សហរដ្ឋអាមេរិកនិយាយថា ខ្លួនមានទំនុកចិត្តចំពោះឆន្ទៈរបស់ប្រទេសចិន និងប្រទេសហ្វីលីពីនក្នុងការមានកិច្ចពិភាក្សាដោយផ្ទាល់ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការកាត់សេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងការទាមទាររបស់ចិនមក។
នៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន នាថ្ងៃពុធនេះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានជួបប្រជុំជាមួយនឹងមន្ត្រីជាន់ខ្ពស់ហ្វីលីពីន ដោយក្នុងនោះមានលោកប្រធានាធិបតីថ្មីរបស់ហ្វីលីពីន គឺលោក Duterte ផងដែរ។ នេះជាកិច្ចប្រជុំដំបូងបង្អស់រវាងមេដឹកនាំទាំងពីរ បន្ទាប់ពីពីប្រទេសចិនបានប្រឆាំងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិរួចមក។
នៅឯសន្និសីទរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay លោក Kerry បានលើកឡើងថា សហរដ្ឋអាមេរិកលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រទេសចិន និងប្រទេសហ្វីលីពីនផងដែរឲ្យ «ធ្វើការចរចារ និងធ្វើការជាមួយគ្នាតាមផ្លូវការទូត ទ្វេភាគី ពហុភាគី និងកសាងទំនុកចិត្តដើម្បីរិះរកមធ្យោបាយដោះស្រាយបញ្ហា»។
មន្ត្រីការទូតកំពូលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រទេសចិនបានបង្ហាញឆន្ទៈរបស់ខ្លួន និងត្រៀមរួចជាស្រេចក្នុងការចរចារទ្វេភាគីជាមួយប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារម្សិលមិញនេះ មួយថ្ងៃបន្ទាប់ពីលោក Kerry ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Wang Yi។
ទោះបីជាអ្នកខ្លះយល់ថានេះជាការបង្វែងជំហរសហរដ្ឋអាមេរិកក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់ការបរទេសសហរដ្ឋអាមេរិកមួយរូបបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនដែលប្រឆាំងមិនឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងម៉ានីលទេ ហើយក្នុងនោះដែរ ការចរចារទ្វេភាគីគឺនៅតែជាជម្រើសមួយក្នុងចំណោមនោះផងដែរ។
មន្ត្រីរូបនោះក៏បានបញ្ជាក់ដែរថា អ្វីដែលសហរដ្ឋអាមេរិកប្រឆាំងនោះ គឺការប្រើប្រាស់ការចរចារដោយផ្ទាល់ណាមួយរវាងប្រទេសដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងទាំងអស់ ជាលក្ខខ័ណ្ឌកំណត់ទុកមុន៕