម​មាន ​លោក​ លី ចាន់ដារ៉ាវុត ​លោក ថុន រដ្ឋា​ កញ្ញា ​ឡុង គន្ធា ​កញ្ញា​ ភួន ​កែវ​រស្មី​ លោក​ ម៉ិញ​ ពិសិដ្ឋ​ កញ្ញា ​រ៉ី រក្សា ​លោក ​ពក ខឿយ ​លោក​ យឹម លាងហ៊ី ​កញ្ញា​ ស៊ុន រដ្ឋា ​និង​លោក​ អាឡិច​ហ្សង់ដ្រូ ​ហ្គន់សាឡេស ​ដេវិត​សិន ​(Alex Gonzalez-Davidson)។ ​ដោយ​ឡែក​មនុស្ស​ចំនួន​៣​នាក់​ក្នុង​ចំណោម​នោះ ​រួមមាន​លោក ​យឹម លាងហ៊ី ​កញ្ញា ​ស៊ុន រដ្ឋា ​និង​លោក​ អាឡិច ​រង​បទ​ចោទ​មួយ​ទៀត​ គឺ​«ប្រមាថ​ព្រះ​មហា​ក្សត្រ»។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ​សំណុំ​រឿង​នេះ​នឹង​បន្ត​អូស​បន្លាយ​ដល់​ពេលណា​ទេ ​ខណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​សវនាការលើក​ទី ​៣ ​ដែល​តុលាការ​បាន​សួរ​ដេញ​ដោល​សំណុំ​រឿង​នេះ។

ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ ​យុវតី​មួយ​ចំនួន​ដែល​ស្រឡាញ់​បរិស្ថាន​ចង់​ឃើញ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ។​

កញ្ញា​ លាង សុវណ្ណដា​ យុវតីម្នាក់​ដែល​បាន​ចូលរួម​សកម្មភាព​ជាមួយ​ចលនា​មាតា​ធម្មជាតិ​ និង​បាន​មក​ឃ្លាំ​មើល​នៅ​ក្រៅ​របង​តុលាការ​ ប្រាប់​វីអូអេ​ថា ​អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​តែ​គាំទ្រ​សកម្ម​ភាព​យុវជន​ដែល​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ គឺ​មិន​គួរ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នោះ​ទេ។​

កញ្ញ​ថ្លែង​ថា៖​ «អ៊ីចឹង​ហើយ​យើង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ក៏ដូច​ជា​ខាង​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ ដែល​ចោទ​ទៅ​លើ​សកម្ម​ជន​បរិស្ថាន​ ដែល​គាត់​គ្រាន់តែ​ស្រឡាញ់​ធនធាន​ធម្មជាតិ។ ​គាត់​អត់​មាន​ខុស​អី។ ​គាត់​អត់​មាន​អី​ត្រូវ​តែ​ជាប់​ពន្ធនាគារ​ដូច​កាល​មុន​ទេ»។​

ចំណែក​កញ្ញា​ ហេង គឹមសួ ​អាយុ​២៤​ឆ្នាំ​ ​ដែល​តែងតែ​ចូលរួម​សកម្មភាព​ជាមួយ​ចលនា​មាតា​ធម្មជាតិ​ ​បាន​លើក​ឡើង​ថា យុត្តិ​ធម៌សម្រាប់​អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា​មិន​ទាន់​មាន​នៅ​ឡើយ។ ​កញ្ញា​បន្ថែម​ថា​ យុវជន​បរិស្ថាន​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​រួម​ ​ហើយ​មិន​បាន​ធ្វើ​សកម្ម​ភាព​អ្វី​ផ្ទុយ​រដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​នោះ​ទេ។ ​ដូច្នេះ​កញ្ញា​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ។​ កញ្ញា​ថា ​មិន​មាន​ច្បាប់​ចែង​ថា ​ការ​ការពារ​បរិស្ថាន​ជា​អំពើ​ខុស​ច្បាប់​នោះ​ឡើយ។​

កញ្ញា​ប្រាប់​វីអូអេ​ថា៖ ​«វា​នៅ​តែ​មិន​ទាន់​មាន​ភាព​យុត្តិធម៌​នៅ​ឡើយ ​សម្រាប់​អ្នក​ដែល​ការពារ​បរិស្ថាន​ អ្នក​ដែល​លះ​បង់​សេចក្តី​សុខ​ខ្លួន​ឯង​ ដើម្បី​សង្គម​មួយ​ហ្នឹង។​ សូម្បី​តែ​អន្តរ​ជាតិ​ក៏​គេ​ទទួល​ស្គាល់​ ការ​ការពារ​បរិស្ថាន​របស់​ពួក​គាត់​ដែរ។​ ​ប៉ុន្តែ​សម្រាប់​នៅ​ក្នុង​ប្រទេស​បែរ​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ទៅវិញ»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន​ ម៉ាលីន​ ប្រាប់​វីអូអេ​ថា ​ការ​ស្រែក​ថា ​យុត្តិធម៌​ ឬ ​អយុត្តិធម៌​មិន​មែន​អាស្រ័យ​លើ​ការ​លើក​ឡើង​របស់​សកម្ម​ជន​នោះ​ទេ​ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​សកម្ម​ភាព​ អង្គហេតុ ​អង្គ​ច្បាប់​ ភស្តុតាង​ និង​សក្ខីភាព ​ដើម្បី​តតាំង​នៅ​តុលាការ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​បើ​គាត់​ថា​ ទង្វើ​គាត់​ស្រប​ច្បាប់​ អ៊ីចឹង​អាហ្នឹង​ចូលរួម​តាម​នីតិវិធី​តុលាការ​ហើយ​ធ្វើការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ទៅ​ មាន​ភស្តុតាង​ សាក្សី ​សក្ខីកម្ម​ ហើយ​តតាំង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​គេ​មាន​ភស្តុតាង​ មូលដ្ឋាន​ផ្លូវ​ច្បាប់​ក្នុង​ការ​ចោទ​ប្រកាន់ ​និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ដែរ»។​

ជាមួយ​គ្នា​នេះ ​កញ្ញា ​ភួន កែវរស្មី​ សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ ​ដែល​រង​បទ​ចោទ​ប្រកាន់​នេះ​ អះអាង​ថា ​កញ្ញាមិន​ទទួល​ស្គាល់​ដាច់​ខាត​ចំពោះ​បទ​ចោទ​«រួម​គំនិត​ក្បត់»​នេះ។

កញ្ញា​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​របង​តុលាការ​ថា៖ ​«អ៊ីចឹង​ខ្ញុំ​ចង់​សួរ​ទៅ​វិញ​ថា​ ​តើ​ខ្ញុំ​រួម​គំនិត​ក្បត់​ហ្នឹង​ រួម​ជា​មួយ​អ្នក​ណា? អ្នក​ណា​ជា​អ្នក​ធ្វើ​ឧបឃាត?​ តើ​ខ្ញុំ​អាច​សុំ​មើល​មុខ​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​អ្នកធ្វើ​ឧឃាត​បាន​ទេ?​ ហើយ​ថា​ តើ​អ្នក​ដែល​គេ​ចោទ​ថា​ ធ្វើ​ឧប​ឃាត​ហ្នឹង​មាន​ទំនាក់​ទំនង​យ៉ាង​ម៉េច​ជា​មួយ​ខ្ញុំ?​ ​ហើយ​បើ​គ្មាន​មនុស្ស​ធ្វើ​ឧបឃាត​ផង ​មក​ចោទ​ខ្ញុំ​ថា​ រួម​គំនិត​ក្បត់​ម៉េច​បាន? អាហ្នឹង​បើ​តាម​ផ្លូវ​ច្បាប់។​ ហើយ​បើ​តាម​ន័យ​សាមញ្ញ​សម្រាប់​ប្រជាជន​យល់​ បើ​គ្មាន​មេខ្លោង​បង្កើត​ផែនការ​ផង​ តើ​ខ្ញុំ​ចូលរួម​ផែនការ​ជាមួយ​អ្នក​ណា? ​អ៊ីចឹង​មាន​ន័យ​ថា ​ផែនការ​ហ្នឹង​វា​មិន​ដែល​មាន​ទេ។ ​ប៉ុន្តែ​ផែនការ​ហ្នឹង​ជា​ការ​ស្រមើល​ស្រម៉ៃ ​ដែល​គេ​យក​មក​កសាង​សំណុំ​រឿង​ ដើម្បី​ចោទ​យើង​មែន​ទេ?​ ខ្ញុំ​ចង់​សួរ​ទៅ​វិញ»។

កញ្ញា​បាន​ស្នើ​ឱ្យ​ចៅ​ក្រម​លើក​យក​ចំណុច​ណា​ដែលកញ្ញា​បាន​និយាយ​ ឬ​មាន​ក្នុង​វីដេអូ​ណា​មួយ​មក​ចោទ​សួរ​ដេញ​ដោល​ ដោយ​កុំ​លើក​យក​សម្តី​របស់​ អាឡិច​ ដែល​សម្ភាស​ជាមួយ​ស្ថាប័ន​សារព័ត៌​មាន មក​ដាក់​បន្ទុក​កញ្ញា។​

សកម្ម​ជន​ចលនា​មាតា​ធម្មជាតិម្នាក់​ទៀត​លោក ​លី ចាន់ដារ៉ាវុត ​ក៏​ចាត់​ទុកថា​ ការ​ចោទ​ប្រកាន់​សកម្ម​ជន​មាតា​ធម្មជាតិ​គឺ​ជា​រឿង​ដ៏​ហួស​ចិត្ត ​និង​មិន​អាច​ទទួល​យក​បាន។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ឃើញ​ថា​ វាជា​រឿង​ដ៏​ហួស​ចិត្ត​មួយ​ ហើយ​ក៏ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន ​ហើយ​ពិភព​លោក​នេះ​ក៏​គ្មាន​តុលាការ​ណា​កាត់​ក្តី ​ដោយ​គ្មាន​ភស្តុតាង​បែប​នេះ​ទេ។ ​ខ្ញុំ​លើក​ទឹកចិត្ត​ បើ​គាត់​មាន​ភស្តុតាង​មែន​ គួរតែ​និយាយ​ផ្តោត​សំខាន់​ទៅ​លើ​ផែនការ​ផ្តួល​រលំ​រដ្ឋាភិបាល ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ហ្នឹង។ ​តើមាន​ភស្តុតាង​អ្វី​ខ្លះ? ​គួរ​ដាក់​លើ​តុ​យក​មក​ជជែក​មក។ ​បើ​សិន​ជា​រក​ឃើញ​ថា ចលនា​មាតា​ធម្មជាតិ​ពិត​ជា​បាន​ប្រើ​ហិង្សា​លើ​ស្ថាប័ន​ណាមួយ ​ពិតជា​បាន​រៀប​ចំ​ទ័ព ​រៀបចំ​អាវុធ​ រៀបចំ​គ្នា​ដើម្បី​ផ្តួល​រលំ​ស្ថាប័ន​ណា​មួយ​ពិត​មែន»។

លោក​ អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ ​បញ្ជាក់​ថា ​ការ​ចោទ​ប្រកាន់​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ ​គឺ​ជា​បទ​ល្មើស​ពីរ​ផ្សេង​គ្នា។ ​សវនាការ​នេះ​កាន់​តែ​ស្មុគ​ស្មាញ​ ខណៈ​តុលាការ​បាន​បញ្ចូល​បទ​ចោទ​ប្រកាន់​ពីរ​ប្រភេទ​ខុសគ្នា​ក្នុង​សវនាការ​នេះ។​

លោក​ថា៖ ​«បទល្មើស​ពីរ​ហ្នឹង ​វា​ដាច់​ពី​គ្នា។​ បទ​ល្មើស​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​ជា​បទ​ល្មើស​មជ្ឈឹម​ ឯ​បទ​ល្មើស​រួម​គំនិត​ក្បត់​គឺ​ជា​បទល្មើស​ឧក្រិដ្ឋ»។​

លោក​ថា ​លោក​នឹង​រង់ចាំ​មើល​ថា​ តើ​ភស្តុតាង ​ដែល​មន្ត្រី​នគរបាល​នៃ​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ​ យក​មក​ចោទ​ប្រកាន់​នោះបាន​ប្រភព​មកពី​ណា ​ព្រោះ​តុលាការ​មិនទាន់​បាន​បង្ហាញ​នៅ​ឡើយ។​

ជុំវិញ​សំណុំ​រឿង​នេះ ​តុលាការ​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃទី​ ១៧ ​ខែ​មិថុនា។ ​នេះ​បើ​តាម​លោក​ អំ សំអាត៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG