ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ដែន​ទឹក​រវាង​ចិន​និង​វៀតណាម៖​ សេណារីយ៉ូ​៣​ផ្សេង​គ្នា​សម្រាប់​ដំណាក់កាល​បន្ទាប់


រូបឯកសារ៖ នាវារុករកប្រេងចិនឈ្មោះ Haiyang Shiyou 981 ដែលត្រូវបានគេឃើញនៅតំបន់សមុទ្រចិនខាងត្បូង ពីតំបន់ឆ្នេរប្រទេសវៀតណាម កាលពីថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ នាវារុករកប្រេងចិនឈ្មោះ Haiyang Shiyou 981 ដែលត្រូវបានគេឃើញនៅតំបន់សមុទ្រចិនខាងត្បូង ពីតំបន់ឆ្នេរប្រទេសវៀតណាម កាលពីថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០១៤។

ការ​ប្រឈម​គ្នា​រវាង​នាវា​ចិន​និង​វៀតណាម​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​កាន់​តែ​តានតឹង​ខ្លាំង​ឡើង​ជាមួយ​នឹង​ការ​វិលត្រឡប់​មក​វិញ​នៃ​នាវា​រុករក​ប្រេង​របស់​ចិន បន្ទាប់​ពី​ការ​ព្រមានពី​អតីត​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton។

​ខណៈ​ដែល​ជម្លោះ​រវាង​ចិន​និង​វៀតណាម​ពាក់ព័ន្ធ​នឹង​ដែន​សមុទ្រ​មាន​ជម្លោះ​បាន​លេច​ឡើង​ជា​ប្រចាំ​មក​វិញ​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០មក​ ជម្លោះ​នា​ពេល​បច្ចុប្បន្ន​បាន​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​និង​មាន​ដំណើរការ​ដោះស្រាយ​តាម​ផ្នែក​ការទូត​តិចតួច​ប៉ុណ្ណោះ ដែល​ជា​លទ្ធផល​គឺ​មិនមាន​ដំណោះស្រាយ​ឲ្យ​ពេញលេញ​ណា​មួយ​ឡើយ។ ការ​ប្រឈម​មុខ​ដាក់​គ្នា​បាន​កើត​ឡើង​កាល​ពី​ខែ​មិថុនា នៅ​ពេល​ដែល​នាវា​រុករក​ប្រេង​ចិន​មួយ​ឈ្មោះ Haiyang Dizhi 8 បាន​ចាប់​ផ្តើម​ល្បាត​ដែន​ទឹក​ជិត​តំបន់ Vanguard Bank ដែល​ស្ថិត​នៅ​ចម្ងាយ ៣៥២ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​វៀតណាម។​ វៀតណាម​ក៏​មាន​ប្រតិបត្តិការរុករក​ថាមពល​ក្រោម​សមុទ្រ​នៅ​ក្បែរ​តំបន់ Vanguard Bank ផង​ដែរ។​

​ទាំង​ចិន​និង​វៀតណាម​ទាមទារផ្នែក​ខាង​លិច​នៃ​ដែន​សមុទ្រ​ដែល​មាន​ទំហំ ៣,៥ លាន​គីឡូម៉ែត្រ​ការ៉េ។ ហើយ​ចិន​មាន​យោធា​និង​សេដ្ឋកិច្ចខ្លាំង​ជាង​វៀតណាម។ ​

​មាន​សេណារីយ៉ូ​បី​ដែល​ជា​លទ្ធផល​នៃ​ការ​ប្រឈម​គ្នា​នៅ​តំបន់ Vanguard Bank៖

ភាគី​ពាក់ព័ន្ធ​កាន់​តែ​ច្រើន ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​

នាវា​ចិន​អាច​ស្ថិត​នៅ​ក្បែរ​តំបន់ Vanguard Bank ឬ​ត្រៀម​លក្ខណៈ​ ជា​ពិសេស​ប្រសិន​បើ​រដ្ឋាភិបាល​ដទៃ​ទៀតដាក់​បន្ទុក​រិះគន់​ខ្លាំង​ពេក​ទៅ​លើ​រដ្ឋាភិបាល​ក្រុងប៉េកាំង។

