ពាណិជ្ជករវៀតណាមបានអំពាវនាវឲ្យធ្វើពហិការផលិតផលដែលមានគុណភាពទាបនិងគ្មានសុវត្ថិភាពរបស់ចិន នៅពេលដែលមានមនោសញ្ចេតនាប្រឆាំងចិនកំពុងកើនឡើងនៅក្នុងប្រទេសនោះ។
យុទ្ធនាការនោះ ដែលត្រូវដឹកនាំដោយលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម បានលើកទឹកចិត្តពួកអ្នកប្រើប្រាស់ទំនិញឲ្យប្រើប្រាស់ទំនិញធ្វើនៅប្រទេសវៀតណាមដែលជាមធ្យោបាយមួយដើម្បីបង្ហាញពីភក្តីភាពដល់ជាតិរបស់ខ្លួនក្នុងពេលប្រឈមឥរិយាបទគគ្លើនរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយលោក Loc បានប្រាប់ VOA ផ្សាយជាភាសាវៀតណាមថា លោកមិនបានស្នើសុំឲ្យធ្វើពហិការទំនិញទាំងអស់របស់ចិនទេ ក៏ប៉ុន្តែការទិញទំនិញធ្វើនៅក្នុងស្រុក ដែលមានតម្លៃសមរម្យនិងមានសុវត្ថិភាព ត្រូវតែជាអាទិភាព។
លោកថ្លែងថា៖ «យើងមិនជំរុញឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ទំនិញរបស់ចិនទេ។ យើងគ្រាន់តែលើកទឹកចិត្តពួកគេកុំឲ្យទិញផលិតផលទាំងឡាយណាដែលធ្វើនៅក្នុងប្រទេសចិនដែលបានមកពីការរត់ពន្ធនិងគ្មានសុវត្ថិភាព ហើយផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាមដោយមានតម្លៃប្រកួតប្រជែងជំនួសវិញ។ អាទិភាពគួរតែផ្តល់ឲ្យទំនិញវៀតណាម ក៏ប៉ុន្តែមិនមែនប្រឆាំងនឹងទំនិញផ្សេងទាំងអស់នោះទេ»។
រដ្ឋាភិបាលទីក្រុងហាណូយទទួលការជំរុញដោយមនុស្សជាច្រើន រួមមានទាំងសមាជិកគណបក្សកុម្មុយនិស្តឲ្យកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់វៀតណាមលើចិនបន្ទាប់ពីការដាក់ការដ្ឋានខួងប្រេងដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងផ្ទៃទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
លោក Vu និយាយទៀតថា ពាណិជ្ជករវៀតណាម អាចសម្តែងលក្ខណៈជាតិនិយមរបស់ខ្លួនដោយផលិតផលិតផលធ្វើនៅក្នុងប្រទេសវៀតណាមដែលមានការប្រកួតប្រជែងដែលអាចប្រណាំងប្រជែងមិនត្រឹមតែក្នុងទីផ្សារវៀតណាមទេ ក៏ប៉ុន្តែនៅក្នុងទីផ្សារបរទេសដែរ។
បណ្តាញផ្សាយព័ត៌មានវៀតណាមរាយការណ៍ថា អ្នកប្រើប្រាស់ទំនិញវៀតណាម៦៣ភាគរយ ចូលចិត្តផលិតផលក្នុងស្រុកជាងផលិតផលនាំចូលមកពីបរទេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើការស្ទង់មតិនេះ ធ្វើឡើងយ៉ាងដូចម្តេចទេ។
យោងទៅតាមស្ថិតិផ្លូវការ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់វៀតណាមដោយមានពាណិជ្ជកម្មទៅវិញទៅមកបានឡើងដល់ជាង៥០ពាន់លានដុល្លារនៅឆ្នាំ២០១៣។
ចិននៅតែរក្សាបានចំណាត់ថ្នាក់នេះនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៤ ថ្វីបើមានការតានតឹងពីសមុទ្រចិនខាងត្បូងក៏ដោយ៕
សេចក្តីរាយការណ៍នេះត្រូវផលិតដោយ VOA ភាសាវៀតណាម
ប្រែសម្រួលដោយ ជឹង ប៉ូជីន