ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ដែលកំពុងស្ថិតក្នុងស្ថានភាពត្រូវការជំនួយខ្លាំងនោះ បានទទួលយកជំនួយផ្នែកវេជ្ជសាស្រ្ត និងហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំងយ៉ាងឆាប់រហ័ស ប៉ុន្តែមានការបារម្ភអំពីឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ចិន។
យន្តហោះដឹកសម្ភារៈវេជ្ជសាស្ត្រ វេជ្ជបណ្ឌិត និងអ្នកជំនាញដែលទទួលបន្ទុកគ្រប់គ្រងការដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេរបស់ចិន បានចុះចតនៅតាមទីក្រុងនានានៅទ្វីបអឺរ៉ុបស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យអ្នកវិភាគមួយចំនួនព្រួយបារម្ភថា កិច្ចប្រឹងប្រែងផ្នែកមនុស្សធម៌របស់ចិននេះ នឹងផ្តល់ឲ្យក្រុងប៉េកាំងនូវឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយកាន់តែខ្លាំងជាងសហភាពអឺរ៉ុប។
មេដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺអ៊ីតាលីនិងអេស្ប៉ាញ បានស្វាគមន៍ដោយបើកចំហចំពោះជំនួយរបស់ចិន។ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បាននិយាយថា លោកនឹងទាញយកបទពិសោធន៍ពីប្រទេសចិននៅពេលដែលលោកបានប្រកាសពីស្ថានភាពអាសន្ន ដែលកំណត់ឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះក្នុងរយៈពេលមួយខែ។
មេដឹកនាំអឺរ៉ុបផ្សេងទៀត ហាក់ដូចជាមិនសូវស្វាគមន៍ជំនួយរបស់ចិននេះទេ។ អ្នកស្រី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានពណ៌នាថា ជំនួយនេះគឺជា «ការសងវិញ» នូវជំនួយសង្គ្រោះដែលអឺរ៉ុបបានផ្តល់ដល់ប្រទេសចិន នៅពេលវីរុសកូរ៉ូណា បានរាតត្បាត ចម្លង និងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្រុងវូហាន និងខេត្តហ៊ូប៉េនៃប្រទេសចិន កាលពីដើមឆ្នាំនេះ។
អ្នកវិភាគខ្លះមើលឃើញថា ការផ្តល់ជំនួយរបស់ចិននេះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារមុខមាត់របស់ទីក្រុងប៉េកាំង បន្ទាប់ពីមានចំណាត់ការមិនត្រឹមត្រូវ និងការបិទបាំងអំពីការផ្ទុះវីរុសនេះដំបូងៗ នៅទីក្រុងវូហាន ដែលនេះបានធ្វើឲ្យវីរុសនេះ មានការរីករាលដាល។ ប៉ុន្តែ ដោយសារកង្វះសេវាកម្មសុខភាព មេដឹកនាំអឺរ៉ុបគ្មានជម្រើសផ្សេង ក្រៅតែពីការព្រមទទួលជំនួយរបស់ចិននោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ផលវិបាកផ្នែកសេដ្ឋកិច្ចរយៈពេលយូរអាចនឹងមានទំហំធំធេង។
លោក Evan Ellis អ្នកជំនាញខាងកិច្ចការសង្គ្រាមវិសមភាពនៅមហាវិទ្យាល័យសង្គ្រាមនៃកងទ័ពសហរដ្ឋអាមេរិក និងជាអ្នកវិភាគលើគោលនយោបាយអន្តរជាតិរបស់ចិនជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា៖
«គ្រាដែលអឺរ៉ុបកំពុងរងគ្រោះដោយសារមេរោគកូវីដ១៩នេះ ចិនបានឈានដល់ដំណាក់កាលមួយដែលធូរស្បើយទៅហើយពីមេរោគកូវីដ១៩នេះ ហើយអាចចាប់ផ្តើមផលិតកម្មសេដ្ឋកិច្ចឡើងវិញបាន»។
លោក Evan Ellis បានថ្លែងបន្តទៀតថា៖
«ប្រទេសចិនអាចនឹងត្រូវផ្តល់ថវិកាដើម្បីជួយដល់ស្ថាប័នហិរញ្ញវត្ថុជាច្រើននៅអឺរ៉ុប ដែលនឹងមានបំណុលជាច្រើនដោយសារការចំណាយទៅលើផ្នែកសាធារណៈដើម្បីដោះស្រាយការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ពួកគេនឹងប្រើប្រាស់ជំនួយនេះ ដើម្បីផ្លាស់ប្តូរវិស័យជាយុទ្ធសាស្រ្តនានា ជាពិសេសបច្ចេកវិទ្យាជាន់ខ្ពស់ និងទូរគមនាគមន៍»។
ប្រទេសចិន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដើម្បីឲ្យអឺរ៉ុបអាចងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ដោយនៅពេលនោះ ចិនបានចេញសងជំនួសនូវបំណុលសាធារណៈមួយចំនួនធំរបស់ប្រទេសអ៊ីតាលី អេស្ប៉ាញ និងប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនផងដែរ។ សហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មចំនួន ២៣០ ពាន់លានដុល្លារជាមួយប្រទេសចិន ដែលបានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសអ៊ីតាលី ក្រិក និងព័រទុយហ្កាល់។
