កាលពី១២ឆ្នាំមុន លោក ង៉ែត ស៊ីម ដែលជាប្រជាពលរដ្ឋរស់នៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបាត់បង់ដីចម្ការរបស់លោកចំនួន៥ហិកតា ទៅក្រុមហ៊ុនស្ករអំពៅ ដែលគ្រប់គ្រងដោយអ្នកមានអំណាចម្នាក់។
លោក ស៊ីម អាយុ៣៦ឆ្នាំ ជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនរយនាក់ទៀត ដែលត្រូវបានចោទប្រកាន់ថា រស់ដោយខុសច្បាប់លើដីក្រុមហ៊ុនស្ករអំពៅកោះកុងរបស់លោកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែជាច្រើនឆ្នាំ បន្ទាប់ពីជម្លោះដីធ្លីបានកើតឡើង លោក ស៊ីម មានប្រសាសន៍ថា លោកមិនមានដីធ្វើចម្ការ ដែលបានបន្សល់ទុកដោយម្តាយឪពុករបស់លោក ពេលលោកបានរៀបការនោះទេ។
លោកបានថ្លែងប្រាប់VOAថា៖
«ខ្ញុំអត់ដឹងផង ព្រោះដីខ្ញុំ ខ្ញុំធ្វើកសិកម្មនៅហ្នឹង ស្រាប់តែគេមកយក។ មិនដឹងធ្វើម៉េច»។
សម្រាប់ប្រជាជនកម្ពុជា ការមានដីសម្រាប់ធ្វើស្រែចម្ការ ជាពិសេសដំណាំស្រូវ គឺជារឿងសំខាន់មួយសម្រាប់ពួកគេ ក្នុងការធានាស្ថិរភាពគ្រួសារ។ ប្រជាជនប្រមាណ៨៥ភាគរយក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ១៦លាននាក់ នៅតែពឹងផ្អែកលើកសិកម្មសម្រាប់ការរស់នៅរបស់ពួកគេ។ ជម្លោះដីធ្លីបានក្លាយជាបញ្ហាសង្គមចម្រូងចម្រាសនៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ការបាត់បង់ដីធ្លីកាន់តែច្រើនរបស់ប្រជាពលរដ្ឋធ្វើឲ្យមានការលំបាកសម្រាប់ស្វែងរកការគាំទ្រដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣៣ឆ្នាំមកហើយ។ រដ្ឋាភិបាលរបស់លោកបានផ្តល់ដីសម្បទានទៅឲ្យអ្នកវិនិយោគ និងអ្នកមានអំណាចមួយចំនួន ដោយរំពឹងថា នឹងទទួលបានចំណូលពីនេះ។ ប៉ុន្តែវាបានបណ្តាលឲ្យមានជម្លោះដីធ្លីយ៉ាងច្រើននៅក្នុងប្រទេស។
នៅក្នុងកិច្ចសម្ភាសន៍ជាវីដេអូមួយកាលពីខែកញ្ញាឆ្នាំ២០១៥ជាមួយផលិតករភាពយន្តអាមេរិកម្នាក់ឈ្មោះ Robert H. Lieberman លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដោយស្មោះត្រង់ថា បញ្ហាដីធ្លីគឺជាការសោកស្តាយធំបំផុតរបស់លោក។
លោក ហ៊ុន សែន បានថ្លែងថា៖
«ការសោកស្តាយធំជាងគេរបស់ខ្ញុំ គឺកំណែទម្រង់ដីធ្លីយឺតយ៉ាវ និងកំណែទម្រង់ដីធ្លី និងការដោះស្រាយដីធ្លី ដោយធ្វើឲ្យមានជម្លោះកើតឡើង គឺកំណែទម្រង់ដីធ្លីនៅក្នុងទសវត្សរ៍៨០។ ពេលនោះគួរណាស់តែយើងផ្តល់កម្មសិទ្ធិដីធ្លីឲ្យប្រជាពលរដ្ឋបានលឿនជាង។ ប៉ុន្តែយើងបែរជាពន្យារពេលរហូតទៅដល់១០ឆ្នាំ»។
លោក ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានធ្វើឡើងនៅទីក្រុងញូវយ៉ក នៅពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖
«គ្រាន់តែបញ្ហាថា តើត្រូវផ្តល់កម្មសិទ្ធិមុនឆ្នាំ១៩៧៥ ឬត្រូវទទួលស្គាល់កម្មសិទ្ធិលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាជន។ យើងត្រូវប្រើប្រាស់ការពិភាក្សារាប់ឆ្នាំ»។
