សហរដ្ឋអាមេរិក កំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីជួយប្រទេសឡាវដោះស្រាយបញ្ហានានារួមមានបញ្ហាកង្វះស្បៀងអាហារមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយនិងលទ្ធភាពទទួលបានបច្ចេកវិទ្យាប្រើប្រាស់ជាដើម សម្រាប់ប្រទេសនៅតាមដងទន្លេមេគង្គ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមទាំងនេះ ក្នុងអំឡុងទស្សនកិច្ចរបស់លោកកាលពីថ្ងៃច័ន្ទក្នុងទីក្រុងវៀងច័ន្ទ។ លោក ឃែរីក៏បានថ្លែងអំពីបញ្ហាប្រឈមនានានៅខាងក្រៅតំបន់អាស៊ីផងដែររួមមានកិច្ចចរចាសន្តិភាពស៊ីរីដែលគេគ្រោងនឹងរៀបចំធ្វើឡើងជាដើម។
លោកបានធ្វើអត្ថាធិប្បាយបែបនេះជាមួយក្រុមអ្នកយកព័ត៌មាន ក្រោយពីបានជួបជាមួយមន្ត្រីនានាដែលរួមទាំងលោកនាយករដ្ឋមន្ត្រី Thongsing Thammavong និងរដ្ឋមន្ត្រីការបរទេសឡាវThongloun Sisoulith ផងដែរ។
ការថ្លែងនោះបានសាងគ្រឹះដល់កិច្ចប្រជុំកំពូលអាស៊ានពិសេសមួយក្នុងរដ្ឋកាលីហ្វ័ញ៉ានៅខែក្រោយ ដែលកិច្ចប្រជុំកំពូលនេះនឹងត្រូវបានទទួលចាត់ចែងដោយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា។
លោក ឃែរី មានប្រសាសន៍ថាសហរដ្ឋអាមេរិកបានសម្ភោជ កម្មវិធីមួយដែលមានទឹកប្រាក់៦លានដុល្លារដើម្បីជួយផ្តល់អាហារដល់កូនសិស្សនៅតាមសាលារៀនទូទាំងប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលនៃភាពអត់ឃ្លាន ដែលបានបន្ទុចបង្អាក់ការរីកលូតលាស់របស់កុមារនៅក្នុងប្រទេសឡាវ។
លោក ឃែរី ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីឡាវ ចំពោះការជួយជ្រុំជ្រែងនៅក្នុងការដោះស្រាយបញ្ហានានា ទាក់ទងនឹងសង្គ្រាមវៀតណាម ដោយរួមទាំងគ្រាប់បែកមិនទាន់ផ្ទុះរាប់តោន ដែលយន្តហោះចម្បាំងអាមេរិក បានទម្លាក់លើប្រទេសឡាវ។
ប្រមាណ៣០ភាគរយនៃគ្រាប់ទាំងនោះមិនទាន់ផ្ទុះនៅឡើយទេដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីសង្គ្រាមវៀតណាមនោះមក។
លោក ឃែរី មានប្រសាសន៍ថាសហរដ្ឋអាមេរិកក៏កំពុងពិចារណាថាតើខ្លួនអាចបង្កើនមូលនិធិពីចំនួនបច្ចុប្បន្ន ដែលមានទឹកប្រាក់១៩លាននិង៥សែនដុល្លារនេះ ថែមទៀតបានដែរឬយ៉ាងណា ដើម្បីជួយប្រទេសឡាវ ក្នុងសកម្មភាពកម្ចាត់មីន។
លោក ឃែរី ថ្លែងថាខណៈដែលចំនួនអ្នករងគ្រោះនិងស្លាប់ដោយសារគ្រាប់មិនទាន់ផ្ទុះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នោះ ក៏ប៉ុន្តែវានៅតែជាបញ្ហានៅក្នុងប្រទេសនេះនៅឡើយ។
លោក មានប្រសាសន៍បន្ថែមថាសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសឡាវទាក់ទងនឹងបញ្ហាបច្ចេកវិទ្យា ដែលអាចជួយបង្កើនសមត្ថភាពរបស់ប្រទេសនៅតាមដងទន្លេមេគង្គក្រោមមួយនេះផងដែរ៕