ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ ដែល​ចុះខ្សោយ​ខាង​នយោបាយ​​​ ប្រុងប្រៀប​ខ្លួន​ប្រឈម​ជាមួយ​ចិន


Fruit imported from Spain which failed to pass quality checks is destroyed in Tianjin, China.
Fruit imported from Spain which failed to pass quality checks is destroyed in Tianjin, China.

លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បារ៉ាក់ ​អូបាម៉ា​បាន​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​អាទិត្យទៅ​កាន់​ទ្វីប​អាស៊ីដើម្បី​ចូលរួម​សន្និសីទកំពូល​ខាង​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រ​ទេស​ចិន ​ភូមា​និង​ប្រទេស​អូស្រ្តាលីដែល​ជា​ដំណើរ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​មួយ​សប្តាហ៍ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ជំរុញ​ការ​នាំ​ចេញ​ទំនិញ​របស់​អាមេរិក​ ​ហើយ​នឹង​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ដល់​ដៃគូ​នានា​នៅ​អាស៊ី​ចំពោះ​ការ​ប្រឈម​នឹង​អាកប្បកិរិយា​ដ៏​គគ្លើនកាន់​តែកើន​ឡើង​របស់​ចិននៅ​ក្នុង​តំបន់។ ​លោក​អូបាម៉ា​នឹង​ប្រឈម​នឹង​សំណួរស្តី​ពី​ការ​សម្រេច​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ផ្លាស់​ប្តូរការ​យកចិត្ត​ទុកដាក់​ខាង​យោធា​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ ​រួមមាន​ ថា​តើការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​អាច​កើត​មាន​ឡើង​ដែរ​ឬ​ទេ។ ​ដោយ​អំណាច​របស់​លោក​បានត្រូវ​បន្ថយ​ ​បន្ទាប់​ពី​បរាជ័យ​របស់​គណ​បក្សលោកនៅ​ក្នុង​ការ​បោះឆ្នោត​សភា​នោះ ​ពួក​អ្នក​វិភាគ​និយាយ​ថា ​ការ​សន្យា​ ឬ​ការ​ធានា​អះអាង​ណាមួយ​របស់​លោក​ប្រធានាធិបតីដែលធ្វើ​ជាមួយ​ដៃគូ​អាស៊ី​នឹង​ត្រូវ​ជួបការ​មន្ទិល​សង្ស័យ។​

ដំណើរ​បំពេញ​ទស្សន​កិច្ច​នេះ​កើត​មាន​ឡើង​ចំ​ពេល​វេលា​មិនល្អ​សម្រាប់​ប្រធានាធិបតី​អូបាម៉ា​ទេ។ ​ចិន ​ដែល​មាន​សេដ្ឋ​កិច្ចរីក​ចម្រើន​យ៉ាង​ឆាប់​រហ័សហើយ​នឹង​ការលូតលាស់​សមត្ថភាព​ខាង​យោ​ធាក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​នោះ​ បាន​ប្រុង​ប្រៀប​បង្កើន​ការ​ប្រឈមមុខ​ជាមួយ​មេ​ដឹកនាំ​សហ​រដ្ឋ​អាមេរិក ដែលឥឡូវនេះបាន​ចុះ​ខ្សោយ​អំណាចដោយ​សារ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។​

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ចាក​ចេញ​ដើម្បី​ចូល​រួម​សន្និសីទ​កំពូល​សេដ្ឋ​កិច្ច​អាស៊ីក្នុង​រដ្ឋ​ធានីប៉េកាំង​ហើយ​នឹង​ការ​ប្រឈម​មុខ​សភា​ថ្មី​ដែល​ត្រួតត្រា​ដោយពួក​គណបក្ស​សា​ធារណ​រដ្ឋ​នោះ​ ​លោក​អូបាម៉ា​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​បេសក​កម្ម​មួយ​នៃ​បេសក​កម្ម​នានា​របស់​លោក​ក្នុង​តំបន់​អាស៊ី​គឺ​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​របស់​អាមេរិក​ដើម្បី​បង្កើត​ការងារ​នៅ​ក្នុងអាមេរិក។​

«យើង​អាចធ្វើ​ការជាមួយ​គ្នា​ដើម្បី​ធ្វើឲ្យ​លូតលាស់​ការ​នាំ​ចេញ​នូវ​ទំនិញ​របស់​យើង ​ហើយ​នឹង​បើក​ទីផ្សារ​ថ្មី​សម្រាប់​ក្រុម​ហ៊ុន​របស់​យើង ​ដើម្បី​លក់​ទំនិញធ្វើ​នៅអាមេរិកកាន់​តែ​ច្រើន​ឡើងទៅ​កាន់​ផ្នែក​នានារបស់​ពិភព​លោក។ ​នេះ​ជា​អ្វីដែល​ខ្ញុំ​នឹង​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ នៅពេល​ដែល​ខ្ញុំ ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​នៅ​សប្តាហ៍​នេះ»។​

ក៏​ប៉ុន្តែ​ការ​ជំរុញ​របៀប​វារៈ​នេះជាមួយ​ចិន​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ។​

មុន​ពេល​លោក​ប្រធានាធិបតី​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ប៉េកាំង ​មាន​សញ្ញា​នៃ​បញ្ហា​ប្រឈម​កំពុង​រង់​ចាំ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក។ ​កាសែត​ផ្លូវការ​មួយ​របស់​ចិន​បាន​និយាយ​នៅ​ក្នុង​របៀប​បង្អាប់​ថា ​ការ​បោះឆ្នោតដែល​គណបក្ស​របស់​លោក​ប្រធានាធិបតី​ចាញ់​ ហើយ​នឹង​ការថយ​ចុះអំណាច​គឺ​ជា​ផល​វិបាក​នៃ​បរាជ័យ​របស់​លោក​អូបាម៉ា។ ​កាសែត​នោះ ក៏​បាន​ពណ៌នា​លោក​ប្រធានា​ធិបតី​ថា ​សោះកក្រោះ​និងគ្មាន​ខ្លឹម​សារ។​