របបខ្មែរក្រហមកាប់សម្លាប់បានបញ្ចប់ការកាន់កាប់ដីឯកជននៅក្នុងប្រទេសចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ នៅពេលរបបមួយនេះដួលរលំក្នុងឆ្នាំ១៩៧៩ ប្រជាជនភាគច្រើនបានទៅរស់នៅជនបទ ហើយភ្លាមៗ ពួកគេមិនបារម្ភអំពីការកាន់កាប់ដី ដោយមានប្លង់កម្មសិទ្ធិអ្វីនោះទេ។ ប៉ុន្តែយូរៗទៅ តម្រូវការនៃប្រព័ន្ធកាន់កាប់ដីស្របច្បាប់កើតមានឡើង។
ដោយសារការផ្តល់ដីសម្បទានរបស់រដ្ឋាភិបាល ដែលត្រូវបានធ្វើឡើងកាន់តែច្រើនចាប់ពីឆ្នាំ២០០០ លោក ហ៊ុន សែន បានលើកឡើងថា កម្សោយនៃការអនុវត្តរបស់មន្រ្តីថ្នាក់ក្រោមបានធ្វើឲ្យមានបញ្ហាជម្លោះដីធ្លីកើតឡើង។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអ្នកវិនិយោគ រហូតដល់ជិត១ម៉ឺនហិកតា សម្រាប់ក្រុមហ៊ុនមួយ ដែលពួកគេអាចគ្រប់គ្រងបានរយៈពេល៩៩ឆ្នាំ។ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះទៅឲ្យក្រុមហ៊ុនសរុបប្រមាណ២៧០ក្រុមហ៊ុន ហើយដីប្រមាណ២លានហិកតាបានរងផលប៉ះពាល់។
លោក វណ្ណ សុផាត មន្រ្តីសម្របសម្រួលផ្នែកដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចលឿនពេក និងមិនមានការសិក្សាត្រឹមត្រូវ នាំឲ្យមានជម្លោះដីធ្លីនៅទូទាំងប្រទេស។
លោកបានថ្លែងប្រាប់VOAថា៖
«ជាការកត់សម្គាល់របស់យើង ការផ្តល់ដីសម្បទានសេដ្ឋកិច្ចហ្នឹង វាមានល្បឿនលឿនពេក មានន័យថា ចាប់ផ្តើមអភិវឌ្ឍ ចាប់ផ្តើមវិនិយោគ ត្រូវការដីអីចឹងទៅ! រាជរដ្ឋាភិបាលសម្រុកក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចហ្នឹង។ ល្បឿននៃការផ្តល់ ជារបៀបលក្ខណៈប្រញាប់ប្រញាល់ ដូចជាតក់ក្រហល់អីចឹង វាអត់មានការស្រាវជ្រាវ សិក្សាស្វែងយល់បានជាក់លាក់។ អត់មានដំណើរការនីតិវិធីវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គមទេ»។
សម្រាប់លោក ហ៊ុន សែន លោកចាត់ទុកការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលនាំឲ្យមានជម្លោះដីធ្លីនេះគឺជាការសោកស្តាយរបស់លោកមួយ។
លោកមានប្រសាសន៍ថា៖
«ចំណុចទីពីរគឺជាចំណុចដែលយើងសោកស្តាយគឺនៅពេលដែលយើងបានចាប់ផ្តើមផ្តល់នូវសម្បទានដីធ្លីគេហៅថា សម្បទានដីសេដ្ឋកិច្ច ក៏បានធ្វើឲ្យមានជម្លោះកើតឡើង ដោយសារយើងត្រួតត្រាសភាពការណ៍នេះមិនបានដិតដល់ ជាមួយនឹងមន្រ្តីថ្នាក់ក្រោមរបស់យើង»។
កាលពីឆ្នាំ២០១២ បន្ទាប់ពីការបណ្តេញចេញដោយបង្ខំជាច្រើនឆ្នាំ និងការតវ៉ាជាច្រើនរបស់ពលរដ្ឋដែលរងគ្រោះដីធ្លី រដ្ឋាភិបាលបានសម្រេចបញ្ឈប់ការផ្តល់ដីសម្បទាន និងកំណត់រយៈពេលនៃការគ្រប់គ្រងដីសម្បទានទាំងនោះមកត្រឹមរយៈពេល៥០ឆ្នាំវិញ។ បន្ទាប់មក លោក ហ៊ុន សែន បានបង្កើតកម្មវិធីវាស់វែងដីធ្លីឲ្យប្រជាពលរដ្ឋ ដោយលោកបានប្រើប្រាស់និស្សិតជាអ្នកធ្វើការងារទាំងនោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖
«ដូច្នេះហើយបានជាចាប់ផ្តើមឲ្យខ្ញុំមានយុទ្ធនាការប្រើប្រាស់យុទ្ធជន យុវជនជានិស្សិតរាប់ពាន់នាក់ ដើម្បីជួយវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដកហូតដីសម្បទានសេដ្ឋកិច្ចមួយចំនួន ដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋ»។
នៅក្នុងកិច្ចសម្ភាសន៍នោះ លោក ហ៊ុន សែន ក៏បានរំឭកថា អំឡុងទសវត្សរ៍១៩៥០ ក្រុមគ្រួសាររបស់លោកមានជម្លោះដីធ្លីនៅក្នុងខេត្តកំពង់ចាម។ លោកបានលើកឡើងថា ក្រុមខ្មែរអ៊ិសារ៉ាក់ ដែលជាក្រុមតស៊ូប្រឆាំងនឹងបារាំង បានចាប់ជីដូនរបស់លោកដើម្បីជម្រិតទារប្រាក់។ វាបានបង្ខំឲ្យក្រុមគ្រួសាររបស់លោកលក់ដីដើម្បីយកលុយប្រគល់ឲ្យ ជាថ្នូរនឹងការដោះលែង។ លោកបន្តថា ក្រោយមក ក្រុមគ្រួសាររបស់លោកបានចាប់ដីនៅកន្លែងផ្សេង ដោយខុសច្បាប់។
លោកមានប្រសាសន៍ថា៖
«ពេលនោះគឺពួកអ៊ិសារ៉ាក់បានចាប់ជីដូនរបស់ខ្ញុំ ដើម្បីជម្រិតទារប្រាក់។ ឪពុកម្តាយខ្ញុំ និងក្រុមគ្រួសារបានលក់ដីយ៉ាងច្រើន ដើម្បីបានប្រាក់ទៅលោះជីដូនរបស់ខ្ញុំ។ ស្ថានភាពនោះហើយដែលធ្វើឲ្យគ្រួសារនេះធ្លាក់ខ្លួនក្រ»។
«ឈ្នះបានដី ចាញ់បានលុយ»
បើទោះជាមានការសោកស្តាយទៅលើជម្លោះដីធ្លីក៏ដោយ លោក ហ៊ុន សែន បានលើកឡើងថា ប្រជាជនមួយចំនួនដែលតវ៉ារឿងដីធ្លី បានដើរតួធ្វើជាជនរងគ្រោះ។
លោក ហ៊ុន សែន បានថ្លែងថា៖
«រឿងនេះមានចំណុចខ្លះ ក្រុមហ៊ុនបានធ្វើបំពាន។ ប៉ុន្តែមានចំណុចខ្លះ នៅកម្ពុជា មានចំណុចអញ្ចេះ។ ឈ្នះបានដី ចាញ់បានលុយ។ នៅពេលជួនកាល មួយយប់ គេអាចកសាងផ្ទះបាន២០០ផ្ទះ។ អីចឹងតើលោកជឿបានថា មួយយប់ គេអាចកសាងផ្ទះបាន២០០ផ្ទះទេ? នេះហើយជាយុទ្ធវិធីរបស់ក្រុមមនុស្សខិលខូចមួយក្រុម ដើម្បីគេអាចបានដី។ បើសិនជាឈ្នះ គេបានដី បើចាញ់ បានលុយ»។
ក្រុមសិទ្ធិមនុស្សបានលើកឡើងថា ប្រជាជនរាប់ពាន់គ្រួសារត្រូវបានបណ្តេញចេញ ដោយសារការផ្តល់ដីសម្បទាន ហើយរដ្ឋាភិបាលមិនបានផ្តល់សំណងសមរម្យនោះទេ។ ប៉ុន្តែលោក ហ៊ុន សែន បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា រដ្ឋាភិបាលរបស់លោកបានផ្តល់សំណងសមរម្យទៅឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ប៉ុន្តែពួកគេនៅតែចង់បានប្រាក់បន្ថែមទៀត ដោយសារដីចេះតែឡើងថ្លៃ។
លោកមានប្រសាសន៍ថា៖
«បើសិនជាយើងគិតឲ្យបានដិតដល់ ដីឡើងថ្លៃរហូត។ ខ្ញុំសូមជម្រាបអញ្ចេះ នៅពេលដែលយើងចាប់ផ្តើមដោះស្រាយគោលនយោបាយឲ្យគេ គេទទួលយកនៅពេលនោះ។ ក៏ប៉ុន្តែនៅពេលដែលដីវាឡើងថ្លៃ គេក៏ចាប់ផ្តើមមកទារលុយបន្ថែម។ តើរឿងនេះ បើសិនជាលោកវិញ លោកដោះស្រាយយ៉ាងម៉េចដែរ? បើសិនជាលោកជាខ្ញុំ។ នៅពេលឆ្នាំ២០០០ តម្លៃដីធ្លី គេដោះស្រាយប៉ុណ្ណឹង។ ដល់ទៅពេលឆ្នាំ២០១៥ តម្លៃដីធ្លី កន្លែងហ្នឹង វាឡើង។ អីចឹងគេមកទារលុយថែម។ បើអីចឹងគ្រប់ទីកន្លែងយើងដើរ តើចំនួនបែបនេះ លោកអាចទទួលយកទៅកើតទេ»។
លោក ហ៊ុន សែន បានបន្ថែមថា៖
«ខ្ញុំមិនមែនកាន់ជើងអ្នកមាន ហើយក៏មិនមែនកាន់ជើងអ្នកក្រដែរ។ ក៏ប៉ុន្តែកន្លែងខ្លះ វាលំបាក»។
ការបណ្តេញចេញនៅក្នុងជម្លោះដីធ្លីកាលពីកន្លងទៅ មានការប្រឈមនឹងការបាញ់ប្រហារពីកម្លាំងប្រដាប់អាវុធផងដែរ។ កាលពីខែមីនាឆ្នាំ២០១៨ កងកម្លាំងបានបាញ់ប្រហារទៅលើអ្នកតវ៉ានៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ហើយបណ្តាលឲ្យមនុស្ស៣នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើង។ ចំណែកក្នុងឆ្នាំ២០១៤ ក្នុងជម្លោះដីធ្លីមួយនៅខេត្តក្រចេះដដែល កងកម្លាំងក៏បានបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា បណ្តាលឲ្យក្មេងស្រីម្នាក់អាយុ១៤ឆ្នាំបានស្លាប់។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាននិយាយការពារថា រដ្ឋាភិបាលរបស់លោកមិនដែលបានបណ្តេញប្រជាពលរដ្ឋ ដែលរស់នៅលើដីស្របច្បាប់នោះទេ។
លោកមានប្រសាសន៍ថា៖
«សុំទោស លោកប្រហែលជាភាន់ច្រឡំ! យើងមិនដែលបង្ខំអ្នកណាចេញពីដីរបស់ខ្លួនទេ។ អ្នកដែលមកនៅលើដីគេ ឬមកនៅលើដីរដ្ឋ ដែលគាត់មិនមានសិទ្ធិស្របច្បាប់មកនៅលើដីហ្នឹងទេ។ កន្លែងនោះហើយដែលគេត្រូវយកវិញ។ គេផ្តល់នូវសំណងមួយចំនួនថែមទៀតផង។ ហ្នឹងហើយដែលថា ឈ្នះបានដី ចាញ់បានលុយនោះ»។
លោកបញ្ជាក់បន្ថែមថា៖
«សូមបញ្ជាក់ថា ខ្ញុំមិនអនុញ្ញាតទេចំពោះអ្នកណាដែលប្រើប្រាស់ដែលប្រើប្រាស់នូវមធ្យោបាយមិនស្របច្បាប់ទៅបំពានដីប្រជាជនដែលកាន់កាប់ដោយស្របច្បាប់យូរមកហើយ»។
ដោះស្រាយជម្លោះដីធ្លីដើម្បីសន្លឹកឆ្នោត
លោក អំ សំអាត ប្រធានការិយាល័យបចេ្ចកទេសស៊ើបអង្កេតនៃអង្គការលីកាដូ មានប្រសាសន៍ថា ជម្លោះដីធ្លីគឺជាបញ្ហាក្តៅមួយនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ជួនកាល ជម្លោះដីធ្លីនេះមានការបណ្តេញចេញដោយហិង្សា ហើយបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលគណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រច្រើន ស្ទើរតែឈ្នះការបោះឆ្នោត។
លោកបន្ថែមថា ការចាប់ខ្លួន ការឃុំខ្លួន និងការកាត់ទោសអ្នកមានជម្លោះដីធ្លី បានធ្វើឲ្យប្រជាពលរដ្ឋរឹតតែខឹងនឹងអាជ្ញាធរនៅថ្នាក់ក្រោម និងរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖
«អាហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹងមានការខឹងសម្បារនឹងអាជ្ញាធរមូលដ្ឋាន ខឹងនឹងអាជ្ញាធរដែនដី។ អាហ្នឹងហើយដែលធ្វើឲ្យប៉ះពាល់ដល់សំឡេងឆ្នោត»។
លោកបានបន្ថែមថា៖
«ចំណុចទីមួយ យើងគិតថា ជាចេតនារបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាដីធ្លី ដើម្បីបញ្ចប់បញ្ហាវិបត្តិរ៉ាំរ៉ៃហ្នឹងផង ហើយមួយទៀតជាធម្មតាទេ តែអាជ្ញាធរធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។ អាហ្នឹងប្រជាពលរដ្ឋលោកនឹងមើលឃើញខ្លួនគាត់ ហើយថា គាត់មានបញ្ហាហ្នឹង អាជ្ញាធរដោះស្រាយជូនគាត់អត់»។
កាលពីខែមិថុនា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលមានជម្លោះដីធ្លីនៅខេត្តកោះកុង រួមមានលោក ង៉ែត ស៊ីម ផងដែរ បានឡើងមករាជធានីភ្នំពេញ ដើម្បីតវ៉ាជាច្រើនថ្ងៃ ក្នុងការជំរុញឲ្យរដ្ឋាភិបាលផ្តល់សំណងដល់ពួកគេ ក្នុងនោះមានដី និងប្រាក់មួយចំនួន។
ដោយសារការតវ៉ារបស់ពួកគេជាបន្តបន្ទាប់ និងច្រើនថ្ងៃ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោម បង្កើនការត្រួតពិនិត្យ និងដោះស្រាយដីធ្លី ដើម្បីបញ្ចៀសកុំឲ្យប្រជាជនមានប្រមូលផ្តុំ និងដាក់ញត្តិនៅភ្នំពេញ។
មន្រ្តីដែលធ្វើការលើបញ្ហាដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បានរិះគន់ការដោះស្រាយបញ្ហាដីធ្លីរបស់រដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖
«អីចឹង ខ្ញុំឃើញថា រាជរដ្ឋាភិបាល លោកខំមែននៅមុនបោះឆ្នោត ក៏ប៉ុន្តែការដោះស្រាយដីធ្លីហ្នឹងមិនមានលក្ខណៈជាប្រព័ន្ធស្តង់ដារ។ ការដោះស្រាយហ្នឹងត្រូវមានលក្ខណៈឲ្យច្បាស់លាស់ មានស្តង់ដារមួយច្បាស់លាស់ហ្នឹង វាអត់ទេ មានន័យថា ដោះស្រាយហ្នឹងផ្សេងៗគ្នាអីចឹងណា៎»។
លោកពន្យល់បន្ថែមថា ករណីខ្លះ ប្រជាជនដែលរងគ្រោះទទួលបានទាំងថវិកា និងដីជាសំណង ប៉ុន្តែករណីខ្លះទទួលបានតែថវិកា តែមិនមានដីនោះទេ។
នៅថ្ងៃយុទ្ធនាការបោះឆ្នោតដំបូង កាលពីថ្ងៃទី៧ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងឈ្នះការបោះឆ្នោតដោយងាយស្រួល ដោយសារមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្រ្គោះជាតិនោះ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោករាប់ពាន់នាក់ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើឲ្យប្រសើរនូវស្ថានភាពនៃអ្នកគ្មានដីធ្លី។
លោកបានថ្លែងថា៖
«ប្រជាជនដែលគ្មានដីធ្លីនឹងត្រូវបានផ្តល់ដីសម្រាប់សាងសង់ផ្ទះ និងធ្វើចម្ការ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច»។
សម្រាប់លោក ង៉ែត ស៊ីម ដែលបានធ្វើដំណើរមកតវ៉ានៅរាជធានីភ្នំពេញ ជាច្រើនដងមកហើយនោះ បានមានប្រសាសន៍ថា លោកនិងអ្នកភូមិផ្សេងទៀត ត្រូវបានផ្តល់សំណងជាលុយចំនួន៣ពាន់ដុល្លារ រហូតមកដល់ពេលនេះ ប៉ុន្តែលោកនៅតែទាមទារឲ្យមានការផ្តល់ដី២ហិកតាដើម្បីលោកអាចធ្វើចម្ការចិញ្ចឹមជីវិតគ្រួសាររបស់លោក។ លោកមានប្រសាសន៍ថា អាជ្ញាធរបានសន្យាថា នឹងដោះស្រាយបញ្ហានេះ ក្រោយការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកមានប្រសាសន៍ថា៖
«ដល់តែពេលយើងអត់អីចឹង យើងបាត់បង់អស់ហើយបង។ អាហ្នឹងសង្ឃឹមតែលើកម្លាំងញើសឈាមរបស់យើង ស៊ីឈ្នួលគេមួយថ្ងៃៗ ប្រចាំថ្ងៃហ្នឹង»៕