កងទ័ពជើងទឹកចិនបានប្រគល់ខ្លួនមេចោរសមុទ្រដ៏ល្បីឈ្មោះម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន ក្រោយពីមេចោររូបនេះបានបរាជ័យក្នុងការប្លន់កប៉ាល់មួយគ្រឿង។
ឈ្មោះ Abdikarim Salah ដែលត្រូវបានគេស្គាល់ថា Aw Koombe និងចោរសមុទ្រពីរនាក់ទៀត កំពុងស្ថិតនៅក្រោមការឃុំខ្លួនដោយមន្ត្រីសន្តិសុខនៃរដ្ឋ Puntland នៅកំពង់ផែសមុទ្រក្រហមនៃទីក្រុង Bosaso ក្នុងប្រទេសសូម៉ាលី ស្ថិតនៅភាគឦសាននៃទ្វីបអាហ្វ្រិក។
ចោរទាំងបីនាក់ ដែលត្រូវបានដាក់ខ្នោះនិងពាក់អាវពោង ត្រូវបានបញ្ជូនមកកំពង់ផែកាលពីថ្ងៃទី៥ ខែឧសភា តាមទូកជ័រតូចៗ។
លោកវរសេនីយឯក Yasin Ali Nur មេបញ្ជាការកងកម្លាំងសន្តិសុខនៃកំពង់ផែ Bosaso បានប្រាប់លោក Fadumo Yasin Jama អ្នកសារព័ត៌មានរបស់VOA ប្រចាំប្រទេសសូម៉ាលីថា ចោរសមុទ្រទាំងបីនាក់នឹងត្រូវកាត់ទោសពីបទចោទនានាពាក់ព័ន្ធនឹងអំពើប្លន់តាមសមុទ្រ។
លោក Nur និយាយថា៖ «អ្នកទោសទាំងបីនាក់នេះ រួមទាំងអាវុធរបស់ពួកគេផងដែរនោះ នឹងត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់កំពង់ផែ រហូតដល់ពួកគេត្រូវផ្ទេរទៅមន្ទីរឃុំឃាំងនៅស្នាក់ការកណ្ដាល និងរង់ចាំរហូតដល់ពួកគេត្រូវឡើងតុលាការ»។
ការប្លន់កប៉ាល់រាប់សិបករណី
លោក Abdimajid Samatar នាយកប្រចាំតំបន់នៃនាយកដ្ឋានកំពង់ផែនិងការដឹកជញ្ជូនតាមផ្លូវសមុទ្រ សម្រាប់ត្រួតពិនិត្យសកម្មភាពប្រឆាំងការប្លន់តាមសមុទ្រនៅក្នុងរដ្ឋ Puntland បាននិយាយថា ក្នុងចំណោមចោរទាំងបីនាក់នេះ មានម្នាក់ធ្លាប់បានចូលរួមក្នុងការប្លន់កប៉ាល់រហូតដល់២៦ដង។ គេជឿថា ចោរដែលលោក Samatar និយាយនោះ គឺសំដៅទៅលើឈ្មោះ Aw Koombe។
ក្រុមចោរសមុទ្របានវាយប្រហារកប៉ាល់ដែលមានបំពាក់ទង់ជាតិរបស់កោះ Tuvalu កាលពីថ្ងៃទី៨ ខែមេសា នៅឆ្ងាយពីកោះ Socorta។ ក្រុមកម្មករនៅលើកប៉ាល់បានចាក់សោលាក់ខ្លួនពួកគេនៅក្នុងបន្ទប់សុវត្ថិភាព ដែលការណ៍នេះបានធ្វើឲ្យក្រុមចោរសមុទ្រមិនអាចបង្វែរទិសដៅកប៉ាល់ទៅកាន់ដីគោកនៃប្រទេសប្រទេសសូម៉ាលីបាន។
ក្រោយមកនាវាកងទ័ពជើងទឹកចិននិងឥណ្ឌា បានទៅដល់កន្លែងកើតហេតុ និងបានជួយសង្គ្រោះកប៉ាល់នោះ។