ជំនួយខ្លះត្រូវបានផ្តល់ឲ្យក្នុងទម្រង់នៃការបរិច្ចាគពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមហិមារបស់ចិន គឺក្រុមហ៊ុន Huawei ដែលព្យាយាមក្លាយជាអ្នកផ្តល់សម្ភារៈចម្បងសម្រាប់បណ្តាញទូរគមនាគមន៍ 5G ទោះបីជាមានការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលអ៊ឺរ៉ុបមិនឲ្យទទួលយកក៏ដោយ។
ក្រុមអ្នកវិភាគនិយាយថា អឺរ៉ុបទំនងមិនមានជម្រើសច្រើនទេ ដោយត្រូវទទួលយកការពឹងផ្អែកផ្នែកសេដ្ឋកិច្ចទៅលើប្រទេសចិន ទោះបីជាអឺរ៉ុបមិនមានការទុកចិត្តជាទូទៅចំពោះប្រព័ន្ធនយោបាយឯកបក្សរបស់ចិន ហើយដែលត្រូវបានគេស្តីបន្ទោសថាជាមូលហេតុនៃកំហុសនិងការបិទបាំងព័ត៌មានដែលនាំឲ្យមានការរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩នេះ ក៏ដោយ។
រដ្ឋាភិបាលចិន បានបញ្ចេញកំហឹងចំពោះអត្ថបទមួយនៅក្នុងកាសែតអេស្ប៉ាញដែលមានឈ្មោះថា El Pais ដែលសរសេរដោយជ័យលាភីរង្វាន់ណូបែលលោក Mario Vargas Llosa ដែលបានរិះគន់បក្សកុម្មុយនិស្តកំពុងកាន់អំណាចរបស់ចិន ពីការបំបិទមាត់វេជ្ជបណ្ឌិតដែលបានព្រមានអំពីការរាតត្បាតវីរុសកូរ៉ូណានៅពេលដែលការឆ្លងដំបូងបានចាប់ផ្តើមនៅទីក្រុងវ៉ូហាន។
សៀវភៅរបស់លោក Vargas Llosa ត្រូវបានហាមឃាត់មិនឲ្យដាក់លក់ក្នុងហាងលក់សៀវភៅនានានៅប្រទេសចិន ហើយលោកត្រូវបានវាយប្រហារជាផ្លូវការអំពី «ការថ្លែងការណ៍ដែលគ្មានការទទួលខុសត្រូវ»។
មហាសេដ្ឋីហុងគ្រីលោក George Soros បានអំពាវនាវឲ្យរដ្ឋាភិបាលអឺរ៉ុបលុបចោលកិច្ចប្រជុំកំពូលរវាងចិន និងអឺរ៉ុបដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ដើម្បីច្រានចោល «ភាព ជោគជ័យផ្នែកនយោបាយ» របស់ប្រធានាធិបតីចិនលោក ស៊ីជីន ពីង។
ប្រទេសបារាំង ស៊ុយអែត និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍ព្រមានថា ប្រព័ន្ធផ្តាច់ការរបស់ចិន មិនត្រូវគ្នានឹងស្ថាប័នរបស់សហភាពអឺរ៉ុបនោះទេ។
នៅប្រទេសអ៊ីតាលីដែលជាប្រទេសរងគ្រោះខ្លាំងជាងគេនៅទ្វីបអឺរ៉ុបដោយសារវីរុសកូវីដ១៩នេះ វេជ្ជបណ្ឌិតគុយបាចំនួន ៥០ នាក់ និងអង្គភាពពេទ្យរុស្ស៊ី បានចូលរួមជាមួយគ្រូពេទ្យចិនដែលមានចំនួនកើនឡើងជាប្រចាំ ដើម្បីធ្វើការជាមួយអាជ្ញាធរសុខាភិបាល។
កាលពីពេលថ្មីៗនេះ អនុប្រធានកាកបាទក្រហមចិនលោក Sun Shuopeng បានរិះគន់រដ្ឋាភិបាលអ៊ីតាលីចំពោះភាពធូររលុងក្នុងការអនុវត្តវិធានការបិទដំណើរការ ដែលបានណែនាំដោយប្រទេសចិន។
លោក Sun Shuopeng បានថ្លែងក្នុងសម្តីដើមថា៖
«ខ្ញុំនៅតែមើលឃើញថា ការដឹកជញ្ជូនសាធារណៈនៅតែដំណើរការ ហើយប្រជាពលរដ្ឋនៅតែធ្វើដំណើរធម្មតា មានការប្រមូលផ្តុំគ្នានៅតាមសណ្ឋាគារ ហើយពួកគេមិនពាក់ម៉ាសទេ»។
ក្រោយមកនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte បានប្រកាសរឹតបន្តឹងកាន់តែខ្លាំងលើការធ្វើចលនារបស់ប្រជាពលរដ្ឋ ហើយផលិតកម្មទាំងអស់ត្រូវបានបិទ។
ចក្រភពអង់គ្លេស និងប្រទេសហូឡង់បានព្យាយាមអនុវត្តយុទ្ធសាស្ត្រដែលមិនសូវតឹងរឹងពេក ដោយមានគោលដៅដាក់ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតឲ្យនៅដាច់ដោយឡែកពីគេ ជាជាងផ្អាកសកម្មភាពសង្គម និងសេដ្ឋកិច្ចទាំងមូល។
ប្រទេសចិនបានរិះគន់ចំណាត់ការនោះថា ជា «ការគ្រប់គ្រងសង្គមបែបច្បាប់ធម្មជាតិ» ដែលលើកតម្កើងក្រុមពលរដ្ឋដែលមានប្រៀបស្រាប់៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់