ការឈានជើងចូលក្នុងទីផ្សាររបស់ក្រុមហ៊ុនប្រត្តិបត្តិការចិនតាមប្រព័ន្ធទិន្នន័យដូចជា ក្រុមហ៊ុន Alibaba ក្រុមហ៊ុនសេវាកម្មវេបសាយ Baidu និងក្រុមហ៊ុនទូរស័ព្ទដៃ Huawei នឹងធ្វើឲ្យមានការវិវត្តនៃជម្លោះពាក់ព័ន្ធនឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ស្របពេលដែលក្រុមហ៊ុនទាំងនោះធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនអន្តរជាតិដទៃទៀតដើម្បីគ្រប់គ្រងលើទិន្នន័យ។ ក្រុមហ៊ុនបង្កើតឡើងនៅប្រទេសចិន មិនត្រឹមតែក្តោបក្តាប់ទៅលើអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ គឺថែមទាំងកំពុងតែឈានជើងចូលទៅក្នុងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកផងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបរទេសនានាកំពុងតែប្រឈមមុខនឹងរនាំងផ្នែកច្បាប់នានា ដែលបង្កការលំបាកនៅក្នុងការធ្វើអាជីវកម្មនៅប្រទេសចិន។
ក្រុមអ្នកវិភាគបាននិយាយថា ការប្រកួតប្រជែងកាន់តែតឹងតែងឡើងនៅក្នុងអាជីវកម្មប្រព័ន្ធផ្ទុកទិន្នន័យក្នុងអាកាស (Cloud) បែបនេះ ក៏បាននាំឲ្យមានចំណោទកាន់តែខ្លាំងពាក់ព័ន្ធនឹងសន្តិសុខទិន្នន័យប្រតិបត្តិការផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យក្នុងអាកាសពីសំណាក់ជនស៊ីវិល មាននៅក្នុងផ្នែកជាច្រើនដូចជា ប្រព័ន្ធម៉ាស៊ីនដើរដោយទិន្នន័យ ប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធធនាគារ និងដឹកជញ្ជូន ដែលក្នុងនោះរួមមានគម្រោងនានាសម្រាប់យានយន្តបើកបរដោយខ្លួនឯងផងដែរ។
ការព្រួយបារម្ភផ្នែកទិន្នន័យ
លោក Lee Branstetter សាស្រ្តាចារ្យរងផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Heinz ផ្នែកគោលនយោបាយ និងគ្រប់គ្រងនៃសាកលវិទ្យាល័យ Carnegie Mellon បានប្រាប់ VOA ថា៖ «សាជីវកម្មពហុជាតិជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការការពារកម្មសិទ្ធិបញ្ញារបស់ពួកគេនៅប្រទេសចិន ទាំងនៅក្នុង និងក្រៅប្រព័ន្ធកុំព្យូទ័រ ហើយមានករណីមួយចំនួននាពេលថ្មីៗនេះ ដែលក្រុមហ៊ុនអន្តរជាតិទាំងនោះជឿថា ព័ត៌មានមានតម្លៃត្រូវបានគេលួចតាមប្រព័ន្ធកុំព្យូទ័រ»។
លោកបានថ្លែងថា៖ «បញ្ហាទាំងនេះនឹងធ្វើឲ្យសាជីវកម្មពហុជាតិដែលមិនមានប្រភពដើមពីប្រទេសចិនមានការស្ទាក់ស្ទើរ មុនពេលដាក់បញ្ចូលទិន្នន័យសំខាន់ៗចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យក្នុងអាកាសដែលផ្តល់ដោយប្រទេសចិន។
ក្រុមអ្នកវិភាគបាននិយាយថា ប៉ុន្តែក្រុមហ៊ុនបរទេសនានាដែលកញ្ចប់ថវិកាផ្នែកបច្ចេកវិទ្យាមានកម្រិត និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅប្រទេសចិន ប្រហែលជាមិនអាចមានលទ្ធភាពប្រើប្រាស់សេវាកម្មតម្លៃខ្ពស់ដែលផ្តល់ដោយក្រុមហ៊ុននៅប្រទេសផ្សេងៗឡើយ។
ក្រុមហ៊ុនប្រតិបត្តិការតាមទិន្នន័យនៅប្រទេសចិន កំពុងតែបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅតាមបណ្តាប្រទេសផ្សេងៗ ហើយកំពុងតែខិតខំទាញយកទិន្នន័យសំខាន់ៗលើការគ្រប់គ្រងអាជីវកម្មនៅជុំវិញពិភពលោក។ ក្រុមហ៊ុន Alibaba បានបង្កើតមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅសហរដ្ឋអាមេរិក ក៏ដូចជា បណ្តាប្រទេសមួយចំនួននៅអាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុប។
ប៉ុន្តែលោក Branstetter មិនគិតថា ក្រុមហ៊ុនប្រតិបត្តិការតាមប្រព័ន្ធទិន្នន័យក្នុងអាកាសនឹងបង្កជាបញ្ហាប្រឈមធំ ដូចក្រុមហ៊ុន Google ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon ក្នុងអាជីវកម្មគ្រប់គ្រងទិន្នន័យឡើយ។
លោកបាននិយាយថា៖ «កិច្ចប្រឹងប្រែងរបស់ប្រទេសចិននៅក្នុងការរារាំងក្រុមហ៊ុនបរទេសផ្នែកឌីជីថលដទៃទៀត តាមពិតទៅគ្រាន់តែជាការជះឥទ្ធិពលដោយប្រយោលនៅលើឆាកអន្តរជាតិប៉ុណ្ណោះដើម្បីបង្ហាញថាវាជាសេដ្ឋកិច្ចចម្បង ដែលមានការគាំពារខាងឌីជីថលឲ្យខ្លាំងបំផុត។ ហេតុដូច្នេះហើយ ខ្ញុំរំពឹងថា ក្រុមហ៊ុនឌីជីថលនៅប្រទេសចិននឹងបន្តការគ្រប់គ្រងដ៏លើសលុបនៅក្នុងស្រុក ប៉ុន្តែខ្ញុំមិនរំពឹងថា ក្រុមហ៊ុនទាំងនោះនឹងទទួលបានជោគជ័យនៅក្រៅប្រទេសឡើយ»។
ការរីកដុះដាលក្នុងដែនកំណត់
ការរឹតត្បិតពីសំណាក់រដ្ឋាភិបាលទៅលើក្រុមហ៊ុនបរទេសលក់ដូរតាមប្រព័ន្ធទិន្នន័យ ជាការធ្វើឲ្យក្រុមហ៊ុនទិន្នន័យក្នុងស្រុកមានប្រៀបលើគេទោះជាតិចក្តីឬច្រើនក្តី ដោយសារក្រុមហ៊ុនទាំងនោះអាចទទួលបាននូវឱកាសអាជីវកម្មធំៗ ដោយមិនមានការប្រកួតប្រជែងខ្លាំងជាមួយក្រុមហ៊ុនអន្តរជាតិដទៃទៀត។ នេះជាទំហំអាជីវកម្មដ៏ធំមួយ ពីព្រោះមួយភាគប្រាំនៃក្រុមហ៊ុនទាំង៥០០ ក្នុងបញ្ជី Fortune មានប្រភពមកពីប្រទេសចិន។
នៅក្រោមច្បាប់គ្រប់គ្រង ក្រុមហ៊ុនបរទេសផ្ទុកប្រព័ន្ធទិន្នន័យអាចប្រតិបត្តិការនៅប្រទេសចិនបាន ប្រសិនបើក្រុមហ៊ុនទាំងនោះមានដៃគូក្នុងស្រុក ហើយប្រើប្រាស់ប្រព័ន្ធ (server) ដែលមានទីតាំងនៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារប្រទេសចិនមានទំហំធំខ្លាំង ដែលក្រុមហ៊ុនបរទេសមិនអាចមើលរំលងបាន។
អ្នកស្រី Sheila Jasanoff នាយកកម្មវិធីអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសង្គម នៃមហាវិទ្យាល័យ Harvard Kennedy School មានការព្រួយបារម្ភថា ការប្រកួតប្រជែងដែលមិនមានច្បាប់គ្រប់គ្រងច្បាស់លាស់នៅក្នុងអាជីវកម្មទិន្នន័យលើអាកាសអាចបង្កឲ្យមានគ្រោះថ្នាក់ធំមួយ មុនពេលមនុស្សទូទៅដឹងពីតម្រូវការនៃការមានច្បាប់តឹងរ៉ឹង។
អ្នកស្រីបានថ្លែងថា៖ «អាជីវកម្មទិន្នន័យក្នុងអាកាស នៅតែជាដែនដែលមិនទាន់មានច្បាប់គ្រប់គ្រងនៅឡើយទេ។ អ្នកវិនិយោគ (នៅក្នុងអាជីវកម្មនេះ) កំពុងតែបង្កើតច្បាប់នានាស្របពេលដែលពួកគេបន្តប្រតិបត្តិការជំនួញរបស់គេ ឬកំពុងទទួលផលពីកង្វះខាតនៃច្បាប់ផ្សេងៗ។ ខ្ញុំគិតថា សោកនាដកម្មដ៏ធំអាចកើតឡើងនៅក្នុងព្រលានយន្តហោះធំមួយ ឬកន្លែងដទៃទៀត ដូចជា ប្រព័ន្ធទិន្នន័យក្នុងមន្ទីរពេទ្យ ហើយវានឹងនាំឲ្យមានការបាត់បង់ជីវិតមនុស្ស»។
អ្នកស្រីបានបន្តថា ការធានារក្សាសន្តិសុខ ដែលត្រូវបានសន្យាទៅកាន់អតិថិជនតាមរយៈការប្រើទិន្នន័យក្នុងអាកាស គឺ «ពិតជាមានលក្ខណៈមិនច្បាស់លាស់យ៉ាងខ្លាំង» ។ ច្បាប់នានាស្តីពីសន្តិសុខទិន្នន័យដែលទទួលស្គាល់ជាអន្តរជាតិ ពិតជាចាំបាច់ខ្លាំងណាស់។ ប៉ុន្តែអ្នកស្រីគិតថា នឹងមិនមានកិច្ចព្រមព្រៀងអន្តរជាតិណាមួយត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះទេ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា