នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នឹងទៅបំពេញទស្សនកិច្ច ៤ ថ្ងៃក្នុងប្រទេសចិននៅថ្ងៃសៅរ៍ទី ៤ ខែវិច្ឆិកា ដែលជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអូស្ត្រាលីទៅចិនតាំងពីឆ្នាំ ២០១៦ មក។ បើទោះបីជាការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានស្ថិរភាពទំនងជាអាទិភាពកំពូលនៅក្នុងរបៀបវារៈក៏ដោយ ក៏អ្នកវិភាគនានានិយាយថា លោក Albaneseក៏គ្រោងនឹងលើកឡើងអំពីការខ្វែងគំនិតគ្នាជាមូលដ្ឋានរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលអូស្ត្រាលីផងដែរ។
លោក Benjamin Herscovitch អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បាននិយាយថា៖ «យើងនៅមានការរឹតត្បិតពាណិជ្ជកម្មលើបង្កងអូស្ត្រាលី សាច់គោអូស្ត្រាលី និងនៅមានការសើរើពន្ធដារឱ្យបានឆាប់លើស្រាផងដែរ»។
លោកបានប្រាប់ VOA តាមទូរស័ព្ទថា លោករំពឹងថាបញ្ហានេះនឹងក្លាយជាបញ្ហាសំខាន់នៅក្នុងចិត្តរបស់លោកនាយករដ្ឋមន្ត្រី Albanese ប្រសិនបើសន្មតថាមិនមានកិច្ចព្រមព្រៀងជាមុនអំពីការរឹតត្បិតដែលនៅសេសសល់ទាំងនោះលើពាណិជ្ជកម្ម។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានលុបចោលការរឹតត្បិតលើការនាំចូលទំនិញអូស្ត្រាលីមួយចំនួនដូចជាធ្យូងថ្ម ឈើហ៊ុប និងស្រូវបាឡេកាលពីប៉ុន្មានខែមុននេះ។
ជាងនេះទៀត ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាប្រទេសចិននិងប្រទេសអូស្ត្រាលីបានឯកភាពគ្នានៅក្នុងការផ្អាកជម្លោះអំពីស្រាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្របពេលដែលរដ្ឋាភិបាលចិនធ្វើការ «ពិនិត្យសើរើឱ្យបានឆាប់លើពន្ធគយរបស់ខ្លួន» ដែលអាចមានរយៈពេលប្រហែល ៥ ខែ។ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ខ្លួន «មានទំនុកចិត្ត» ថានឹងមានលទ្ធផលល្អប្រសើរ។
ភាពតានតឹងខាងពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលីបានឡើងដល់កម្រិតខ្ពស់ថ្មីមួយកាលពីឆ្នាំ ២០២០ បន្ទាប់ពីចិនបានដាក់ទណ្ឌកម្មលើផលិតផលអូស្ត្រាលីដែលមានតម្លៃ ១២,៧ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំងពន្ធគយពី ១១៦,២% ដល់ ២១៨,៤% លើស្រារបស់អូស្ត្រាលីផងដែរ។
ពន្ធគយទាំងនេះគឺជាផ្នែកមួយនៃការសងសឹករបស់រដ្ឋាភិបាលចិនប្រឆាំងនឹងការអំពាវនាវរបស់រដ្ឋាភិបាលអូស្ត្រាលីឱ្យមានការស៊ើបអង្កេតរកប្រភពនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ ២០២០។ តាំងពីពេលដែលលោក Albanese បានចូលកាន់តំណែងកាលពីឆ្នាំ ២០២២ មក លោកបានផ្តោតលើការបន្ធូរបន្ថយភាពតានតឹងរវាងចិននិងអូស្ត្រាលី ហើយលោកបានសន្យាថានឹងធ្វើឱ្យមានការដកចេញនូវទណ្ឌកម្មដែលដាក់លើទំនិញអូស្ត្រាលី។
លោក Herscovitch បានថ្លែងថា រដ្ឋាភិបាលចិនទំនងជានឹងជំរុញរដ្ឋាភិបាលអូស្ត្រាលីឱ្យគាំទ្រកិច្ចប្រឹងប្រែងរបស់ខ្លួននៅក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងទូលំទូលាយនិងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) និងជំរុញមន្ត្រីអូស្ត្រាលីឱ្យផ្ដល់ការអនុញ្ញាតឱ្យក្រុមហ៊ុនចិនចូលធ្វើអាជីវកម្មក្នុងឧស្សាហកម្មរ៉ែដ៏សំខាន់របស់អូស្ត្រាលី។
លោកបានប្រាប់ VOA ថា លោកយល់ថានឹងមានការពិភាក្សាគ្នាអំពីផែនការនៅក្នុងការដកការរឹតត្បិតដែលនៅសេសសល់លើពាណិជ្ជកម្មរបស់ចិន ហើយនៅពេលដែលមានការពិភាក្សាគ្នានេះ ភាគីចិននឹងប្រហែលជាជំរុញភាគីអូស្ត្រាលីឱ្យគាំទ្រកិច្ចប្រឹងប្រែងរបស់ខ្លួនឱ្យបានចូលក្នុងកិច្ចព្រមព្រៀង CPTPP។ លោកបានបន្ថែមថា ប្រទេសចិនក៏មានបំណងធ្វើឱ្យមានការវិវឌ្ឍទៅមុខផងដែរទាក់ទិននឹងលទ្ធភាពរបស់ក្រុមហ៊ុនចិនក្នុងការបានចូលធ្វើអាជីវកម្មក្នុងឧស្សាហកម្មរ៉ែដ៏សំខាន់របស់អូស្ត្រាលី៕