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយ VOA បន្ទាប់ពីកងទ័ពជើងទឹកចិនបានប្រគល់ខ្លួនពួកចោរសមុទ្រទាំងនោះឲ្យទៅប្រទេសសូម៉ាលីវិញ មេចោរសមុទ្រឈ្មោះ Aw Koombe បាននិយាយដោយត្រង់ៗអំពីអ្វីដែលបានកើតឡើងនៅលើកប៉ាល់នាពេលនោះ ។
មេចោររូបនោះបានប្រាប់អ្នកយកព័ត៌មានរបស់ VOA ថា ពួកគេទាំងបីនាក់បានឡើងកប៉ាល់ក្នុងបំណងប្លន់វា។ ប៉ុន្តែពួកគេបានជួបនឹងឧបសគ្គ បន្ទាប់ពីក្រុមកម្មករនៅក្នុងកប៉ាល់បានចាក់ចោរលាក់ខ្លួននៅក្នុងបន្ទប់សុវត្ថិភាព។
Aw Koombe និយាយថា គេរួមទាំងគ្នីគ្នា២នាក់ទៀតបានលាក់ខ្លួននៅលើកប៉ាល់ ដើម្បីគេចពីការចាប់ខ្លួនដោយនាវិកចិន ដែលត្រូវបានដាក់ពង្រាយដោយឧទ្ធម្ភាគចក្រនៅពីលើកប៉ាល់នោះ។
មេចោររូបនោះបាននិយាយបន្តទៀតថា៖ «ពួកយើងបានដេកក្នុងកប៉ាល់នោះអស់១២ម៉ោង ពេញមួយយប់នោះតែម្តង។ នៅថ្ងៃបន្ទាប់ កងទ័ពជើងទឹកចិនបានលឺសំឡេងតិពួកយើង ហើយពួកគេក៏បានរកឃើញកន្លែងដែលពួកយើងលាក់ខ្លួន ហើយក៏ចាប់ខ្លួនពួកយើងតែម្តង»។
ពួកគេបាននិយាយទៀតថា៖ «ឥឡូវនេះខ្ញុំបានមកដល់ផ្ទះវិញហើយ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំត្រលប់មកនៅជាមួយបងប្អូនខ្ញុំវិញហើយ ខ្ញុំមិននឹកនាពីអ្វីទាំងអស់»។
ការបន្ទោសលើភាពក្រីក្រ
Aw Koombe គឺជាមេចោរសមុទ្រដ៏ល្បីឈ្មោះម្នាក់ ដែលអាជ្ញាធរនិយាយថា បានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើកប៉ាល់នៅតាមសមុទ្រជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយ VOA មេចោររូបនេះបានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារណាមួយនោះទេ។
នៅពេលសួរថា តើអ្វីដែលជំរុញឲ្យរូបគេប្លន់កប៉ាល់នោះ Aw Koombe ឆ្លើយថា៖ «មូលហេតុគ្រប់យ៉ាងដែលអាចនិយាយបាន... គឺភាពក្រីក្រ។ តើមានមូលហេតុអី្វផ្សេងពីណាមក?»
របាយការណ៍មួយចេញផ្សាយក្នុងសប្ដាហ៍នេះដោយក្រុមដែនសមុទ្រ ឈ្មោះថា Oceans Beyond Piracy បានឲ្យដឹងថា ការធ្លាក់ចុះនៃការប្រុងប្រយ័ត្ន បានបើកឱកាសឲ្យក្រុមចោរសមុទ្របន្តការវាយប្រហារសារជាថ្មី ទៅលើកប៉ាល់ដែលធ្វើដំណើរនៅក្បែរឆ្នេរសមុទ្រសូម៉ាលី។
របាយការណ៍នោះបានឲ្យដឹងថា ក្រោយពីសកម្មភាពចោរសមុទ្របានថយចុះអស់រយៈពេលប៉ុន្មានឆ្នាំមក កប៉ាល់នានាបានធ្វើដំណើរកាន់តែកៀកទៅដីគោក ហើយចំនួននាវាកងទ័ពជើងទឹកដែលល្បាតនៅក្បែរប្រទេសសូម៉ាលីបានធ្លាក់ចុះ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា