លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ស្វាគមន៍លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នៅសេតវិមាននៅថ្ងៃអង្គារនេះ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋដែលត្រូវគេរំពឹងថានឹងផ្តោតលើការពង្រីកចំណងទាក់ទងខាងការពារប្រទេសនិងសេដ្ឋកិច្ចទ្វេភាគី។
មុនពេលដំណើរបំពេញទស្សនកិច្ច លោកអាបេហើយនិងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតរបស់ជប៉ុន បានជួបសមភាគីសហរដ្ឋអាមេរិកនៅក្នុងទីក្រុងញូយ៉កកាលពីថ្ងៃច័ន្ទហើយ បានព្រមព្រៀងគ្នាពង្រឹងសម្ព័ន្ធភាពខាងវិស័យការពារប្រទេស ជាចំណាត់ការមួយដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបដល់អំណាចដែលរីកកាន់តែធំឡើងរបស់ចិន។
គោលនយោបាយដែលត្រូវសើរើពិនិត្យមើលឡើងវិញ ជួយជប៉ុនឲ្យដើរតួនាទីកាន់តែធំឡើងនៅក្នុងជម្លោះអន្តរជាតិ ដែលអនុញ្ញាតិឲ្យរដ្ឋាភិបាលទីក្រុងតូក្យូអាចជួយការពារប្រទេសទី៣ ហើយនិងពង្រឹងតួនាទីការពារកាំជ្រួចផ្លោងមីស៊ីល ការបោសសម្អាតគ្រាប់មីន ហើយនិងការត្រួតពិនិត្យកប៉ាល់។
នេះជាលើកទីមួយនៅក្នុងរយៈពេល១៨ឆ្នាំ ដែលសហរដ្ឋអាមេរិកនិងជប៉ុន បានសើរើពិនិត្យមើលឡើងវិញនូវគោលនយោបាយការពារប្រទេស។ ចំណាត់ការនោះ បានកើតមានឡើងបន្ទាប់ពីការសម្រេចរបស់ជប៉ុនកាលពីឆ្នាំទៅ ដើម្បីបកស្រាយឡើងវិញនូវរដ្ឋធម្មនុញ្ញសន្តិភាពនិយម អនុញ្ញាតិឲ្យមានការការពារប្រទេសរួមគ្នា។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍នៅឯសន្និសីទកាសែតថា ថ្ងៃនេះយើងប្រារព្ធការបង្កើតសមត្ថភាពរបស់ជប៉ុនដើម្បីការពារ មិនមែនត្រឹមតែទឹកដីរបស់ខ្លួនទេ ក៏ប៉ុន្តែក៏នៅសហរដ្ឋអាមេរិកនិងដៃគូផ្សេងទៀតដែរដែលជាការចាំបាច់។
លោករដ្ឋមន្រ្តី Kerryក៏បានផ្តល់ការធានាថ្មីៗថា ប្រជុំកោះដែលទាមទារដោយចិននិងជប៉ុនបានស្ថិតនៅក្រោមសន្ធិសញ្ញាការពារប្រទេសរួមគ្នា ដែលមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចផ្តល់ជំនួយដល់រដ្ឋាភិបាលទីក្រុងតូក្យូ នៅពេលដែលកោះទាំងនោះរងការវាយប្រហារ៕