ពួក​អ្នក​វិភាគ​និយាយ​ថា សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក​ ​ចិន​ដែល​កំពុង​ពង្រីក​យោធា​របស់​ខ្លួន​ហើយ​នឹង​ការ​ទាម​ទារយក​ដែន​សមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាង​កើត ​និង​ខាង​ត្បូង​គឺជា​បញ្ហា​ប្រឈមខាង​សន្តិសុខ​ដ៏​ធំ​បំផុត​ដែល​ត្រូវ​ដោះ​ស្រាយ។​

កាល​ពី​ឆ្នាំ​ទៅ​ នៅ​ក្នុង​រដ្ឋ ​California ​ប្រធានាធិបតី​អូបាម៉ា ​និង​មេ​ដឹកនាំ​ចិន​ ស៊ី ​ជីងពីងបាន​ព្រម​ព្រៀង​គ្នា​ថា ​ពួក​អស់​លោក​ត្រូវ​ការ​គម្រូ​ថ្មី​មួយ​សម្រាប់​ទំនាក់​ទំនងរវាងមហា​អំណាចបច្ចុប្បន្ន ហើយ​នឹង​មហា​អំណាច​មួយ​ទៀត​ ​ដែល​កំពុង​ងើប​ឡើង។​

លោក ​Tom Donilon ​អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​អូបាម៉ា ​និយាយ​ថា ​ជំនួប​របស់​មេដឹកនាំ​ទាំង​២​នៅ​ពេល​នេះ​សំខាន់​ណាស់។​

«តាមការ​វិនិច្ឆ័យ​របស់​ខ្ញុំ ​វា​ជា​ជំនួប​ទ្វេភាគីដ៏សំខាន់​បំផុតដែល​លោក​ប្រធានាធិបតី​ធ្វើ​នៅ​ឆ្នាំ​នេះ»។​

ក៏​ប៉ុន្តែ ​លោក ​Robert Daly អតីត​អ្នក​ការ​ទូតសហ​រដ្ឋ​អាមេរិក​ ​រំពឹង​ថា ​គ្មាន​ការ​ពិភាក្សា​របៀប​គួរ​សម​ទៀត​ទេ។​

«សព្វ​ថ្ងៃ​នេះ ​គ្មាន​ភាគី​ណាមួយ​មាន​ឆន្ទៈ​និយាយ​ចំៗ​អំពី​ការ​សម្រប​សម្រួលដែល​ខ្លួន​នឹង​ធ្វើ​នោះ​ទេ។​ ចំពោះ​ប្រទេស​ចិន ​ចំណុច​ជាក់​លាក់ដែល​ចិនមិន​ចូលចិត្ត​នោះ​គឺ​ការ​រៀបចំ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិកភាគ​ខាង​លិច។ ​ចិនមិន​ដែល​បាន​ឆ្លើយ​បំភ្លឺ​អំពី​អ្វីដែល​ខ្លួន​ចង់​ធ្វើ​ឲ្យ​សម្រេច​ តែ​ធ្វើ​មិន​បាន​ទេ នៅក្រោម​ការ​រៀប​ចំ​នៅពេល​បច្ចុប្បន្ននេះ»។​

បន្ទាប់​ពី​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ​ប្រធានាធិបតី​អូបាម៉ា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា​ ​ដែល​នៅ​ទី​នោះ​លោក​ប្រធានាធិបតី​នឹង​ជួប​ជាមួយ​ពួក​មេ​ដឹកនាំ​ភូមា ​ហើយ​នឹង​លោកស្រី​អ៊ុង សានស៊ូជី​ មេដឹកនាំ​ប្រឆាំង​ ​ដែលលោក​ប្រធានាធិបតី​បាន​ជួប​កាល​ពី​ដំណើរ​បំពេញ​ទស្សន​កិច្ច​កាលពី​ពេល​មុន។​

នៅ​ឯ​សន្និសីទ​កំពូលអាស៊ី​ខាង​កើតហើយ​នឹង​នៅ​ឯ​ជំនួប​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ លោក​ប្រធានាធិបតី​អូបាម៉ា​នឹង​ដោះ​ស្រាយ​បញ្ហា​ស្តីពី​ការ​តាំង​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ផ្តោត​លើ​កម្លាំង​យោ​ធា​របស់​ខ្លួន​នៅ​តំបន់​អាស៊ី។​ ដំណើរ​បំពេញ​ទស្សន​កិច្ច​នេះ​បញ្ចប់​នៅទីក្រុង ​Brisbane ​នៃ​ប្រទេស​អូស្រ្តាលី​ ទីដែលលោក​ប្រធានាធិបតី​អូបាម៉ា​នឹង​ចូល​រួម​សន្និសីទ​កំពូល ​G-20 ​ដែល​នៅ​ទី​នោះ​លោក​ប្រធានាធិបតី​មាន​ផែនការ​ថ្លែង​ស្តី​ពី​តួនាទី​របស់​សហ​រដ្ឋ​អាមេរិកជា​មេ​ដឹកនាំក្នុង​តំបន់​អាស៊ី៕​

លោក​ជឹង ​ប៉ូជីន​ប្រែសម្រួល

XS
SM
MD
LG