អ្នកជំនាញនិយាយថា ក្រុមនាវារបស់ប្រទេសមហាអំណាចនៅអឺរ៉ុបទាំងពីររួមមានអង់គ្លេសនិងបារាំងដែលមិនមែនជាប្រទេសទាមទារចំណែកក្នុងដែនសមុទ្រចិនខាងត្បូង នឹងក្លាយជាហេតុផលមួយយកទៅពន្យល់ដល់ពលរដ្ឋនៃប្រទេសរបស់ពួកគេអំពីការបង្កើនការចំណាយទៅលើវិស័យយោធា។ ការធ្វើនាវាចរណ៍របស់ពួកគេក៏នឹងបង្ហាញពីកម្លាំងនៃបច្ចេកវិទ្យាការពារជាតិរបស់បារាំង និងការជួយសហរដ្ឋអាមេរិកក្នុងការធានាថា ផ្លូវសមុទ្រនេះត្រូវបើកទូលាយសម្រាប់អន្តរជាតិប្រើប្រាស់ ទោះណាមានការគ្រប់គ្រងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិនក៏ដោយ។
គ្រោងការណ៍នាវាចរណ៍កាត់សមុទ្រចិនខាងត្បូងមានទំហំ៣,៥លាន គីឡូម៉ែត្រការ៉េ ត្រូវបានគេប្រកាសកាលពីដើមខែមិថុនា នៅក្នុងព្រឹត្តិការណ៍កម្រិតថ្នាក់ដឹកនាំយោធាដែលគេហៅថា Shangri-La Dialogue និងមានការចូលរួមពីលោកស្រី Florence Parly រដ្ឋមន្ត្រីការពារជាតិបារាំង និងសមភាគីអង់គ្លេសរបស់លោកស្រីគឺ លោក Gavin Williamson។
លោក Huang Kwei-bo ដែលជាព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យជាតិ Chengchនៅក្នុងទីក្រុងតៃប៉ិបាននិយាយថា៖ «តាមច្បាប់ ពួកគេមានសិទ្ធិធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែបើគិតពីនយោបាយនិងយុទ្ធសាស្ត្រ ពួកគេកំពុងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ និងកំពុងជួយអាមេរិកក្នុងការអនុវត្តយុទ្ធសាស្ត្រប្រឆាំងនឹងជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងតំបន់នេះ»។
ក្តីបារម្ភក្នុងស្រុក
លោក Alan Chong ដែលជាសាស្ត្រាចារ្យរងនៅសាលាសិក្សាអន្តរជាតិ S. Rajaratnam នៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ប្រទេសអឺរ៉ុបទាំងពីរនេះដែលធ្លាប់បានដាក់អាណានិគមនៅទូទាំងពិភពលោក ចង់បង្ហាញដល់ពលរដ្ឋរបស់ខ្លួននូវអ្វីដែលយោធារបស់ពួកគេអាចធ្វើបាន បន្ទាប់ពីមានការបង្កើនការចំណាយទៅលើវិស័យយោធា។
លោក Chong ថ្លែងថា៖ «រដ្ឋាភិបាលអង់គ្លេសនិងបារាំងបន្តបង្ហាញនូវការចាយវាយទៅវិស័យការពារជាតិរបស់ខ្លួន។ មហាអំណាចលំដាប់ទី២ មានដូចជា អង់គ្លេស និងបារាំងជាដើមនោះ នឹងប្រឈមមុខកាន់តែខ្លាំងក្នុងការពន្យល់ឲ្យបានត្រឹមត្រូវពាក់ព័ន្ធនឹងការចំណាយលើវិស័យការពារជាតិដ៏ច្រើនរបស់ខ្លួន»។
ថវិកាសម្រាប់វិស័យការពារជាតិអង់គ្លេសមានចំនួនប្រមាណ ៤៦៨០លានដុល្លារនៅក្នុងឆ្នាំ២០១៦ ដែលជាចំនួនច្រើនលំដាប់ទី៥នៅក្នុងពិភពលោក នេះបើយោងតាមគេហទំព័រក្រសួងការពារជាតិអង់គ្លេស។ គេហទំព័រនេះសរសេរថា រដ្ឋាភិបាល «ប្តេជ្ញាបង្កើនចំណាយទៅលើវិស័យការពារជាតិ» យ៉ាងហោចណាស់ក៏០,៥%ដែរ។
