ក្រសួងបរិស្ថានរបស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅក្នុងលិខិតមួយថា លោក Zhao Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់រដ្ឋាភិបាលចិន នឹងមកបំពេញទសន្សកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ដែលក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យបរិស្ថាននិងផលិតទឹកស្អាត។ នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថានដែល VOA ទទួលបាននៅសប្តាហ៍នេះ។
ដំណើរទស្សនកិច្ចរបស់លោក Yingmin ធ្វើឡើង បន្ទាប់ពីលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីខែមិថុនាកន្លងទៅនេះ។ លោក Fenghe បានសន្យាផ្តល់ថវិកាប្រមាណជាង១០០លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងវិស័យយោធារបស់កម្ពុជា។
លិខិតរបស់លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នំា២០១៨ បានបញ្ជាក់ឲ្យដឹងថា លោក Zhao Yingmin នឹងចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី៣ ខែកក្កដានេះ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៨។ ក្នុងដំណើរទស្សនកិច្ចបីថ្ងៃរបស់លោកនៅកម្ពុជា លោក Yingmin នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៣ ដោយរួមមាន ទីមួយ ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា ចិន ទី២ កិច្ចសហប្រតិបត្តិការ អភិរក្សជីវៈចម្រុះកម្ពុជាចិន ទី៣ គម្រោងឧបត្ថម្ភម៉ាស៊ីនសម្អាតទឹកកខ្វក់និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជាចិន»។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បដិសេធមិនផ្តល់ការអធិប្បាយនៅថ្ងៃអង្គារនេះ ដោយបានបង្វែរសំណួរទៅអ្នកនាំពាក្យក្រសួង។ VOA ព្យាយាមទាក់ទងលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានតែទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិដែលឥឡូវមិនមានឈ្មោះក្នុងបញ្ជីក្រសួងមហាផ្ទៃ ថ្លែងស្វាគមន៍ចំពោះចំណងទាក់ទងកម្ពុជាចិនក្នុងការថែរក្សានិងអភិរក្សបរិស្ថាននៅប្រទេសកម្ពុជា។ ក៏ប៉ុន្តែលោកថា កិច្ចសហប្រតិបត្តិការរបស់កម្ពុជានិងអង្គការអន្តរជាតិមួយចំនួនមកពីបស្ចិមប្រទេស នៅមិនទាន់អាចជួយកម្ពុជាការពារសម្បតិ្តធម្មជាតិខ្លួនបានផង ដូច្នេះតើចិនដែលមានប្រវត្តិមិនល្អក្នុងវិស័យបរិស្ថាននេះ អាចជួយកម្ពុជាបាន ឬក៏យ៉ាងណានោះ។
«សំណួរចង់សួរថា បើសិនជាក្រសួងបរិស្ថាន ហើយជាមួយនឹងអង្គការអន្តរជាតិ ដែលមកពីប្រទេសអាមេរិក មកពីប្រទេសអង់គ្លេសបរាជ័យ សួរថា អាច អាចទៅរួចអត់ បើចាប់ដៃជាមួយចិន ដែលមានកិត្តិយសមិនល្អផង»។
លោក អាឡិច អ្នកការពារបរិស្ថានដែលធ្លាប់រស់នៅកម្ពុជា ហើយដែលត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្តេញចេញ តាមអ្វីដែលគេដឹងថាលោកមានភាពសកម្មក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីមួយកន្លែងរបស់ក្រុមហ៊ុនចិននៅតំបន់អារ៉ែងខេត្តកោះកុងរបស់ប្រទេសកម្ពុជានោះ អះអាងថា ប្រទេសចិនមានគុណសម្បតិ្តអភិរក្សតំបន់ធម្មជាតិខ្លួនមួយចំនួន ដូចជាសួនឧទ្យានជាតិអភិរក្សសត្វខ្លាឃ្មុំជាដើម តែប្រទេសនេះ បានបរាជ័យក្នុងការថែរក្សាគុណភាពខ្យល់អាកាសល្អ គុណភាពទឹក និងដីសម្រាប់ពលរដ្ឋខ្លួន។
នៅប្រទេសកម្ពុជា លោក អាឡិចនិយាយថា គម្រោងអភិវឌ្ឍវារីអគ្គិសនីដែលមានចិននៅពីក្រោយ បានបង្កឲ្យមានការកាប់បំផ្លាញព្រៃឈើដែលសូម្បីតែរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីមិនអាចបង្ក្រាបបានផងដែរ។
«ឲ្យតែមានវារីអគ្គិសនីណាមួយ ក្រុមហ៊ុនចិនពាក់ព័ន្ធ គឺកន្លែងនោះដឹងថាមាន កាប់បំផ្លាញព្រៃឈើ ខ្ទេចខ្ទី ជាប្រព័ន្ធដែល រដ្ឋាភិបាលរបស់លោកហ៊ុន សែន គឺមិនអាចទប់ស្កាត់បានឬក៏ ចូលរួមបំផ្លាញ អាហ្នឹងយើងឃើញថា ក្រុមហ៊ុនចិន ជាអ្នកដែលនៅពីក្រោយការសាងសង់វារីអគ្គិសនី ហើយតែងតែមានធនាគារចិន នៅពីក្រោយ ផ្តល់ថវិកា លុយរាប់រយលានដុល្លារ ដើម្បីធ្វើវារីអគ្គិសនី»។ លោកបន្ថែមថា ការអន្តរាយសម្បតិ្តធម្មជាតិក៏បានកើតឡើង នៅទីតាំងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលខ្មែរផ្តល់ឲ្យចិន។ លោកមានប្រសាសន៍ថា៖
