អដ្ឋិធាតុរបស់លោក Liu Xiaobo អ្នកប្រឆាំងនិងជ័យលាភីណូបែលសន្តិភាពជាតិចិន ត្រូវបានបាចទៅក្នុងសមុទ្រកាលពីថ្ងៃសៅរ៍ បន្ទាប់ពីពិធីបូជារដ៏ស្ងប់ស្ងាត់មួយដែលបានស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីរដ្ឋាភិបាលនៅក្នុងទីក្រុង Shenyang នៃប្រទេសចិន។
លោក Liu ដែលជាអ្នកទោសសិទ្ធិមនុស្សដ៏ល្បីល្បាញរបស់ចិនបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងជន្មាយុ៦១ឆ្នាំ បន្ទាប់ពីបានព្យាយាមប្រយុទ្ធអត់ទ្រាំនឹងជំងឺមហារីកថ្លើមដែលបានធ្វើឲ្យលោកស្លាប់។
លោកបានចំណាយពេល៨ឆ្នាំចុងក្រោយជាអ្នកទោសមនសិការ ហើយបានទទួលមរណៈភាពក្នុងមន្ទីរពេទ្យនៅទីក្រុង Shenyang ដែលនៅទីនោះលោកបានត្រូវគេយកចេញពីបន្ទប់ក្នុងពន្ធនាគារនៅពេលដែលលោកមានជំងឺដ៏ធ្ងន់ធ្ងរ។ការិយាល័យតុលាការក្នុងក្រុង Shenyang បានប្រកាសមូលហេតុនៃការស្លាប់នេះថា «សរីរាង្គជាច្រើនបានគាំងដំណើរ»។
ពួកមន្រ្តីបានបង្ហាញអ្នកយកព័ត៌មានពីការបញ្ចាំងរូបថតនៃពិធីដែលត្រូវបានចូលរួមដោយលោកស្រី Lui Xia ភរិយារបស់លោក បងប្អូនប្រុស២នាក់របស់លោក Liu ហើយនិងបងប្អូនរបស់ភរិយាលោក។ រដ្ឋាភិបាលបាននិយាយថា មិត្តភ័ក្រ្តរបស់លោក Liu ក៏បានចូលរួមពិធីបុណ្យសពដែរ។ គេបានប៉ាន់ស្មានថា ក្នុងចំណោមមនុស្ស១០នាក់ដែលបានចូលរួមពិធីបុណ្យសពនេះ មិត្តភ័ក្រ្តជិតស្និទ្ធរបស់គូស្រករទាំង២មិនបានបង្ហាញខ្លួនក្នុងចំណោមពួកគេទេនៅក្នុងរូបថតរបស់រដ្ឋាភិបាល។
រូបថតមួយបានបង្ហាញភរិយារបស់លោក Liu បានពាក់វ៉ែនតាពណ៌ខ្មៅហើយនិងឱបរូបថតសពប្តីរបស់លោកស្រី។ ទើបតែប៉ុន្មានម៉ោងបន្ទាប់ពីពិធីនោះ វីដេអូរបស់រដ្ឋាភិបាលចិនបានបង្ហាញរូបលោកស្រី Liu Xia ហើយនិងអ្នកចូលរួមផ្សេងទៀតបានបើកគម្របកោដ្ឋដើម្បីយកធាតុបាចទៅក្នុងទឹក ហើយក្រុមគ្រួសារនិងអ្នកគាំទ្របានធ្វើការគោរពជ័យលាភីណូបែលសន្តិភាពចិនជាលើកចុងក្រោយ៕