រដ្ឋាភិបាលចិនកំពុងស្វែងរកក្រុមហ៊ុនម៉ៅការនានា ដើម្បីចុះកុងត្រាស្វែងរកប្រេង និងឧស្ម័ន នៅក្នុងសមុទ្រចិនខាងត្បូង។ ស្របពេលនោះដែរ រដ្ឋាភិបាលចិនក៏រំពឹងថា នឹងប្រឈមជាមួយនឹងការតវ៉ាផងដែរ ដោយសារតែរដ្ឋាភិបាលប្រទេសផ្សេងៗទៀត បានតវ៉ាការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះនេះ។
ក្រុមហ៊ុន China National Offshore Oil Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ នៅក្នុងប្រទេសចិន បានចេញនូវសំណើមួយ កាលពីសប្ដាហ៍មុន ដើម្បីអំពាវនាវឲ្យក្រុមហ៊ុនបរទេសនានា ចូលរួមជាមួយខ្លួន នៅក្នុងការរុករកប្រេងឥន្ធនៈនៅក្នុងតំបន់ចំនួន ២២ ស្ថិតនៅភាគខាងត្បូងនៃឆ្នេរសមុទ្រចិន។ តំបន់ដែលមានទំហំ ៤ ម៉ឺន ៧ ពាន់ ២៧០ គីឡូម៉ែត្រការ៉េនេះ គ្របដណ្ដប់ដែនទឹកដែលតវ៉ាទាមទារដោយកោះតៃវ៉ាន់ និងប្រទេសវៀតណាម។
ក្រុមហ៊ុនប្រេងបរទេសនានា ដែលកំពុងផ្ដោតលើការដេញថ្លៃ ដែលនឹងបិទបញ្ចប់នៅខែកញ្ញា ខាងមុខនេះ ប្រហែលជាបារម្ភថា ទំនាក់ទំនងរបស់ពួកគេជាមួយនឹងការទាមទារដែនទឹករបស់ចិន អាចធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ពួកគេ ក្នុងចំណោមប្រទេសផ្សេងៗទៀត ដែលប្រជែងទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងដែរនោះ។ ក្រុមហ៊ុនទាំងនោះ ក៏បារម្ភដែរថា ប្រេងដែលនឹងរកបានណាមួយនៅក្នុងសមុទ្រចិនខាងត្បូង នឹងក្លាយជាប្រេងដែលភាគីជម្លោះនីមួយៗទាមទារចង់បាន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកវិភាគនានា។
លោក Thomas Pugh សេដ្ឋវិទូនៃក្រុមហ៊ុន Capital Economics នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា៖ «ប្រសិនបើក្រុមហ៊ុនទាំងនោះចុះកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាល និងក្រុមហ៊ុនចិន ពួកគេអាចប្រឈមនឹងបញ្ហា ដែលថា ប្រទេសផ្សេងៗទៀត ដែលទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង នឹងមិនអនុញ្ញាតឲ្យពួកគេធ្វើការជាមួយនោះទេ»។
លោក Raymond Wu ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន e-telligence ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានបញ្ជាក់ថា ការរកឃើញប្រេង ឬឧស្ម័នណាមួយនៅក្នុងសមុទ្រចិនខាងត្បូង អាចត្រូវប្រទេសផ្សេងទៀតតវ៉ាផងដែរ៕