ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ការ​តស៊ូ​ស៊ីវិល​ដោយ​អហិង្សា​អាច​បង្ការ​ការ​សម្លាប់​រង្គាល​និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ឋិតថេរ


និស្សិតហុងកុងពាក់ម៉ាសនិងកាន់បដាធ្វើបាតុកម្មក្នុងពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យហុងកុង នៅទីក្រុងហុងកុង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
និស្សិតហុងកុងពាក់ម៉ាសនិងកាន់បដាធ្វើបាតុកម្មក្នុងពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យហុងកុង នៅទីក្រុងហុងកុង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​ពេល​ដែល​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​កំពុងជួប​ប្រទះ​នឹង​ឱនភាព​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នោះ ការ​តស៊ូ​ស៊ីវិល​ដោយ​អហិង្សា​អាច​បង្ការ​ការ​សម្លាប់​រង្គាល និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ឋិត​ថេរ​បាន​យូរ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មីមួយ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​ស្ដី​ពី​ជម្លោះ​អហិង្សា ឬ International Center on Nonviolent Conflict ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ប្រជាជន​នៅប្រទេស​រុស្ស៊ី ​ទីក្រុង​ហុងកុង និងកន្លែង​ផ្សេងៗ​ទៀត​ បាន​ និង​កំពុង​ធ្វើបាតុកម្ម ឬ​ធ្វើការ​តវ៉ា​ផ្សេងៗ​ដើម្បី​ទាមទារ សិទ្ធិ​សេរី​ភាព និងកិត្តិយស​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គាបសង្កត់ និង​បំពានមក​លើ​ពួក​គេ។
ជា​ទូទៅ​ការ​តវ៉ាទាំង​នេះ មិន​ថា​ជា​ការតវ៉ា​ដោយ​ហិង្សា ឬ​ការ​តវ៉ា​ដោយ​អហិង្សា ដល់​ចំណុច​ណា​មួយ​ ពួក​គេ​នឹង​ត្រូវ​បាន​បង្ក្រាប​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​រដ្ឋាភិបាល​របស់​ពួកគេ។ ការ​បង្ក្រាប​មាន​ទំហំ​ធំ​ឬ​តូច​ ក៏​អាស្រ័យ​ទៅ​លើ​ទំ​ហំ​នៃ​ការ​រើ​បម្រាស់​ដែរ។ នេះ​បើ​តាម​របាយ​ការណ៍​ដដែល​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​ស្ដី​ពី​ជម្លោះ​អហិង្សា។

អ្នក​ជំនាញ​លើក​ឡើងថា​ នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ សំណួរមួយថា​តើ​ពេល​ណា ឬ​ដោយ​វិធី​ណា​ ដែល​សហគមន៍​អន្តរជាតិ​ រដ្ឋាភិបាល​បរទេស ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាលអន្តរជាតិ​ ត្រូវជួយ​អន្តរាគមន៍ ផ្ដល់​ជំនួយ​ ឬ​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ សុទ្ធ​តែអាចបង្កផល​វិបាក​ដល់​គ្រប់​ភាគី​ទាំង​អស់។ ពេល​ខ្លះ​ ផល​វិបាក​អាច​មាន​ទំ​ហំ​ធំ​ដល់​ថ្នាក់បាត់​បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ផង។

កាល​ពី​ឆ្នាំ ២០១១ ដោយ​ទទួល​បាន​ដំណឹង​ថា ​រដ្ឋាភិបាល​លីប៊ី​ ដែល​គ្រប់​គ្រង​ដោយ​លោក Muammar Qaddafi រៀប​ចំ​ផែន​ការ​សម្លាប់​ប្រជាជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Benghaziនោះ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិបាន​អនុម័ត​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជនស៊ីវិល​ទាំង​នោះ។ ក្រោយមក ក្រុម​ទ័ព​បរទេស​ដែល​ដឹក​នាំ​ដោយ​កង​ទ័ព​ NATO បាន​ចូល​លុកលុយ​ប្រទេស​លីប៊ី​ ក្នុង​នាម​ជា​ទ័ព​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​បង្ក​ឲ្យ​មាន​ការ​កាប់​សម្លាប់​រង្គាល ដែល​ធ្វើ​ឲ្យ​ជនជាតិ​លីប៊ី​រាប់​ពាន់​នាក់​ស្លាប់​បាត់​ជីវិត។

តាមផ្លូវ​ច្បាប់​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ សម្អាង​លើលទ្ធិ​អនុ្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា៖ “Responsibility to Protect (RtoP)” ឬ ‍«ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ» ដែល​ត្រូវ​បានអនុម័ត​ដោយ​អង្គការ​សហ​ប្រជាជាតិ​ផ្ទាល់ ​នៅ​ក្នុង​ឆ្នាំ ២០០៥។

