ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន​ថា ចិន​នឹង​បង្កើន​ការ​ចេញ​សញ្ញាបណ្ណ​រដ្ឋាភិបាល


រូបឯកសារ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​នៅ​ទីក្រុង​ប៉េកាំង ថត​នៅ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​នៅ​ទីក្រុង​ប៉េកាំង ថត​នៅ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​យោង​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​របស់​ចិន​លោក Lan Foan ​ថា ​ប្រទេស​ចិន​នឹង​បង្កើន​ល្បឿន​នៃ​ការ​ចេញ​និង​ប្រើប្រាស់​សញ្ញាបណ្ណ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ក្រសួង​ហិរញ្ញវត្ថុ​ចិន​នឹង​ជំរុញ​ជា​ប្រក្រតី​ឱ្យ​មាន​ដំណោះស្រាយ​នៃ​ហានិភ័យ​បំណុល​របស់​រដ្ឋបាល​មូលដ្ឋាន និង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រើប្រាស់​ឱ្យ​បាន​ប្រសើរ​ជាង​មុន​នូវ​តួនាទី​របស់​សញ្ញាបណ្ណ​ពិសេស​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua ដែល​យោង​លើ​ការ​បញ្ជាក់​របស់​លោក Lan។

លោក Lan ដែល​បាន​កត់​សម្គាល់​អំពី«ស្ថានភាព​ក្នុង​ប្រទេស​និង​អន្តរជាតិ​ដ៏​ស្មុគស្មាញ» បាន​និយាយ​ថា៖ «ក្រសួង​ហិរញ្ញវត្ថុ [ចិន] នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​ហិរញ្ញវត្ថុ​សកម្ម​ជា​មុន ផ្ដោត​លើ​ការ​បង្កើន​ប្រសិទ្ធផល និង​ធ្វើ​ឱ្យ​ការ​អនុវត្ត​គោល​នយោបាយ​ហិរញ្ញវត្ថុ​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​មុន»។

លោក Lan បាន​បន្ថែម​ថា កូតា​បំណុល​ថ្មី​មួយ​ចំនួន​របស់​រដ្ឋបាល​មូលដ្ឋាន​សម្រាប់​ឆ្នាំ ២០២៤ ត្រូវ​បាន​ចេញ​ជា​មុន​ដើម្បី​ធានា​ឱ្យ​បាន​សម​ហេតុ​ផល​នូវ​តម្រូវការ​ហិរញ្ញវត្ថុ​មូលដ្ឋាន។

លោក Lan គឺ​ជា​អ្នក​ជំនាញ​បច្ចេកទេស​ដ៏​មាន​ឥទ្ធិពល​អាយុ ៦១ ឆ្នាំ ដែល​មាន​បទ​ពិសោធ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​តិចតួច។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ខែ​មុន​ថា លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​បង្កើន​ការ​ជំរុញ​សកម្មភាព​ហិរញ្ញវត្ថុ​ឱ្យ​បាន​ក្លៀវក្លា​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក មាន​ភាព​រស់​រវើក​ឡើង​វិញ។

អង្គភាព​សភា​កំពូល​របស់​ចិន​កាលពី​ខែ​មុន​បាន​អនុម័ត​ការ​ចេញ​សញ្ញាបណ្ណ​រដ្ឋាភិបាល​ចំនួន ១៣៧ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី ៤ ដើម្បី​ផ្ដល់​ថវិកា​ដល់​ការ​កសាង​ឡើង​វិញ​នូវ​តំបន់​នានា​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន។

សេដ្ឋកិច្ច​ចិន​បាន​រីក​ចម្រើន​លឿន​ជាង​អ្វី​ដែល​អ្នក​វិភាគ​បាន​ព្យាករណ៍​ទុក​នៅ​ក្នុង​ត្រីមាស​ទី ៣ ដោយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ឱកាស​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​រីក​ចម្រើន​ពេញ​មួយ​ឆ្នាំ​របស់​ខ្លួន​ចំនួន​ប្រហែល ៥%។

ប៉ុន្តែ បញ្ហា​ប្រឈម​នៅតែ​មាន​ដោយសារតែ​វិបត្តិ​អលចនទ្រព្យ​មាន​លក្ខណៈ​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ហើយ​ក្រុមហ៊ុន​ឯកជន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចំណាយ​ដោយសារ​មិន​សូវ​មាន​ទំនុកចិត្ត៕

XS
SM
MD
LG