ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ចិន​និង​វៀតណាម​ជួប​ពិភាក្សា​គ្នា​ ដើម្បី​បន្ធូរ​ភាព​តាន​តឹង​​​ក្នុង​រឿង​ជម្លោះ​ដែន​សមុទ្រ​


រូបឯកសារ៖ ជំនួបតាមវីដេអូរវាងរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្តាំ) និងរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ជំនួបតាមវីដេអូរវាងរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្តាំ) និងរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

មន្រ្តី​វៀតណាម​និង​ចិន​បាន​ជួប​គ្នា​ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​ជម្លោះ​ដែន​ទឹកអស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក ​ដែល​ក្នុង​នោះ​រួមមាន​ការបុក​ពន្លិច​ទូក​នេសាទ​វៀតណាម​ ​និង​ការ​ធ្វើ​តេស្ត​សាកល្បង​កាំជ្រួច​ពី​សំណាក់​ប្រទេស​ចិន​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិនលោក Wei Fenghe (វ៉េ ហ្វ៊ឹងហ៊) បាន​ជួប​ពិភាក្សាជាមួយ​ឯកអគ្គរដ្ឋ​ទូត​វៀតណាម​លោក Phạm Sao Mai​ កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ទី​ក្រុង​ប៉េកាំង។

រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wei លើក​ឡើងក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ ប្រទេស​ចិន​សង្ឃឹម​ថា​នឹង​អាច​ពង្រឹង​ការ​ឯកភាព​គ្នា ការ​សហការ​គ្នា​ដោយ​ជិតស្និទ្ធ និង​ការ​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​ដោយ​ស្រម​ស្រប​ជាមួយ​ប្រទេស​វៀតណាម នៅ​ចំពោះ​មុខ​នៃ​ការ​ផ្លាស់ប្តូរ​ជា​សាកល​នានា។ នេះ​បើយោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ចិន​ដែលត្រូវ​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន។

អ្នក​ជំនាញ​នយោបាយ​អាស៊ី​មួយ​ចំនួន​និយាយ​ថា​ ប្រទេស​ទាំង​ពីរ​កំពុង​ស្វែង​រក​វិធី​ដើម្បី​បន្ធូរភាព​តាន​តឹងក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​ និង​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​ជា​ថ្មី​ទៀត​នូវ​ជម្លោះ​ដែន​ទឹក​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​រវាង​ប្រទេស​ទាំង​ពីរ។

លោក Carl Thayer សាស្រ្តាចារ្យ​ចូល​និវត្តន៍​ដែលជំនាញ​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រា​លី​លើក​ឡើង​ថា​ នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយក្នុង​ការ​បន្ថយ​នូវ​ភាព​តាន​តឹង​ដែល​កើត​មាន​ឡើង។ លោក​ថា ​វា​មិន​មែន​ជា​ការ​បញ្ចប់​នូវ​ភាព​តាន​តឹង​នោះ​ទេ​ តែ​ជា​ការ​បន្ថយ​នូវ​ភាព​តានតឹង​ដែល​កើត​មាន​ឡើង​នោះ​តែ​ប៉ុណ្ណោះ។ ​

កាល​ពី​ខែ​មេសា​នាវា​ស្រាវ​ជ្រាវ​ចិនបាន​ដេញ​ពន្លិច​ទូក​នេសាទវៀតណាម​មួយ​គ្រឿង។ ពីរ​ខែ​ក្រោយ​មក​ នាវា​ស្រាវជ្រាវ​របស់​ចិន​មួយ​គ្រឿង​ បាន​បើក​ចូលដែន​ទឹក​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេសវៀតណាម ឬ​ហៅ​ថា EEZ ដែល​មាន​៣៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។ ទន្ទឹម​គ្នានេះ​ដែរ​ ក្នុង​ខែ​សីហា​កន្លង​ទៅ​ កង​យោធា​ចិន​បាន​បាញ់​សាក​ល្បង​កាំជ្រួច​ពីរ​គ្រាប់​នៅ​ជិត​តំបន់ប្រជុំ​កោះ ​Paracel​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋភិបាល​ក្រុង​ប៉េកាំង​ តែ​ដែលវៀតណាម​បាន​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លំាំង​ចំពោះ​ការ​គ្រប់​គ្រង​តំបន់​នេះ​ពី​សំណាក់​ភាគី​ចិន​នេះ៕

XS
SM
MD
LG