ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ទ័ព​​ពិសេស​ Navy SAIL​ របស់​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​សូម៉ាលី


រូបឯកសារ៖ កង​ទាហាន​ពិសេស Navy SEAL របស់​អាមេរិក ហ្វឹកហាត់​​នៅ​បន្ទាយ​របស់​ខ្លួន​ក្នុង​រដ្ឋ​ California។
រូបឯកសារ៖ កង​ទាហាន​ពិសេស Navy SEAL របស់​អាមេរិក ហ្វឹកហាត់​​នៅ​បន្ទាយ​របស់​ខ្លួន​ក្នុង​រដ្ឋ​ California។

សមាជិក​ម្នាក់​នៃ​កងទ័ព​ពិសេស​សហរដ្ឋ​អាមេរិកត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ពួក​ជន​សកម្ម​ប្រយុទ្ធ al-Shabab ក្នុង​ប្រទេស​សូម៉ាលី។ នេះជា​ទាហាន​ពិសេស​ទី​មួយ​ហើយ​ដែល​បាន​ស្លាប់នៅ​ក្នុង​ប្រទេស​ដែល​ហែក​ហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​ដ៏​ប្រល័យ​នៅ​ឆ្នាំ​១៩៩៣​ ដែល​បានលើកទឹក​ចិត្តឲ្យ​មាន​ការ​ផលិត​ខ្សែ​ភាព​យន្ត​មួយ​ហៅ​ថា ​ការ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​ Black Hawk។

មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់ ​VOA​ ថា ទាហាន​ Navy SEAL​ នោះ​បាន​ស្លាប់​ដោយ​សារការ​បាញ់​រះ​កាំភ្លើង​តូច​នៅ​ជិត​តំបន់ ​Barire​ នៃ​ប្រទេស​សូម៉ាលី​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៦៥​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​រដ្ឋ​ធានី​ម៉ូហ្គាឌីស្យូ។ ទាហាន​ពិសេស​ Navy SEAL ​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ទៀត​ដែរ​និង​អ្នក​បក​ប្រែ​ម្នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។​ នេះ​តាម​ការ​បញ្ចាក់​របស់​មន្រ្តី​រូប​នោះ។

ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​នៅ​ទ្វីប​អាហ្វ្រិក​ដែល​ត្រួត​ពិនិត្យកិច្ច​ប្រតិបត្តិការ​យោធា​សហរដ្ឋ​អាមេរិក​នៅ​ទ្វីប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កងទ័ព​សហរដ្ឋ​អាមេរិក​បាន​ទទួល​រង​ការ​វាយ​ប្រ​ហារក្នុង​អំឡុង​ពេល​នៃ​បេសកកម្ម​ផ្តល់​ការ​ប្រឹក្សា​និង​ជំនួយ​ជាមួយ​សមាជិក​កងទ័ព​ជាតិ​សូម៉ាលី។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់នៅ​ក្នុង​តំបន់ ​Lower Shabell​ នៃ​ប្រទេស​សូម៉ាលី​និយាយ​ថា ​ទាហាន​ទាំង​អស់​នោះ​បាន​វាយ​ឆ្មក់​អាគារ​មួយ​កន្លែង​ដែល​គេ​ហៅ​ថា​ Andalus ​ហើយ​វា​ជាស្ថានីយ​វិទ្យុ​ផ្លូវការ​របស់​ក្រុម​ al-Shabab។

លោក​បាន​ប្រាប់​ VOA​ ផ្សាយ​ជា​ភាសា​សូម៉ាលី​ថា ​ជន​សកម្មប្រយុទ្ធ ​al-Shabab ​៨នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ។ លោកនិយាយ​ទៀត​ថា លោក​ជឿ​ជាក់​ថា ​ទាហាន​ទាំង​នោះ​បាន​រឹប​អូស​យក​ឧបករណ៍​ស្ថានីយ​វិទ្យុ​នោះ​ហើយ៕

XS
SM
MD
LG