តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសជនបរទេសពីរនាក់ គឺវៀតណាម និងឡាវ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន» ដែលអាជ្ញាធររឹបអូសគ្រឿងញៀនបានទម្ងន់ ១៦០គីឡូក្រាម កាលពីឆ្នាំ ២០២២។ នេះបើតាមអ្នកនាំពាក្យតុលាការ និងសេចក្តីប្រកាសព័ត៌មានរបស់តុលាការ ចេញផ្សាយកាលពីថ្ងៃពុធ។
កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោសជនបរទេសពីរនាក់ ពីបទ«រក្សាទុក ដឹកជញ្ជូន និងជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន» ដោយក្នុងនោះបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ ៨០ លានរៀល ឬប្រហាក់ប្រហែល ២ ម៉ឺនដុល្លារអាមេរិក។ ជនទាំងពីរនោះ មានឈ្មោះ ង្វៀន ជុងហឹង និងឈ្មោះ ប៊ុន ស៊ូកែវអាលុន។ អាជ្ញាធរបានរឹបអូសគ្រឿងញៀនពីពួកគេបានទម្ងន់ ១៦០ គីឡូក្រាម ដែលប្រព្រឹត្តក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤។ តុលាការបានបើកសវនាការជំនុំជម្រះលើករណីនេះ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា តុលាការពិតជាបានចោទប្រកាន់ជនបរទេសទាំងពីរនាក់នេះ។ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថា ពួកគេជាជនជាតិអ្វីនោះទេ។
លោកបញ្ជាក់ថា៖ «យើងអត់ដាក់ហ្នឹង យើងអត់ចង់ឱ្យប៉ះពាល់ប្រទេសគេ។ អ៊ីចឹងយើងដាក់តែឈ្មោះប៉ុណ្ណឹងទៅ។ ហើយទាក់ទងទម្ងន់គ្រឿងញៀន គឺទម្ងន់សរុប»។
ប៉ុន្តែបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅលើគេហទំព័ររបស់ខ្លួន អាជ្ញាធរបានចាប់ខ្លួនជនបរទេស ម្នាក់ឈ្មោះលោក ង្វៀន ជុងហឹង ជាជនជាតិវៀតណាម និងជនបរទេសម្នាក់ទៀត លោក ប៊ុន ស៊ូកែវអាលុន ជាជនជាតិឡាវ នៅក្នុងករណីបង្រ្កាបគ្រឿងញៀនមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ។
បើតាមព័ត៌មានលើគេហទំព័រ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា នៅចំណុចផ្លូវលេខ ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចាប់បានវត្ថុតាងរួមមានមេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ ១៦០គីឡូក្រាម។
ជុំវិញករណីកាត់ទោសជនបរទេសដាក់ពន្ធនាគារមួយជីវិតនេះ គេមិនទាន់ដឹងនៅឡើយទេថា តើជនជាតិរៀតណាម និងជនជាតិឡាវនឹងត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ ឬយ៉ាងណានោះទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ថា លោកមិនដឹងទាក់ទងនឹងការធ្វើបត្យាប័នឬបញ្ជូនជនបរទេសទាំងពីរនាក់នេះទៅប្រទេសកំណើតរបស់ខ្លួនឡើយ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីស្ថានទូតវៀតណាម និងស្ថានទូតឡាវប្រចាំកម្ពុជាបាននៅឡើយទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា កម្ពុជាបានចុះសន្និសញ្ញាស្តីពីបត្យាប័នជាមួយប្រទេសវៀតណាម និងឡាវ ដើម្បីបញ្ជូនខ្លួនមនុស្សដែលប្រព្រឹត្តសកម្មភាពខុសច្បាប់ទៅប្រទេសកំណើតវិញ ប៉ុន្តែករណីនេះកើតឡើង លុះត្រាតែប្រទេសសាមីជាអ្នកស្នើសុំ។
លោកបញ្ជាក់ថា៖ «បើសិនជាមិនមានការស្នើសុំធ្វើបត្យាប័នទេ ការកាត់ទោសនៅប្រទេសខ្មែរ ត្រូវតែឃុំនៅប្រទេសខ្មែរ លុះត្រាតែប្រទេសជាសាមីសុំធ្វើបត្យាប័នត្រឡប់ទៅប្រទេសគេវិញ»។
ទាក់ទងនឹងការផ្តន្ទាទោសជនបរទេសដាក់ពន្ធនាគារអស់មួយជីវិតនេះ គឺដោយសារកម្ពុជាមិនមានច្បាប់ប្រហារជីវិតដូចប្រទេសវៀតណាម។ នេះបើតាមលោក អំ សំអាត។
ជុំវិញបញ្ហាគ្រឿងញៀនក្នុងប្រទេសកម្ពុជា លោក អំ សំអាត យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវចេះសហការគ្នា និងត្រូវរឹតបន្តឹងការអនុវត្តយន្តការនានា ដូចជាការពង្រឹងច្បាប់ ការលុបបំបាត់អំពើពុករលួយ ការត្រួតពិនិត្យសារធាតុគីមីផ្សំដែលអាចបំឡែងជាគ្រឿងញៀនឱ្យបានតឹងរ៉ឹង និងត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ដើម្បីទប់ស្កាត់ការហូរចូលគ្រឿងញៀនពីក្រៅប្រទេសនិងក្នុងស្រុកឱ្យមានភាពល្អប្រសើរ។ ក្រៅពីនេះលោកថា ប្រសិនបើមន្ត្រីណាម្នាក់រកឃើញថា ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ត្រូវផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។
គួរបញ្ជាក់ថា នៅក្នុងខែកុម្ភៈ និងកាលពីពេលថ្មីៗនេះ តុលាការរាជធានីភ្នំពេញក៏បានចោទប្រកាន់ជនជាតិខ្មែរ និងជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះផងដែរ ដោយតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២៨ ឆ្នាំ ៣០ ឆ្នាំ និងអ្នកខ្លះទៀត គឺផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
វេទិកាបញ្ចេញមតិ