នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលចិនបានរិះគន់ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសណា ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសកូរ៉េខាងជើង និងបានបដិសេធចំពោះការដាក់សម្ពាធបន្ថែមទៀតដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Trump បានប្រកាសនូវការគំរាមកំហែងដូចនេះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពលខ្លាំងបំផុតលើកទី ៦ របស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ។ ការគំរាមកំហែងដូចនេះត្រូវគេមើលឃើញថាជាការព្រមានចំពោះប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ចម្បងបំផុត និងជាសម្ព័ន្ធមិត្តសំខាន់បំផុតតែមួយគត់របស់កូរ៉េខាងជើង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានរិះគន់ជំហររបស់លោក Trump ថាជាគោលជំហរមិនយុត្តិធម៌សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Geng Shuang បានថ្លែងនៅក្នុងសន្និសីទព័ត៌មានជាប្រចាំមួយថា៖ «អ្វីដែលរដ្ឋាភិបាលចិនមិនអាចទទួលយកបាន គឺថា រដ្ឋាភិបាលចិនបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងនេះដោយសន្តិវិធី ប៉ុន្តែផលប្រយោជន៍របស់ចិនបែរជាត្រូវបានគេដាក់ទណ្ឌកម្ម និងជួបនឹងគ្រោះថ្នាក់ទៅវិញ»។
វិធានការនេះអាចនឹងមានលទ្ធផលធ្ងន់ធ្ងរប្រសិនបើសំដៅដល់ប្រទេសចិន ដោយសារតែសហរដ្ឋអាមេរិកនាំទំនិញចូលមកពីប្រទេសចិនក្នុងទឹកប្រាក់ប្រហែល ៤០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