លោក John Bolton ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​អាមេរិក​ដែល​ទើប​លាលែង​ពី​តំណែង​បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា​កន្លង​ទៅ​ថា «ការ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​នា​ពេល​ថ្មីៗ​នេះ​របស់​ចិន​ដើម្បី​គំរាម​កំហែង​អ្នក​ដទៃពី​ការ​បង្កើត​ធនធាន​ផ្សេងៗ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​រឿង​គួរ​ឲ្យ​រំខាន។ សហរដ្ឋអាមេរិក​ឈរ​នៅ​ជាមួយ​នឹង​ភាគី​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​នឹង​អាកប្បកិរិយា​គំរាម​កំហែង​និង​ការ​ប្រើប្រាស់​វិធី​សម្លុត​ធ្វើ​បាប ដែល​គំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់»។ ​

យោង​ទៅ​បណ្តាញ​ផ្សព្វផ្សាយ​របស់​អូស្រ្តាលី ពីរ​ថ្ងៃបន្ទាប់​មក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី ដែល​បាន​ថ្លែង​នៅ​ក្រុង​ហាណូយ​ថា ប្រទេស​ជិត​ខាង​នឹង​ចិន​គួរ​តែ​តតាំង​នឹង «ការ​គំរាម​កំហែង​នោះ»។

អ្នក​ស្រី Yun Sun ជំនួយការ​ជាន់ខ្ពស់​ផ្នែក​កម្មវិធី​អាស៊ីបូព៌ា​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា សារដូច​នេះ​ហើយ​ជាពិសេស​ប្រសិន​បើ​សារទាំង​នេះ​មាន​លក្ខណៈ​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៀត អាច​នឹងធ្វើ​ឲ្យចិន​បង្ហាញ​កម្លាំង​កាន់​តែ​ខ្លាំង​ទៅ​កាន់វៀតណាម។

ចិន​បាន​ថ្លែង​ថា ជម្លោះ​ដែន​ទឹក​ដែល​អូសបន្លាយ​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​និង​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​អាស៊ី គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​ដែល​ធ្វើ​ការ​ទាមទារ​ដែន​សមុទ្រ​នេះ ជាជាង​ដោយ​ភាគី​ពី​ខាង​ក្រៅ។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី​ ហ្វីលីពីន និង​តៃវ៉ាន់ ក៏​បាន​ទាមទារ​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​ដែន​ទឹក​មាន​ជម្លោះ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​នេះ​ផង​ដែរ។ ដើម្បី​រក្សា​ទំនាក់ទំនង​ ចិន​កំពុង​ជួយ​ផ្នែក​សេដ្ឋកិច្ច​ដល់បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ធ្វើ​ការ​ទាមទារ​នេះ។

​ជា​រឿយៗ រដ្ឋាភិបាល​អាមេរិក​បញ្ជូន​នាវា​កងទ័ព​ជើង​ទឹក​ចូល​ទៅ​តំបន់​សមុទ្រ​នោះ​ដើម្បី​ពិនិត្យ​មើល​ការ​ពង្រីក​សកម្មភាព​របស់​ចិន។

អ្នកស្រី​ Sun បាន​និយាយ​ថា៖«ប្រសិន​បើ​នេះ​ពិត​ជា​ផែនការ​ របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​គាំទ្រ​គោលជំហរ​របស់​វៀតណាម​មែន​នោះ ខ្ញុំ​គិត​ថា ចិន​នឹង​មិន​នៅ​ស្ងៀម ដោយ​មិន​ធ្វើ​អ្វី​មួយ​នោះ​ទេ។ ខ្ញុំ​គិត​ថា ស្ថានការណ៍​នឹង​កាន់​តែមាន​ភាព​តានតឹង​ឡើង»។

​អាកាសធាតុ​ដែល​មាន​ព្យុះបក់បោក

បណ្តា​ប្រទេស​ដែល​ទាមទារ​អធិបតេយ្យភាព​ដែន​ទឹក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង បាន​លើក​ឡើង​ពី​បញ្ហា​អាកាសធាតុ​ពី​មុន​មក​ ដែល​ជា​កត្តា​លុបបំបាត់​ចោល​ការ​ប្រឈម​គ្នា​ជាមួយ​នឹង​បណ្តាប្រទេស​ដទៃ​ទៀត។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ ថ្នាក់​ដឹកនាំ​ហ្វីលីពីន​បាន​និយាយ​ថា អាកាសធាតុ​ដែល​មាន​ព្យុះ​បក់បោក​ជា​ហេតុផល​មួយ​នៅ​ពី​ក្រោយ​ការ​ដក​នាវា​ល្បាត​ពីរ​គ្រឿង​ចេញ​ពី​តំបន់​ថ្មប៉ប្រះ​ទឹក​ដែល​មាន​ជម្លោះ​ជាមួយ​ចិន។​

