ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​សិទ្ធិ​មនុស្ស​ចិន​ម្នាក់​ត្រូវ​បាន​ដោះលែង ក្រោយ​ពី​ជាប់​ឃុំ​អស់​ជាង ៤ ឆ្នាំ ក្រោម​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល


លោក Quanzhang Wang ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​សំខាន់​ម្នាក់ បានជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​វិញ​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី ២៧ ខែមេសា។
លោក Quanzhang Wang ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​សំខាន់​ម្នាក់ បានជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​វិញ​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី ២៧ ខែមេសា។

អាជ្ញាធរ​ចិន​បាន​អនុញ្ញាត​ឱ្យ​លោក Quanzhang Wang ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​សំខាន់​ម្នាក់ ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​វិញ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី ២៧ ខែមេសា ដោយ​បញ្ចប់​ការ​ឃុំឃាំង​លោក​ជាង ៤ ឆ្នាំ ដែល​ភាគ​ច្រើន​នៃ​ការ​ឃុំឃាំង​នេះ លោក​មិន​អាច​ទាក់ទង​ជាមួយ​នឹង​មិត្តភ័ក្តិ និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ទេ។

លោក Quanzhang Wang បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ​ជួបជុំ​ប្រពន្ធ និង​កូន​ប្រុស​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង។ ពួកគេ​បាន​សម្រក់​ទឹក​ភ្នែក​នៅ​ពេល​ជួបជុំ​គ្នា​ឡើង​វិញ។

លោក Wang ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ បន្ទាប់ពី​លោក​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល ៤ ឆ្នាំ​កន្លះ ក្រោយ​ពី​ត្រូវ​បាន​កាត់ទោស​ពី​បទ«ផ្ដួល​រំលំ​រដ្ឋ​អំណាច»។ ការ​កាត់ទោស​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា «អយុត្តិធម៌»។

នៅ​មុន​ពេល​លោក​បាន​ជួបជុំ​គ្រួសារ​លោក លោក Wang បាន​និយាយ​ប្រាប់​វីអូអេ​ថា លោក​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​វិញ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ពិតជា​ចង់​ឱបកូន​ប្រុស​ខ្ញុំ។ ខ្ញុំ​តែងតែ​ស្រមៃ​អំពី​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ។ នៅ​ពេល​ដែល​ប្រពន្ធ និង​កូន​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​ខ្ញុំ​ក្នុង​ពន្ធនាគារ យើង​អាច​និយាយ​គ្នា​ដោយ​មាន​របាំង​ឆ្លង​បញ្ចក់​តែ​ប៉ុណ្ណោះ។ នៅ​ពេល​នេះ​ខ្ញុំ​អាច​ឱប​ប្រពន្ធ​និង​កូន​ប្រុស​របស់​ខ្ញុំ​បាន​ហើយ»។

លោក Wang បាន​និយាយ​ប្រាប់​វីអូអេ​ថា នៅ​ពេល​នេះ​លោក​មិនមែន​មក​លេង​ជា​បណ្តោះអាសន្ន​ទេ ក៏​ប៉ុន្តែ​លោក​វិល​ត្រឡប់​មក​ទីក្រុង​ប៉េកាំង​វិញ​ជា​អចិន្ត្រៃយ៍​ហើយ។

លោក Wang ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មេធាវី និង​សកម្មជន​ជាង ២០០ នាក់ ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ឃុំឃាំង​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ចិន​លើ​មេធាវី​សិទ្ធិមនុស្ស ដែល​បាន​ចាប់ផ្តើម​ធ្វើ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៥។ រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​ពួក​មេធាវី​សិទ្ធិមនុស្ស​ទាំង​នោះ​ថា​បាន​ទាញ​យក​ប្រយោជន៍ពី​រឿង​ក្តី​ខ្លះ ដើម្បី​ឲ្យ​ពួកគេ​មាន​បាន។

សកម្មជន​នានា​ខាង​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា យុទ្ធនាការ​បង្ក្រាប​នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ក្ដោបក្តាប់​អំណាច​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping។ លោក Wang បាន​ការពារ​ក្តី​ឱ្យ​ពួក​អ្នក​ធ្វើ​យុទ្ធនាការ​នយោបាយ និង​ពួក​ជន​រងគ្រោះ​ដោយសារ​ការ​លួច​ប្លន់​ដី​ធ្លី ព្រម​ទាំង​ពួក​សមាជិក​នៃចលនា Falun Gong ដែល​ជា​ក្រុម​សាសនា​មួយ​ត្រូវ​ហាម​ប្រាម​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ។

រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​លោក Wang ពី​បទ «ផ្ដួល​រំលំ​រដ្ឋ​អំណាច»។ នៅ​ក្នុង​ការ​កាត់​ក្តី​នេះ អ្នក​កាសែត និង​អ្នក​ការទូត​បរទេស​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​ក្នុង​សាល​តុលាការ។

បន្ទាប់ពី​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​តាម​ការ​សម្រេច​របស់​តុលាការ​រួច​មក លោក Wang ដំបូង​ត្រូវ​អាជ្ញាធរ​គ្រោង​ដោះលែង​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មេសា។ ក៏​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង Jinan ដែល​ស្ថិត​នៅ​ចម្ងាយ ៤០០ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក ដើម្បី​ដាក់​លោក​ឲ្យ​ស្ថិត​នៅ​ដាច់​ពី​គេ​ឯង ដែល​ជា​ការ​តម្រូវ​ដោយ​អាជ្ញាធរ​ចិន។

អាជ្ញាធរ​បាន​និយាយ​ប្រាប់​លោក​ថា លោក​នឹងត្រូវ​ដោះលែង​បន្ទាប់ពី​ពេល​ដែល​លោក​នៅ​ដាច់ពីគេ​ចំនួន ១៤ ថ្ងៃ ក៏​ប៉ុន្តែ​ពួកគេ​បាន​ឱ្យ​លោក​រង់ចាំ​មួយ​សប្ដាហ៍​ទៀត នៅ​មុន​ពេល​អនុញ្ញាត​ឱ្យ​លោក​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ២៧ ខែ​មេសា។

មួយ​ថ្ងៃ​មុន​ការ​កំណត់​វិល​ត្រឡប់​មក​វិញ​របស់​លោក គឺ​នៅថ្ងៃ​ទី ២៦ ខែ​មេសា ប្រពន្ធ​លោក​បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយសារ​អ្នកស្រី​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ធ្ងន់ធ្ងរ។ លោក Wang បាន​ព្យាយាម​ទៅ​ជួប​អ្នកស្រី ក៏ប៉ុន្តែ​លោក​ត្រូវ​បាន​ប៉ូលិស​បង្អាក់​ដំណើរ​របស់​លោក នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ផ្ទះ។

លោក Wang បាន​អះអាង​ថា នេះ​ជា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​លោក​ក្នុង​ការ​ជួបជុំ និង​ថែទាំ​គ្រួសារ​លោក។

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា អាជ្ញាធរ​ក៏​បាន​ហាមឃាត់​លោក​មិន​ឱ្យ​និយាយ​ជាមួយ​នឹង​អ្នក​កាសែត​ផង​ដែរ។

កាល​ពី​សប្តាហ៍​ទី ៣ នៃ​ខែ​មេសា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចិន​ឲ្យ​អនុញ្ញាត​ឲ្យ​លោក Wang «មាន​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​អនុញ្ញាត​ឲ្យ​លោក​បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ផង​ដែរ»។

ក្រសួង​ការបរទេស​ចិន​បាន​តបត​វិញ​ថា រដ្ឋាភិបាល​ចិន​ជំទាស់​ទៅ​នឹង​ការ​ជ្រៀតជ្រែក​ដោយ​ប្រទេស​ណា​មួយ​ក្នុង «កិច្ចការ​ផ្ទៃ​ក្នុង» របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG