នាវាសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ខ្លួនកំពុងតាមមើលប្រកបដោយការយកចិត្តទុកដាក់ដល់កប៉ាល់ចារកម្មចិនមួយគ្រឿងនៅក្នុងផ្ទៃទឹកអន្តរជាតិនៅជិតរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក នៅពេលដែលប្រទេស២៥ចូលរួមសមយុទ្ធសង្គ្រាមនាវាអន្តរជាតិនៅជិតនោះ។
មន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកម្នាក់បានប្រាប់ VOA កាលពីថ្ងៃសុក្រថា «ចិនកំពុងស៊ើបយកការណ៍សមយុទ្ធអន្តរជាតិ»។
អ្នកនាំពាក្យកងនាវាសហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបាននិយាយថា កប៉ាល់ចិននេះនឹងស្ថិតនៅខាងក្រៅដែនសមុទ្ររបស់សហរដ្ឋអាមេរិកហើយ នឹងមិនធ្វើកិច្ចប្រតិបត្តិការក្នុងលក្ខណៈមួយដែលរំខានដល់សមយុទ្ធនាវានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកទេ។
មន្រ្តីនាវានោះបាននិយាយទៀតថា «កប៉ាល់ស៊ើបយកការណ៍របស់ចិនបានទៅដល់ផ្ទៃទឹកមុខកោះហាវ៉ៃកាលពីថ្ងៃពុធ ហើយកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់សហរដ្ឋអាមេរិក។ មន្រ្តីរូបនោះនិយាយទៀតថា កងនាវាបានចាត់វិធាន ការប្រកបដោយការប្រុងប្រយ័ត្នដើម្បីការពារព័ត៌មានសំខាន់ៗ»។ ចិនមិនត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងសមយុទ្ធនាវានៅមហាសមុទ្រប៉ាស៊ីហ្វិកនៅខែឧសភាទេ។
លោកវរនាវីត្រី Christopher Logan អ្នកនាំពាក្យមន្ទីរបច្ចកោណបាននិយាយថា សកម្ម ភាពរបស់យោធាចិនកាលពីពេលថ្មីៗនេះនៅក្នុងសមុទ្រចិនខាងត្បូងបានធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់ ហើយបានធ្វើផ្ទុយនឹងច្បាប់អន្តរជាតិស្តីពីសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្ទៃទឹកអន្តរជាតិ។
លោក Logan និយាយទៀតថា «អាកប្បកិរិយារបស់ចិនមិនស្របទៅតាមគោលការណ៍និងគោលបំណងរបស់សមយុទ្ធនាវានៅមហាសមុទ្រប៉ាស៊ីហ្វិកទេ»៕