ប្រទេសចិនបានប្រកាសអំពីការពិន័យតឹងរ៉ឹងដល់មនុស្សទាំងឡាយណាដែលបានត្រូវចាប់ខ្លួនដោយការសាទត្រីខុសច្បាប់នៅក្នុងដែនទឹកនៃប្រទេសចិនដោយមានរួមបញ្ចូលទាំងដែនទឹកទាំងអស់ដែលចិនបានពណ៌នាថា ជាតំបន់អធិបតេយ្យរបស់ផងខ្លួននៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
កាលពីថ្ងៃអង្គារ តុលាការកំពូលនៃប្រទេសចិនបាននិយាយថា ពួកអ្នកនេសាទត្រីដែលចូលក្នុងដែនទឹកនៃប្រទេសចិនដោយខុសច្បាប់លើសពីម្តងក្នុងមួយឆ្នាំនឹងត្រូវពិន័យ និងជាប់គុកមួយឆ្នាំ។ តុលាការនេះក៏បានចែងអំពីការពិន័យដល់ការកាត់យកផ្កាថ្មនៅទីនោះផងដែរ។
កាលពីខែមុន តុលាការមួយគាំទ្រដោយអ.ស.ប.នៅក្នុងក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចថាប្រទេសចិនគ្មានសិទ្ធិទាមទារថា ដែនទឹកក្នុងសមុទ្រខាងត្បូងជាតំបន់ដាច់មុខរបស់ខ្លួនទេ ដោយមានរួមបញ្ចូលទាំងតំបន់សេដ្ឋកិច្ចចម្ងាយ ២០០ម៉ាយល៍ នៅក្នុងតំបន់ប្រជុំកោះ Spratly ផងដែរ។
លោក Chang Wanquan រដ្ឋមន្ត្រីការពារប្រទេសរបស់ប្រទេសចិនបានព្រមានអំពីការគំរាមកំហែងនៅក្នុងលំហសមុទ្រដោយនិយាយថា ប្រទេសចិនគួរប្រុងប្រៀបសម្រាប់ធ្វើសង្គ្រាមរបស់ប្រជារាស្ត្រនៅក្នុងសមុទ្រនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីថែរក្សាអធិបតេយ្យភាពជាតិ។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhau ចុះផ្សាយថាលោក Chang បានអំពាវនាវឱ្យមានការទទួលស្គាល់អំពីភាពធ្ងន់ធ្ងរនៃស្ថានភាពសន្តិសុខជាតិ ជាពិសេសការគំរាមកំហែងពីសមុទ្រ។
លោករដ្ឋមន្ត្រីការពារប្រទេសចិនបានមានប្រសាសន៍ថាក្រុមយោធា ពួកប៉ូលិសនិងប្រជារាស្ត្រចិនគួរប្រុងប្រៀបសម្រាប់កំណែនដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។
នៅពេលជាមួយគ្នានេះ នៅក្នុងការស្ទង់មតិមួយអំពីសន្តិសុខកាលពីថ្ងៃអង្គារ ប្រទេសជប៉ុនបាននិយាយថារដ្ឋាភិបាលក្រុងប៉េកាំងប្រថុយប្រថានជាមួយផលវិបាកដោយអចេតនា ដោយសារគោលជំហរគឃ្លើនរបស់ខ្លួន។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានខិតខំប្រឹងប្រែងនៅទូទាំងសមុទ្រចិនខាងត្បូង ក្នុងការប្រែក្លាយតំបន់មានថ្មប៉ប្រះទឹកឱ្យទៅជាកោះសិប្បនិមិត្តដែលអាចបង្កើតទីតាំងយោធាបាន ដោយមិនអើពើដល់ការទាមទារក្នុងតំបន់សមុទ្រនោះដោយប្រទេសព្រុយនេ ម៉ាឡេស៊ី វៀតណាម កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន ទេ៕