«ឲ្យតែមានក្រុមហ៊ុនណាចិននៅពីក្រោយ ហើយឲ្យតែធ្វើនៅឧទ្យានជាតិ ឬក៏នៅកន្លែងណាដែលជាព្រៃអភិរក្ស ដឹងតែកន្លែងនោះហិនហោចហើយ ហិនហោចហើយ ហើយមិនមែនខ្ញុំចេះ តែថាទេ ហ្នឹងយើងឃើញផ្ទាល់នឹងភ្នែក ស្ទើរតែគ្រប់កន្លែងទេ អាហ្នឹងមិនបាច់ ចាំបាច់ទៅ បំប៉ោងព័ត៌មាន ឬក៏បំភ្លើសទេ អាហ្នឹងខ្ញុំឃើញផ្ទាល់ភ្នែកច្រើនដងហើយបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនៅស្ថានទូតចិនប្រចាំនៅកម្ពុជា បានទេនៅថ្ងៃអង្គារនេះ។
ដោយឡែក កាលពីថ្ងៃច័ន្ទម្សិលមិញនេះ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជាចិន បានប្រារព្ធខួបលើកទី៦០នៃចំណងមិត្តភាពផ្លូវការកម្ពុជាចិនដែលបានចាប់ផ្តើមឡើងតាំងពីខែកក្កដាឆ្នាំ១៩៥៨ ក្នុងពេលកម្ពុជាស្ថិតក្រោមការដឹកនាំដោយអតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុនិងនៅពេលចិនមានលោកជូ អេនឡាយ ជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមការអធិប្បាយរបស់លោកហ៊ុន សែន ដែលត្រូវបានផ្សាយបន្តដោយអង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីប្រារព្ធខួបលើកទី៦០ឆ្នាំនៃចំណងទាក់ទងកម្ពុជាចិននោះ លោកហ៊ុន សែន ដែលអ្នកវិភាគមើលឃើញថា បានរំកិលខ្លួនកាន់តែខ្លាំងទៅរកប្រទេសចិន បានអះអាងពីវឌ្ឍនភាពនៃវិនិយោគរបស់ចិននៅកម្ពុជា ដែលបានឈរលើលំដាប់កំពូល បើធៀបនឹងបណ្តាប្រទេសជាដៃគូវិយោគផ្សេងទៀតរបស់កម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជាចិន នៅឆ្នាំ២០១៧ មានចំនួន៥៥៧៧លានដុល្លារ គឺកើនជិត២២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ ហើយកម្ពុជាចិនបានឯកភាពជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់៦០០០លានដុល្លារនៅឆ្នាំ២០២០។ នៅឆ្នាំ២០១៧ដដែលចិន ក៏បានឈរក្នុងលំដាប់កំពូល សម្រាប់ទំហំវិនិយោគរបស់ខ្លួន ដែលមានដល់ ១៤៤៤លានដុល្លារ បើធៀបនឹងប្រទេសផ្សេងទៀត។
សម្រាប់វិស័យទេសចរណ៍ លោក ហ៊ុន សែន ថ្លែងបញ្ជាក់ថា មានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១៥ បានកំពុងផ្តល់សេវាកម្មហោះហើរចេញចូលកម្ពុជាចិន ហើយនៅឆ្នាំ២០១៧កន្លងទៅនេះ មានភ្ញៀវទេសចរចិនចំនួន១.២លាននាក់មកទស្សនាកម្ពុជា។ នៅត្រឹមត្រីមាសទីមួយឆ្នាំ ២០១៨នេះ មានទេសចរចំនួន១.៧លាននាក់បានមកទស្សនាកម្ពុជា ក្នុងនោះមានចិនចំនួន៥០ម៉ឺននាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះមិត្តចិនរបស់លោកដែលតែងបានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលរបស់លោក ក្នុងកិច្ចការថែរក្សាសន្តិភាពក្នុងប្រទេសកម្ពុជា ដោយលោកអះអាងថា ប្រទេសមួយនេះ គោរពអធិបតេយ្យភាពកម្ពុជា។
«កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលចិន ក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងការចាត់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសនិ្តសុខ និងស្ថិរភាពសង្គម»។
ក្នុងបញ្ហាទំនាក់ទំនងកម្ពុជាចិនដដែលនេះ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលបានប្រព្រឹត្តទៅនៅថ្ងៃ២-៣ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលក្រុងភ្នំពេញ។
សេចក្តីរាយការណ៍របស់អង្គភាព Freshnews ត្រូវបានសរសេរក្នុងខ្លឹមសារដើមថា៖
«លោក អង្គ វង្សវឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការរៀបចំវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដោយបានកត់សម្គាល់ថា គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលលើកឡើងដោយប្រធានាធិបតី ស៊ី ជីងពីង កាលពីឆ្នាំ២០១៣ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រទេសនិងអង្គការអន្តរជាតិជាង១០០ ហើយគំនិតផ្តួចផ្តើមនេះបាននាំឱ្យមានការប្រែប្រួលនៃទិដ្ឋភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញនូវការអភិវឌ្ឍប្រកបដោយចីរភាព ពន្លឿនការកែទម្រង់ឧស្សាហកម្មដែលមានទីផ្សារជាមូលដ្ឋាននិងជួយដល់សេដ្ឋកិច្ចសាកល»៕