លទ្ធិ​អន្តរជាតិ​នេះ​បាន​ចែង​ថា៖ «រដ្ឋ​នីមួយៗ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ពី​របប​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម ការ​សម្លាប់​ផ្ដាច់​ពូជ​ជន​ជាតិ​ណា​មួយ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ»។ នៅ​ឆ្នាំ​ ២០០៩ លទ្ធិ​អន្តរជាតិ​ស្ដីពី «ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ (RtoP)» នេះ ត្រូវ​បាន​បំបែក​ចេញជាបី​ចំណុច​សំខាន់ៗ ដែល​ចំណុច​ទី​បី​បាន​ចែងថា៖ «ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​ខាងក្រៅ បើ​រដ្ឋាភិបាល​ណា​មួយ​បរាជ័យ​ក្នុង​ការ​ទទួល​ខុសត្រូវ​ការពារ​ប្រជាជន​របស់​ខ្លួន»។

ដោយ​សារ​តែ​លទ្ធិ​អន្តរជាតិ​ស្ដីពី «ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ (RtoP)»​ នេះ មាន​ចន្លោះ​ប្រហោង​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កាប់​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​ ដូច​ករណី​ប្រទេស​លីប៊ី ទើប​លោក Peter Ackerman និង​លោក Hardy Merriman មក​ពី​មជ្ឈមណ្ឌល​អន្តរ​ជាតិ​ស្ដី​ពី​ជម្លោះ​អហិង្សា ឬ International Center on Nonviolent Conflict ​បាន​បញ្ចេញ​របាយការណ៍​មួយ ស្នើ​ឲ្យ​ជំនួស​លទ្ធិ​អន្តរជាតិ​ស្ដីពី «ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ (RtoP)» ជា​មួយលទ្ធិ​អន្តរជាតិ​ថ្មី​មួយ​ដែល​លោក​ទាំង​ពីរ​ឲ្យ​ឈ្មោះ​ថា៖ “Right to Assist (RtoA)” ឬ​ «សិទ្ធ​ក្នុង​ការ​ជួយ»។

​របាយ​ការណ៍​ដែល​ចេញ​កាល​ពីខែឧសភា​ ឆ្នាំ​២០១៩​ ដែល​មាន​ចំណង​ជើង​ថា៖ “Preventing Mass Atrocities: From a Responsibility to Protect (RtoP) to a Right to Assist (RtoA) Campaigns of Civil Resistance” ឬ​ជា​ភាសា​ខ្មែរ​ថា៖ «ការ​បង្ការ​ការ​សម្លាប់​រង្គាល៖ ពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ (RtoP) ទៅជា​សិទ្ធ​ក្នុង​ការ​ជួយ (RtoA) យុទ្ធនាការតស៊ូ​ស៊ីវិល​ដោយ​អហិង្សា» ​នេះ ស្នើ​ឲ្យមាន​ការអនុវត្តលទ្ធិ​អន្តជាតិ​ស្ដី​ពី «សិទ្ធ​ក្នុង​ការ​ជួយ (RtoA)» ដែល​ផ្ដល់​អំណាច​ស្រប​ច្បាប់​ឲ្យ​ដល់​ភាគី​ខាង​ក្រៅ​ក្នុងការ​ផ្ដល់​ជំនួយ​ ​ដល់​ចលនាតស៊ូស៊ីវិល​ដោយ​អហិង្សា​នានា ដែល​មាន​គោលដៅ​ស្ដារ និង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។

លោក Hardy Merriman ប្រធានមជ្ឈមណ្ឌល​អន្តរ​ជាតិ​ស្ដី​ពី​ជម្លោះ​អហិង្សាធ្វើ​បទ​បង្ហាញនៅ​ឯវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)
លោក Hardy Merriman ប្រធានមជ្ឈមណ្ឌល​អន្តរ​ជាតិ​ស្ដី​ពី​ជម្លោះ​អហិង្សាធ្វើ​បទ​បង្ហាញនៅ​ឯវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)

របាយ​ការណ៍​កម្រាស់​ ៥៩​ទំព័រ​នេះ​បាន​ឲ្យ​ដឹងថា មានការ​សម្លាប់​រង្គាល​ពីរ​ភាគ​បី​ បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៤៥ ដល់​ឆ្នាំ​ ២០១០ ក្រោម​រូប​ភាពជា​សង្គ្រាម​ស៊ីវិល។ បើ​សិន​ជាពិភពលោក​ចង់​កាត់​បន្ថយ​ការ​សម្លាប់​រង្គាល​ នោះ​វា​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​កាត់​បន្ថយ​លទ្ធភាព​នៃ​ជម្លោះ​ហិង្សាផ្ទៃ​ក្នុង​ នៅ​ក្នុង​ប្រទេស​នីមួយៗ​ជា​មុន​សិន។

លោក Hardy Merriman ប្រធាន​មជ្ឈមណ្ឌល​អន្តរ​ជាតិ​ស្ដី​ពី​ជម្លោះ​អហិង្សា បញ្ជាក់​ថា​ ការ​ផ្ដល់​ជំនួយ​ទៅ​ដល់​ចលនា​តស៊ូ​ស៊ីវិល​នេះ មិន​មែន​ធ្វើ​ឡើង​តាមរយៈ​ការ​នាំ​ចូល​របស់​របរ​អ្វី​មួយពី​បរទេស​ចូល​ក្នុង​ប្រទេស​មួយ​នោះ​ទេ ប៉ុន្តែ​ទម្រង់​នៃ​ការ​ផ្ដល់​ជំនួយ​នេះ​គឺធ្វើឡើង​នៅក្នុង​ប្រទេស​ដែល​ត្រូវ​ការ​ជំនួយ​នោះ តាមរយៈ​ចំណុច​ប្រាំ​យ៉ាង៖ ១) ការអប់រំ​សាធារណៈ​អំពី​ការ​តស៊ូ​ស៊ីវិល ២) ការ​កសាង​សមត្ថភាព​សម្រាប់​យុទ្ធនាការ​តស៊ូ​ស៊ីវិល ៣) ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ការ​បង្ក្រាប និងរំខាន ៤)ការ​បង្កើន​តម្លៃ​នៃ​ការ​បង្ក្រាប និង​ ៥) ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នយោបាយ​ប្រកប​ដោយ​ស្ថិរភាព។

លោក Hardy Merriman ក៏​បាន​អះអាង​ថា ​លទ្ធិ​អន្តរជាតិ​ស្ដីពី «ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ (RtoP)» ដែល​ត្រូ​វបាន​អនុម័ត​ទៅ​លើ​ប្រទេស​លីប៊ី កាល​ពី​ឆ្នាំ​២០១១ ទំនង​ជា​នឹង​មិន​ត្រូវ​បាន​គេ​អនុម័ត​ដោយក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ម្ដង​ទៀត​ទេ។

លោក Hardy Merriman បាន​និយាយ​ថា៖ «វា​នឹង​មិនត្រូវ​បាន​គេ​អនុម័ត​ទៀត​ទេ។​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​ មក​ យើង​បាន​ឃើញ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ​មីយ៉ាន់ម៉ា​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​កន្លែង​ផ្សេងៗ​ទៀត ដែល​លទ្ធិ​អន្តរជាតិ​ស្ដីពី «ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ (RtoP)» មិន​ត្រូវ​បាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិយកមក​ប្រើ​នោះ​ទេ»។

របាយ​ការណ៍​ដដែលបង្ហាញ​ថា ទាំង​ការ​តស៊ូ​ហិង្សា និង​ការ​តស៊ូ​អហិង្សា​អាច​បង្កើន​អស្ថិរភាព​សង្គម​ដូចគ្នា​ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ការ​សម្លាប់​រង្គាល​ កើត​ឡើង​ចេញ​ពី​ការ​តវ៉ា​ដោយ​ហិង្សា។

លោក Hardy Merriman បាន​និយាយ​ថា៖ «បើ​សិន​ជា​មាន​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ ហើយ​ការ​ប្រើ​អំពើ​ហិង្សា​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​អ្នក​តវ៉ា ដល់​ពេល​ណាមួយ​ ពួក​គេ​នឹង​ជ្រើសរើស​វា»។
លោក​បាន​ស្នើ​មាន​ការផ្សព្វផ្សាយឲ្យ​ប្រជា​ជន​បាន​ដឹង​ពី​ជម្រើស​នៃ​ការ​តស៊ូ​ស៊ីវិល​អហិង្សា​ ដែល​ជា​ជម្រើស​មួយ​ទៀត​ដ៏​មាន​ប្រសិទ្ធភាព និង​ស័ក្ដិសម​សម្រាប់​មនុស្ស​ជា​ច្រើន។

លោក​បញ្ជាក់​ថា​ នរណា​ក៏​ដឹង​ដែរ​ថា ការ​តវ៉ា​ដោយ​ប្រើ​ហិង្សា​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​រហូត​ឈាន​ដល់​ការ​បាត់​បង់​ជីវិត ប៉ុន្តែ​សម្រាប់​ការតវ៉ា​ដោយ​អហិង្សា​ មនុស្ស​រាប់​លាន​នាក់​អាច​ចូល​រួម​ចលនា​នេះ ហើយ​ពួក​គេ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បានដោយ​សុវត្ថិភាព​ បន្ទាប់​ពី​ការ​តវ៉ា​បាន​បញ្ចប់៕

XS
SM
MD
LG