ប្រទេសបារាំងមានគម្រោងចំណាយថវិកាចំនួន៣៦១ ពាន់លានដុល្លារលើវិស័យការពារជាតិចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដែលកើនឡើងរហូតដល់ ៥៥%បើធៀបនឹងថវិកាចាប់ពីឆ្នាំ២០១៤ ដល់២០១៨។ វិទ្យាស្ថាន Stockholm អន្តរជាតិសម្រាប់ស្រាវជ្រាវសន្តិភាព (Stockholm International Peace Research Institute) បានឲ្យដឹងថា បារាំងក៏ជាប្រទេសផ្គត់ផ្គង់អាវុធធំទី៣ផងដែរ។
លោក Jonathan Spangler ដែលជានាយកអង្គការវិភាគលើបញ្ហាសមុទ្រចិនខាងត្បូងឬ South China Sea Think Tank នៅក្នុងទីក្រុងតៃប៉ិបាននិយាយថា បារាំងនឹងប្រើប្រាស់បេសកកម្មសមុទ្រចិនខាងត្បូងដើម្បីបញ្ជាក់ពីតម្លៃនៃសព្វាវុធរបស់ខ្លួន។
ជម្លោះមួយនៅអាស៊ី
ប្រទេសព្រុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមបានទាមទារផ្នែកខ្លះ ឬផ្នែកទាំងមូលនៃសមុទ្រចិនខាងត្បូងថាជារបស់ខ្លួន។ សមុទ្រដែលលាតសន្ធឹងពីហុងកុង ទៅដល់កោះ Borneo នេះត្រូវបានគេជឿថា សម្បូរទៅដោយធនធានមច្ឆជាតិ និងជាអណ្តូងប្រេង និងឧស្ម័នធម្មជាតិ។
ចិនបានចាក់បំពេញកោះតូចៗចំនួន៥០០នៅក្នុងសមុទ្រនេះក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដែលកោះខ្លះប្រើប្រាស់សម្រាប់យោធា ដើម្បីបង្កើនការគ្រប់គ្រងរបស់ខ្លួនលើការទាមទារប្រមាណ៩០%នៃដែនសមុទ្រទាំងអស់ ដែលនេះបានធ្វើឲ្យភាគី៥ផ្សេងទៀតមានការខឹងសម្បារ។ ចិនបានចរចាដោយសម្ងាត់ជាមួយនឹងប្រទេសទាមទារក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពេលខ្លះគេមើលឃើញតាមរយៈជំនួយសេដ្ឋកិច្ច ដើម្បីរក្សាសន្តិភាព។
ជាឧទាហរណ៍ ចិនបានសន្យាផ្តល់ប្រាក់ចំនួន២៤ ពាន់លានដុល្លារតាមរយៈជំនួយ និងការវិនិយោគដល់ហ្វីលីពីននៅក្នុងឆ្នាំ២០១៦។
លោក Herman Kraft ដែលជាសាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យហ្វីលីពីនDiliman នៅក្នុងតំបន់ទីក្រុងម៉ានីលបាននិយាយថា ក្រុមមន្ត្រីហ្វីលីពីនប្រហែលនឹងមិននិយាយអ្វីនោះទេ អំពីនាវារបស់អង់គ្លេស និងបារាំង។
លោកបាននិយាយថា៖ «អ្វីដែលសំខាន់ពាក់ព័ន្ធជាមួយនឹងហ្វីលីពីន គឺថាហ្វីលីពីននឹងមិនរិះគន់ប្រទេសចិននោះទេ។ ការសន្និដ្ឋានរបស់ខ្ញុំគឺ ហ្វីលីពីននឹងនៅស្ងៀមលើបញ្ហានេះ»។
ប៉ុន្តែសហរដ្ឋអាមេរិកបានលូកដៃចូលក្នុងជម្លោះនៅអាស៊ីនេះ ដោយបានបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់សមុទ្រនេះជាច្រើនលើកច្រើនសារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែង នៅក្នុងឆ្នាំ២០១៧។ បេសកកម្មរបស់នាវាចម្បាំងអាមេរិកគឺប្រឆាំងនឹងការកាន់កាប់ដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកជំនាញនិយាយថា បារាំងនិងអង់គ្លេសអាចនឹងលូកដៃជួយអាមេរិក ដែលជាសម្ព័ន្ធយោធាតាំងពីយូររបស់ពួកគេ។ ប្រទេសអឺរ៉ុបទាំងពីរនេះក៏បានបញ្ជូននាវារបស់ខ្លួនទៅសមុទ្រចិនខាងត្បូងកាលពីពេលមុនផងដែរ។
លោក James Berkeley ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Ellice Consulting នៅក្នុងទីក្រុងឡុងដ៍បាននិយាយថា៖ «អង់គ្លេសមើលឃើញថា វាមានសារៈសំខាន់ក្នុងការទប់ទល់នឹងការទាមទារដែនសមុទ្រហួសហេតុរបស់ចិន បើតាមច្បាប់សមុទ្ររបស់អ.ស.ប.។ ប្រសិនបើមិនទប់ទល់នោះទេ ចិនអាចនឹងអះអាងដោយសមហេតុសមផលថា ពិភពលោកបានយល់ស្របជាមួយនឹងទស្សនៈរបស់ខ្លួន»។
លោក Berkeley បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងលើដែនសមុទ្ររបស់អង់គ្លេសអាចនឹងជួយឲ្យខ្លួនដោះស្រាយបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្រៅប្រទេសនៅពេលក្រោយ។ បញ្ហាពាណិជ្ជកម្មនិងសេដ្ឋកិច្ចនេះជាក្តីបារម្ភមួយនៅក្នុងស្រុក។
ប្រតិកម្មរបស់ចិន
អ្នកវិភាគរំពឹងថា ចិននឹងតវ៉ាប្រឆាំងនឹងនាវារបស់ប្រទេសអឺរ៉ុបទាំងពីរនេះ ដោយចេញសេចក្តីថ្លែងការណ៍ ហើយទីបំផុតនឹងបង្កើនកម្លាំងយោធានៅលើដែនសមុទ្រ។
លោក Spangler បាននិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងប្រើប្រាស់នាវារបស់ខ្លួនឲ្យតាមពីក្រោយនាវារបស់បារាំង ហើយប្រាប់ឲ្យនាវាទាំងនោះចាកចេញពីដែនទឹក ហើយបន្ទាប់មក ចិននឹងដាក់ពាក្យបណ្តឹងបែបការទូតតាមក្រោយ ប៉ុន្តែវាគ្រាន់តែជាការផ្តល់សញ្ញាមួយតែប៉ុណ្តោះ ដើម្បីទប់ស្កាត់មិនចង់ឲ្យមានរឿងនេះកើតឡើង»។
លោក Eduardo Araral ដែលជាសាស្ត្រាចារ្យរងនៅសាលាគោលនយោបាយសាធារណៈរបស់សាកលវិទ្យាល័យជាតិសិង្ហបុរីបានថ្លែងថា ដោយចងចាំនូវព្រឹត្តិការណ៍ក្នុងទសវត្សរ៍១៨៩០ នៅពេលដែលអង់គ្លេសទាមទារសម្បទានពាណិជ្ជកម្មដើម្បីជាថ្នូរនឹងសង្គ្រាមប្រឆាំងអាភៀន ចិននឹងយល់ថា ខ្លួនត្រូវតែចាត់វិធានការទៅលើបញ្ហានេះ។
លោកបានថ្លែងថា៖ «ចិននឹងមិនបណ្តោយឲ្យគេយល់ថា ខ្លួនបានត្រឹមតែឈរនៅស្ងៀម ហើយឲ្យអង់គ្លេសនិងបារាំងធ្វើអ្វីស្រេចតែចិត្តនោះទេ។ ចិនមានប្រវត្តិយូរលង់ណាស់មកហើយ ហើយពួកគេយល់ថា ពួកគេត្រូវបានអង់គ្លេសធ្វើឲ្យបាក់មុខនៅក្នុងសង្គ្រាមអាភៀន»។
លោកបានបន្ថែមថា ចិនអាចនឹងយកហេតុការណ៍នេះធ្វើជាលេសដើម្បី «ពង្រឹងការការពារដែនកោះរបស់ខ្លួន។ ហើយទង្វើបែបហ្នឹងនឹងមិនអាចជួយស្ថានការណ៍នៅតំបន់មួយនេះនៃពិភពលោកបានឡើយ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