ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ថា សហភាព​អឺរ៉ុប​មិនត្រូវ​យក​រឿង​នយោបាយ​លាយ​ឡំ​ជា​មួយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ទេ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​លោក Xiong Bo ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មួយ​ដែល ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​លោក Xiong Bo ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មួយ​ដែល ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨។

ឯកអគ្គរដ្ឋ​ទូត​ចិន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​និយាយ​ថា ​សហភាព​អឺរ៉ុប​មិន​ត្រូវ​យក​បញ្ហា​នយោបាយ​លាយ​ឡំ​ជាមួយពាណិជ្ជកម្ម​នៅ​ពេល​ដែល​ខ្លួន​ត្រិះ​រិះ​ដក​ឋានៈ​អនុគ្រោះ​ពន្ធដ៏​សំខាន់​របស់​កម្ពុជា​សម្រាប់​ចូល​ទីផ្សារ​អឺរ៉ុប នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចូល​ក្នុង​របប​ផ្តាច់​ការ។

សហភាព​អឺរ៉ុប​ទើប​តែ​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា​ដើម្បី​កំណត់​ថា​តើ​ភាព​អនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ដែល​ហៅ​ថា ​«រាល់​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ​ឬ (EBA)»​ ត្រូវ​ដក​ដោយសារ​សកម្មភាព​ដូច​ជា​ការ​រំលាយ​គណបក្ស​មួយ​ផ្សេង​ទៀត​មុន​ការ​បោះ​ឆ្នោត​សាកល​នៅ​ខែ​នេះ។

បន្ទាប់​ពី​ធ្វើ​សុន្ទរកថា​ជា​សាធារណៈ​អំពី​កិច្ច​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​មួយនិង​ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅពួក​និស្សិត​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯសាកល​វិទ្យា​ល័យ​ភ្នំពេញ ​លោក​ឯក​អគ្គ​រដ្ឋ​ទូត ​Xiong Bo ​បាន​សង្កត់​បញ្ជាក់​ថា ពាណិជ្ជកម្ម​សេរី​មិន​ត្រូវ​រង​ផល ប៉ះ​ពាល់​ដោយ​លក្ខខណ្ឌ​នយោបាយ​ជា​មុន​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ឋានៈ​ភាព​រាល់​គ្រប់​មុខទំនិញ​លើក​លែង​តែ​អាវុធ​ឬ (EBA)។

លោក​ឯកអគ្គរដ្ឋ​ទូតចិន​បាន​និយាយ​តាមរយៈ​អ្នក​បក​ប្រែ​ថា៖ «ដូច្នេះ ​ខ្ញុំ​គិត​ថា ​ចំ​ពោះទំនាក់​ទំនង​ខាង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា ​ខ្ញុំ​គិតថា​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទាំង​នោះ​ត្រូវ​តែ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់សេដ្ឋ​កិច្ច​និង​ពាណិជ្ជ​កម្ម ​ក៏ប៉ុន្តែ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទាំង​នោះ​មិនត្រូវ​ផ្លាស់​ប្តូរ​ស្រប​ទៅ​តាម​មូលហេតុ​ខាង​នយោបាយ​ទេ»។

លោក​ឯកអគ្គរដ្ឋ​ទូតចិន​បាន​និយាយ​ទៀត​ថា៖ «មិន​ថា​សហភាព​អឺរ៉ុប​នឹង​ធ្វើ​អ្វី​នោះ​ទេ ចិន​នឹង​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុងការ​ពង្រីក​និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​វិស័យ​ទាំង​អស់​របស់​យើង​ជាមួយ​កម្ពុជា ​ជាពិសេស​ក្នុង​ទំនាក់​ទំនង​ខាង​ពាណិជ្ជកម្ម​និង​សេដ្ឋ​កិច្ច»។

ចិន​បាន​ចាក់​ប្រាក់​រាប់​ពាន់​ដុល្លារ​ចូល​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​វិនិយោគ​ទុន​ប្រាក់​កម្ចី​សម្បទាន​ និង​ជំនួយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំៗ​ថ្មី​នេះ ​ដែល​កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ឥទ្ធិពល​របស់​មហាអំណាច​លោក​ខាង​លិច​នៅ​ក្នុង​ប្រទេស​នោះ។

​លោក​ Xiong ​បាន​និយាយ​ទៀតថា ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ខ្លួន​ឯង​ជា​អ្នកគាំ​ទ្រ​ដ៏​ខ្លាំង​ដល់​ពាណិជ្ជកម្ម​សេរី ​ដែល​ជា​មនោ​សញ្ចេតនា​មួយ​ដែល​លោក​សង្ឃឹម​ថា សហភាព​អឺរ៉ុប​នឹង​ប្រកាន់​ខ្ជាប់ ​លោក​បាន​និយាយ​ទៀត​ថា ​លោក​មិន​ជឿ​ថា ​រដ្ឋ​ទាំង​អស់​ជា​សមា​ជិក​នឹង​គាំទ្រ​ចំណាត់​ការ​ដើម្បី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញលើក​លែង​តែ​អាវុធឬ (EBA)​នោះ​ទេ។

រាល់​ការ​សម្រេច​ដើម្បីដកឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញ​លើក​លែងតែ​អាវុធ​ឬ (EBA)​ចេញពី​កម្ពុជា ​នឹង​តម្រូវ​ឲ្យ​មាន​ការ​មូលមតិ​ក្នុង​ចំណោម​សមាជិក​សហ​ភាព​អឺរ៉ុប។

ឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញលើក​លែង​តែ​អាវុធឬ (EBA) ផ្តល់​ឲ្យ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា​នូវ​ចំនួន​កូតា​ដោយ​មិន​យក​ពន្ធ​លើ​ទំនិញ​ចូល​ទីផ្សារ​សហ​ភាព​អឺរ៉ុប។​

ការ​ចូល​ទីផ្សារ​នេះ​ជា​លក្ខខណ្ឌ​ត្រូវ​អនុវត្ត​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ហើយ​ប្រទេស​ខ្លះ​បាន​ទទួលរងការ​ដាក់​ទណ្ឌកម្ម​ ​ព្រោះ​មិន​បាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​ទាំង​នោះ។

សហភាព​អឺរ៉ុប​ជា​ទីផ្សារ​ដ៏ធំបង្អស់​របស់​កម្ពុជា​ដោយ​បាន​ស្រូប​យក​ការ​នាំ​ចេញ​ប្រហែល​ពាក់​កណ្តាល​របស់​ប្រទេស​នោះ។

កាលពី​ថ្ងៃ​ចន្ទ ​លោក ​George Edgar​ ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រ​ទេស​កម្ពុជា​បាន​និយាយ​ថា បេសកកម្ម​ស្វែង​រក​ការ​ពិត​របស់​គណៈ​កម្មការ​អឺរ៉ុប​ពិនិត្យ​មើល​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារក្នុង​បរិបទ​នៃឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញ​លើក​លែងតែ​អាវុធ​ឬ​ (EBA)​បាន​បញ្ចប់​ហើយ​ឥឡូវ​នេះ​នឹង​រាយការណ៍​ទៅ​អ្នក​ធ្វើ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប។

កាល​ពី​សប្តាហ៍​មុន ​លោកស្រី ​Cecilia Malmstrom​ ប្រធាន​គណៈ​កម្មការ​ផ្នែក​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប ​បាន​និយាយ​ថា ​ការ​ដក​ឋានៈ​អនុគ្រោះ​រាល់​គ្រប់​មុខ​ទំនិញលើក​លែង​តែ​អា​វុធឬ ​(EBA)​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់ ​ប្រសិន​បើ ​ការ​ខំ​ប្រឹងប្រែង​ផ្សេង​ទៀត​របស់​យើង​បាន​បរាជ័យ​មិន​អាច​ដោះ​ស្រាយ​ការ​ព្រួយ​កង្វល់​របស់​ប្លុក​នោះ។ ការព្រួយ​កង្វល់​ដ៏​ចម្បង​បំផុត​មួយក្នុង​ចំណោម​ការ​ព្រួយ​កង្វល់​ទាំង​នោះ​គឺការ​ដាក់​លោក​ កឹម ​សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​កញ្ញា​ហើយ​នឹង​ការ​រំលាយ​គណបក្ស​របស់​លោក​កាល​ពី​ខែ​វិច្ឆិកា។

ប្រធាន​គណៈ​កម្មការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប
ប្រធាន​គណៈ​កម្មការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប

ក្នុង​រឿង​ក្តី​ទាំង២ គេ​បាន​សំអាង​លើ​ការ​ចោទ​ប្រកាន់​ពីការ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រួមគំនិត​ដែល​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​នាយករដ្ឋ​មន្រ្តី ហ៊ុន ​សែន​ ដែល​បាន​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល​៣៣​ឆ្នាំ។

អង្គការ​សិទ្ធិ​មនុស្សនិង​រដ្ឋាភិបាល​បរទេស​រួម​មាន​សហភាព​អឺរ៉ុប​បាន​រិះ​គន់​ចំណាត់​ការ​ទាំង​នេះ​ថា​ ជា​ឧបាយកល​ដ៏ច្បាស់​ក្រឡែត​របស់​លោក​ ហ៊ុន សែន​ ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង​របស់​លោក​មុន​ពេល​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ ​ខែកក្កដា។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​លើ​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក​ ហ៊ុន ​សែន ​«ចំពោះ​ការ​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​ពលរដ្ឋ​កម្ពុជា»។

រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា ប្រទេស​ទាំង​នោះ​កំពុង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន។

​កាល​ពី​ខែ​មិថុនា ​លោក ហ៊ុន ​សែន ​បាន​បញ្ជូន​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​របស់​លោក​គឺ​លោក សុខ ស៊ីផាន់​ណា ​ទៅ​កាន់​ទីក្រុង​ប្រ៊ុចសែល ​ដើម្បី​បញ្ចុះ​បញ្ចូល​សហ​ភាពអឺរ៉ុប​កុំ​ឲ្យ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញលើក​លែង​តែ​អាវុធ​ឬ (EBA)។

​សេចក្តី​ថ្លែងការណ៍​របស់​កម្ពុជា​នៅ​ពេល​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ «ជាការ​គួរឲ្យ​សង្វែក​ និង​មិន​យុត្តិធម៌​ទាល់​តែ​សោះ ​នៅ​ក្នុង​រឿង​ក្តី​ធំៗមួយ​ចំនួន ​រដ្ឋាភិបាល​មាន​អារម្មណ៍​ដូចជា​ជន​រងគ្រោះដោយ​ការ​ចោទ​ប្រកាន់​គ្មាន​ភ័ស្តុតាង​និង​ការ​វាយតម្លៃ​ទូទៅ​ហួស​ហេតុ»។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​សន្និដ្ឋាន​ថា «មាន​សកម្មភាព​ឃុបឃិតនិង​វៀចវេ​ជាមួយ​នឹង​មហា​អំណាច​បរទេស​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​របប​តាម​រយៈ​មធ្យោបាយ​មិន​មែន​បែប​ប្រជា​ធិបតេយ្យ។ តើ​ការ​ណ៍​នេះ​នឹង​កើត​មានឡើង​យ៉ាង​ដូចម្តេច?»។

​លោក សុខ ​ស៊ីផាន់​ណា ​ជាមេធាវី​និង​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​ដែល​បាន​ដឹកនាំការ​ចរចា​ឲ្យ​កម្ពុជា​បាន​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅឆ្នាំ​២០១៣ ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការសាក​សួរ​របស់​ VOA ​អំពី​កិច្ច​ខំ​ប្រឹង​ប្រែង​បញ្ចុះ​បញ្ចូល​នោះ​ទេ។

លោក សុខ ស៊ីផាណា​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
លោក សុខ ស៊ីផាណា​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

​លោក មាស នី ​អ្នក​វិភាគ​នយោបាយ​បាន​និយាយថា ​លោក​មិនជឿ​ថា ​លោក សុខ ស៊ី​ផាន់​ណា ​បាន​ទទួល​ជោគជ័យ​ក្នុង​បេសកកម្ម​របស់​លោក​ទេ។

​លោកនិយាយ​ថា៖ «បេសកកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ការ​លំបាក​សម្រាប់​ប្រធាន​គណៈ​ប្រតិភូ​ដើម្បី​ធ្វើ​ឲ្យ​សហ​គមន៍អឺរ៉ុប​ជឿ ​ពី​ព្រោះ​តែ ខ្ញុំ​គិត​ថា ​រហូត​មក​ទល់​ពេល​នេះ អឺរ៉ុប​មាន​ព័ត៌មាន​មកពី​គ្រប់​ប្រភព​ទាំង​អស់»។

លោក ​មាស ​នី ​និយាយ​បន្ត​ទៀត​ថា វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុ​ជា​មិន​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​បណ្តាល​មក​ពីការ​គំរាម​កំហែងនៃ​ការ​ដកឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញលើក​លែង​តែ​អាវុធ​ឬ (EBA)។

​លោកបាន​និយាយ​ទៀត​ថា៖ «ក៏ប៉ុន្តែ ​ខ្ញុំ​បាន​គិតថា ​យើង​អាចពិភាក្សា​បញ្ហា​នេះ​យ៉ាង​ច្រើន​ថា រដ្ឋាភិបាល​ប្រហែល​ប្រឈម​បញ្ហា​នៅ​ថ្ងៃ​អនាគត ​ប្រសិន​បើ​ឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញលើក​លែង​តែ​អាវុធ​ឬ (EBA)​ត្រូវ​បាន​លុប​ចោល​នោះ»។

លោក​ មាស ​នី ​និយាយថា បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ចម្បង​ទាំង​នោះគឺ​ផល​ប៉ះ​ពាល់​ដោយ​ប្រយោល​លើ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដោយ​សារ​ការ​គ្មាន​ការ​ងារ​ធ្វើ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​៧សែន​នាក់​របស់​កម្ពុជា​ ​ភាគ​ច្រើន​នៃ​អ្នកទាំង​នោះ​បាន​ជំពាក់​បំណុល​យ៉ាង​ខ្លាំង។

កាល​ពី​ឆ្នាំ​ទៅ ​លោក ប៉ាន់ សូរសក្តិ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​បាន​ព្រមាន​នៅ​ក្នុង​លិខិត​ដែល​បាន​បែក​ធ្លាយ​ថា ​ប្រសិន​បើ ឋានៈ​អនុគ្រោះ​ពន្ធ​រាល់​គ្រប់​មុខ​ទំនិញលើក​លែង​តែ​អាវុធ​ឬ​(EBA)បាន​ត្រូវ​គេ​ដក​ ​កម្ពុជា​នឹង​ត្រូវ​បង់​ប្រាក់​៦៧៦​លាន​ដុល្លារ​សម្រាប់​ប្រាក់​ចំណូល​ដែល​ប៉ាន់​ស្មាន​ថា​មាន​តម្លៃ​៦.២​ពាន់​លាន​ដុល្លារ​មក​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅកាន់​សហគមន៍​អឺរ៉ុប៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG