ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីចិន​​បង្ហាញ​សុទិដ្ឋិនិយម​អំពី​សេដ្ឋ​កិច្ច​​របស់​ចិន


លោក Xi Jinping ប្រធានាធិបតី​ចិន​​ថ្លែង​សុន្ទរកថា​​បើក​កិច្ច​ប្រជុំ​​ APEC ​នៅ​ក្រុង​ប៉េកាំង​​ថ្ងៃទី៩​វិច្ឆិកា​​២០១៤​
លោក Xi Jinping ប្រធានាធិបតី​ចិន​​ថ្លែង​សុន្ទរកថា​​បើក​កិច្ច​ប្រជុំ​​ APEC ​នៅ​ក្រុង​ប៉េកាំង​​ថ្ងៃទី៩​វិច្ឆិកា​​២០១៤​

លោក​ស៊ីជីនពីង ​ប្រធានាធិបតី​ចិន និយាយ​ថា ​ខណៈ​ដែល​សេដ្ឋ​កិច្ច​ចិន​ប្រឈម​បញ្ហា វា​មិន​មាន​ការ​ភ័យ​ខ្លាចដូច​មនុស្ស​ខ្លះ​បាន​គិត​នោះ​ទេ។ ​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ពួក​មេ​ដឹកនាំ​ពាណិជ្ជកម្ម​ពិភព​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​ស៊ី​ក៏​បាន​អំពាវនាវ​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿនថែម​ទៀត​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ក្នុង​តំបន់​ហើយ​នឹង​សង្កត់​ពី​ផែនការ​របស់​ចិន​ដើម្បី​បង្កើត​មូល​និធិដែល​មាន​ថវិកា​៤០​ពាន់​លានដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់។​

ប្រធានាធិបតី​ស៊ី​ជីន​ពីង​និយាយ​ថា ​នៅពេល​ដែល​ចិន​កែ​សម្រួល​អ្វី​ដែលលោក​ហៅ​ថា ​ភាព​ធម្មតា​ថ្មីនៃ​ការ​រីក​ចម្រើន​ខ្សោយ​ជាង​មុនហើយនឹង​ការធ្លាក់ចុះ​នៃ​ការ​នាំ​ទំនិញ​ចេញ​នោះ​ ​អត្រា​រីកលូតលាស់​របស់​ប្រទេស​នេះ​នៅ​តែ​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុតនៅ​ក្នុង​ពិភព​លោក​គឺ​មាន​ប្រហែល​៧​ភាគ​រយ។​

«លោក​ស៊ី​និយាយ​ថា ​អ្នក​ខ្លះព្រួយ​បារម្ភ​ថា ​សេដ្ឋ​កិច្ច​ចិន​នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ​ឬ​ថា​តើ​សេដ្ឋ​កិច្ច​អាច​ឡើង​កម្រិត​កំណើនសេដ្ឋ​កិច្ច​ឬ​ទេ?​ ​លោក​និយាយ​ទៀត​ថា ​មាន​ហានិភ័យ​ពិត​ប្រាកដ ​ក៏​ប៉ុន្តែ​ ​វា​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ»។​

សេដ្ឋ​កិច្ច​ចិន​បាន​ធ្លាក់​ចុះ​ដល់កម្រិត​ទាបថ្មី​មួយ​ក្នុង​ត្រីមាស​ទី​៣។​ ឥឡូវ​នេះ ​សេដ្ឋ​កិច្ច​ចិន​បាន​នៅ​ចំណុច​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ហើយ​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ​សាកល​លោក​ឆ្នាំ​២០០៩។​

កំណត់​សម្គាល់​របស់​លោក​ស៊ីបាន​ធ្វើ​ឡើង​នៅ​ឯ​ការ​ថ្លែងបើក​ពិធី​មួយ​នៃសន្និសីទ​កំពូល​របស់​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កិច្ច​សហ​ប្រតិបត្តិ​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក។ ​នៅ​ក្នុង​សុន្ទរក​ថានេះ​ លោក ​បាន​កត់​សម្គាល់ថា ​នៅពេល​ដែល​ចិន​ធ្វើ​ការដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​របៀប​វារៈ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់ដ៏​ខ្លាំង​មួយនៅ​ក្នុង​ប្រទេសខ្លួន​នោះ​ គេ​បាន​មើលឃើញ​ការ​រីក​ចម្រើន​រួច​ទៅ​ហើយ ​ដូចជា​ការ​ប្រើ​ប្រាស់​ទំនិញ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើង។​

លោក​ក៏​និយាយ​ដែរ​ថា ​របៀប​វារៈ​នៃ​កំណែ​ទម្រង់​ដ៏​ធំមួយនឹង​មិន​ត្រឡប់​ថយ​ក្រោយ​ទេ។ ​ហើយ​របៀបវារៈ​នៃ​កំណែ​ទម្រង់​នោះ​បាន​ចាប់​ផ្តើមកាល​ពី​ចុង​ឆ្នាំ​ទៅ។​

«ប្រធានាធិបតី​ចិន​និយាយ​ថា ​នៅ​ពេល​ដែល​គេ​ទាញធ្នូ​បាញ់​ហើយ​នោះ​ ព្រួញ​មិន​អាច​ដាក់​ចូល​ក្នុង​បំពង់​វិញ​ទេ។ ​លោក​និយាយ​ទៀត​ថា ​ចិន​បាន​តាំង​ចិត្ត​ធ្វើ​កំណែទម្រង់ហើយ​នឹង​ធ្វើ​ឲ្យ​ទីផ្សារមាន​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​សេដ្ឋ​កិច្ច»។​

នៅ​ពេលដែល​ចិន​កំពុង​ធ្វើ​កំណែ​ទម្រង់ខ្លួន​ឯង ​ចិន​ក៏កំពុងទាក់​ទង​ខាង​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​ជាមួយ​តំបន់​ដែរ។ ​លោក​ស៊ីនិយាយ​ថា ​ចិន​នឹង​ដាក់​ប្រាក់​៤០​ពាន់​លាន​ដុល្លារ​នៅ​ក្នុងមូលនិធិ​មាន​ឈ្មោះ​ថា​ ​មូលនិធិ​ផ្លូវ​សូត្រ ​Silk Road Fund ​ដើម្បី​ជួយ​ស្ថាបនាហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទូទាំង​តំបន់៕​

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG