រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកលោក James Mattis បានជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិន និងប្រធានាធិបតីចិននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃពុធនេះ ស្របពេលដែលភាពតានតឹងផ្នែកការទូត ផ្នែកយោធា និងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានការកើនឡើង។
លោក Mattis បានប្រាប់រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe ថា ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងចិនគឺពិតជាមានសារៈសំខាន់សម្រាប់ទំនាក់ទំនងដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ហើយលោកទន្ទឹងរង់ចាំ «ពិភាក្សាដោយបើកចំហ និងស្មោះត្រង់» ជាមួយនឹងលោក Wei Fenghe។
នៅក្នុងជំនួបរបស់លោក Mattis ជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping លោក Xi Jinping បានប្រាប់លោក Mattis ថា ប្រសិនបើប្រទេសទាំងពីរអាចបង្កើតទំនាក់ទំនងល្អជាមួយគ្នា នោះវានឹងផ្ដល់ផលប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅទូទាំងពិភពលោក ដោយសារតែ«ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាទំនាក់ទំនងទ្វេភាគីដ៏មានសារៈសំខាន់បំផុតមួយនៅលើពិភពលោក»។
លោក Mattisបានឆ្លើយតបទៅនឹងលោក Xi Jinping វិញយ៉ាងដូច្នេះថា៖ «ខ្ញុំសប្បាយចិត្តដែលមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន ហើយយើងបានផ្ដល់សារៈសំខាន់ខ្លាំងដូចគ្នាដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ដូចដែលលោកបានលើកឡើងដូច្នេះ»។
លោក Mattis បាននិយាយបន្តទៀតថា៖ «នេះគឺជាពេលវេលាដ៏មានសារៈសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសចិន និងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសទាំងពីរកំពុងប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងប្រសើរទៅមុខ»។
ដំណើរទស្សនកិច្ចរបស់លោក Mattisទៅកាន់ប្រទេសចិននេះត្រូវបានគ្របដណ្ដប់ដោយការខឹងសម្បារបស់រដ្ឋាភិបាលក្រុងប៉េកាំងលើការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងការយកពន្ធគយលើទំនិញរបស់ចិន និងការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការបង្កើនឥទ្ធិពលយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង៕