លោក​ Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​នៅ​សិង្ហបុរី បាន​និយាយ​ថា៖

«អាកាសធាតុ​តែងតែ​ជា​ហេតុផល​ដោះសារ​ដ៏​ល្អ​មួយ»។

លោក​ Sun បាន​និយាយ​ថា ព្រឹត្តិការណ៍​ដទៃ​ទៀត​អាច​ផ្តល់​ហេតុផល​ដល់​ប្រទេស​ចិន​ឲ្យ​ដក​ថយ​ផង​ដែរ។ នាវា​រុក​រក​ប្រេង​ចិន​បាន​ចាកចេញ​ពី​តំបន់ Vanguard Bank កាល​ដើម​ខែ​សីហា​កន្លង​ទៅ ខណៈ​ក្រុមថ្នាក់ដឹកនាំ​របស់​ចិន​បាន​ជួប​ប្រជុំ​នៅ​ក្រុង​ប៉េកាំង​សម្រាប់​សន្និសីទ​ប្រចាំ​ឆ្នាំ។ ក្រោយ​មក នាវា​នោះ​បាន​វិល​ត្រឡប់​មក​វិញ បន្ទាប់​ពី​ក្រុមថ្នាក់​ដឹកនាំ​ទាំង​នោះបាន​ពិនិត្យ​ទៅ​លើ​គោលនយោបាយ​ការ​បរទេស​ឆ្នាំ​នេះ​រួច។

ការ​ចរចា​រវាង​បក្ស​និង​បក្ស

ជា​រឿយៗ ​វៀតណាម​និង​ចិនបាន​សម្រួល​ជម្លោះ​តាមរយៈ​ជំនួប​រវាង​ប្រេសិត​ពី​បក្ស​កុម្មុយនីស្ត​ទាំងសងខាង។ ជំនួប​បែប​មិន​ផ្លូវការ​នេះ​តែងតែ​បង្ហាញ​ពី​សមានចិត្ត​ដើម្បី​រក្សា​ឲ្យ​បាន​ភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​មាន​ហេតុការណ៍​ណាមួយ។ ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​ផ្លូវការ​ណាមួយ​ ដែល​តម្រូវ​ឲ្យ​មាន​កិច្ចពិភាក្សា​យ៉ាង​តឹងតែង​ក្នុង​ចំណោម​មន្រ្តី​នោះ​ទេ។

លោក Carl Thayer សាស្រ្តាចារ្យ​កត្តិយស​ពី​បណ្ឌិតសភា​កងកម្លាំងការពារ​ជាតិ​អូស្រា្តលី​នៅ​មហាវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​ ​បាន​និយាយ​ថា៖

«សេណារីយ៉ូ​ដែល​មាន​ពី​មុន​មក​និង​សេណារីយ៉ូ​ទី​បី​ពិតប្រាកដ​នោះ​គឺ ទំនាក់ទំនង​រវាងបក្ស​កុម្មុយនីស្ត​និង​បក្សកុម្មុយនិស្តនោះ យើង​ឃើញ​មាន​ការ​បញ្ជូន​ប្រេសិត​ទៅ​វិញ​ទៅ​មក។ វៀតណាម​បាន​ធ្វើ​ការ​ជំរុញ​ជា​បន្ត​បន្ទាប់​នៅ​គ្រប់​ច្រក​ល្ហក​ទាំង​អស់»។ ​

លោក​ Ohបាន​ថ្លែង​ថា ជា​ធម្មតា​ភាគី​ទាំងពីរ​រង់ចាំ​ រហូត​ដល់ឧបទ្ទវហេតុ​មួយ​កើត​ឡើង​បាន​មួយ​ទៅ​ពីរ​សប្តាហ៍​សិន មុន​ពេល​ភាគី​មួយ​ដាក់​សំណើរ​ចរចា​រវាង​បក្ស​និង​បក្ស។ បន្ទាប់​មក​ អ្នក​តំណាង​បក្ស​ជារឿយៗ​នឹង​ដោះស្រាយ​បញ្ហា​នោះ​ក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់។

លោក​ Oh បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា នៅ​ត្រង់​ចំណុចណា​មួយ​ នឹង​មាន​ការ​ទុកមុខឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ បន្ទាប់​ពីការ​ប្រើប្រាស់​ដំណោះស្រាយ​រវាង​បក្ស​និង​បក្ស»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG