ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​ ការ​ខកខាន​មិន​ផ្តល់​ថវិកា​​ដោយ​សភា​អាមេរិក​ដល់​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​ផ្តល់​ឱកាស​ឱ្យ​ចិន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទទួលស្វាគមន៍​មេដឹកនាំ​នៃបណ្តា​ប្រទេស​ប្រជុំកោះ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទទួលស្វាគមន៍​មេដឹកនាំ​នៃបណ្តា​ប្រទេស​ប្រជុំកោះ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។

នៅ​ពេល​សភា​អាមេរិក​អនុម័ត​ច្បាប់​ថវិកា​បណ្តោះ​អាសន្ន​ សម្រាប់​រក្សា​ដំណើរការ​រដ្ឋាភិបាល​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ ថវិកា​នេះ​មិន​បាន​បញ្ចូល​ជំនួយ​សេដ្ឋកិច្ច​ដល់​ប្រទេស​តូច​ចំនួន​ពីរ​ ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ ដែលមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​និយាយ​ថា មាន​សារៈសំខាន់ខ្លាំង​ដល់​យុទ្ធសាស្ត្រតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាល​អាមេរិក​ និង​ជាគោលដៅ​នៃ​យុទ្ធនាការ​បង្កើន​ឥទ្ធិពល​ដ៏​គឃ្លើន​របស់ប្រទេស​ចិន។

ប្រទេស​ប៉ាឡាវ (Palau) ប្រទេស​មីក្រូណេស៊ី (Micronesia) និង​ប្រទេស​កោះ​ម៉ាសាល់​ Marshall Islands គ្រប់គ្រង​ផ្ទៃ​ទឹក​ដ៏​ធំក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ពិសេស​មួយ​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​កិច្ចព្រមព្រៀង​នៃសមាគម​សេរី​ ឬ ​Compacts of Free Association (COFA) ប្រទេស​ទាំង​បីនេះ​ បាន​ផ្តល់​សិទ្ធិដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក្នុង​ការ​បដិសេធការ​ប្រើប្រាស់​ដែន​ទឹករបស់​ខ្លួន​ដល់​ប្រទេស​ដទៃ​ ដែលរួមមានប្រទេស​ចិន​ផង​ដែរ​ ​ដើម្បី​ជា​ថ្នូរ​ទទួល​បាន​មក​វិញ​នូវ​ជំនួយ​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក។

ប៉ុន្តែ​នៅ​ពេល​ដែល​ថវិកាប្រើប្រាស់​សម្រាប់​កិច្ចព្រមព្រៀង​នេះ​ផុត​សុពលភាព​កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា​កន្លង​ទៅ​ ​ប្រទេស Palau និង​ប្រទេស​កោះ​ Marshall Islands មិន​បាន​ទទួល​ជំនួយ​សេដ្ឋកិច្ច​ថ្មីៗទៀត​ឡើយ​ នៅ​ក្រោម​ច្បាប់​ថវិកា​បណ្តោះអាសន្ន​របស់​សហរដ្ឋអាមេរិក​ ដែល​ទុក​ឱ្យ​រដ្ឋាភិបាល​ដំណើរការ​ក្នុង​រយៈពេល​ ៤៥​ថ្ងៃ​ទៀត​នោះ។​

អតីត​ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក​លោក​ Dave Stilwell ​បាន​អះអាង​នៅ​ក្នុង​បទ​សម្ភាស​មួយ​ថា៖​ «យើង​ត្រូវ​កំណត់​ការ​កម្រិត​នៅ​ចំណុច​ណា​មួយ។​ ប្រសិន​បើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះនឹង​ត្រូវ​បន្ត​ទៀត​ វា​ត្រូវ​តែ​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ដាក់កម្រិត​មួយ​ចំនួន​ ថា​តើ​ត្រូវ​ប្រើ​ថវិកា​នោះ​ដោយ​របៀប​ណា​ ជា​ពិសេស​ទៅ​លើ​បច្ចេកវិជ្ជា​ នៃ​ការបញ្ជូន​ផ្ទេរ​ទិន្នន័យ​ជា​ដើម​នោះ»។

អ្នក​ស្រី​ Cleo Paskal ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មូលនិធិការពារ​ប្រជាធិបតេយ្យ​ (Foundation for Defense of Democracies) មិន​យល់​ស្រប​លើ​ការ​លើក​ឡើង​នេះ​ឡើយ។ អ្នក​ស្រី​បាន​ថ្លែង​បា្រប់​វីអូអេ​ថា៖ «វា​ជា​ការ​ប៉ះពាល់​មួយ​ ដែល​ច្បាប់​ចំណាយ​ថវិកា​បណ្តោះ​អាសន្នរបស់​អាមេរិក​នេះ​ដាក់​ប្រទេស​កោះ Marshalls ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក​មិន​អាចធ្វើ​អ្វី​បាន‍»។​

អ្នក​ស្រី​និយាយ​ថា​ ការដែល​មិន​បាន​ផ្តល់​ថវិកា​នេះ​ មាន​ភាព​ធ្ងន់ធ្ងរបំផុត​សម្រាប់​ប្រទេស​ប៉ាឡាវ (Palau) ដែល​កំពុង​រង់ចាំ​ដើម្បី​ទទួល​បាន​ថវិកា​ចំនួន​ ៩០លាន​ដុល្លារ​អាមេរិក​ ប្រសិន​បើ ​ឬ​នៅ​ពេលដែល​សភា​អាមេរិកអនុម័ត​យល់​ព្រមក្នុង​ការការ​បន្ត​កិច្ចព្រមព្រៀងសម្រាប់​ឆ្នាំ​ ២០២៤នោះ។​ នេះ​បើ​តាម​ឯកសារ​បង្ហាញ​មួយ​ចំនួន។

ប្រទេស Palau ​មានកង្វះថវិកា​យ៉ាងហោចណាស់​ក៏​ចំនួន​ ៣៧លាន​ដុល្លារ​អាមេរិក​ដែរ​ ​ក្នុងថវិកា​សរុប​របស់​ខ្លួន​ ដែល​មាន​ចំនួន​តិច​ជាង​ ១៥០​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ឆ្នាំ​សារពើ​ព័ន្ធ​ ២០២១។ នេះ​បើ​យោង​ទៅ​លើឯកសារមួយ​ចំនួន​របស់​រដ្ឋាភិបាល​ Palau។ អ្នក​ស្រី​ Paskal ថ្លែង​ថា៖ «ឥឡូវ​នេះ​ដោយសារ​ច្បាប់​ថវិកា​បណ្តោះអាសន្ន​[អាមេរិក មិន​មាន​ថវិកា​សម្រាប់ Palau បំណុល​របស់​ Palau មាន​បន្ត​ ហើយ​ប្រទេស​នេះ​នឹង​ត្រូវ​មាន​បំណុល​បន្ថែម​ទៀត‍»។

ផ្ទុយ​ទៅ​វិញ​ ប្រទេស​មីក្រូណេស៊ី (Micronesia) បាន​ទទួល​បា្រក់​១៦​លានដុល្លារ​អាមេរិក​ នៅ​ក្នុង​ច្បាប់​ចំណាយ​ថវិកា​បណ្តោះអាសន្នរបស់​អាមេរិក។ នេះ​បើ​យោង​ទៅ​លើ​មន្ត្រីសហរដ្ឋ​អាមេរិក​ម្នាក់​ ដែល​និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​តែ​លោក​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​និយាយ​ជំនួសរដ្ឋបាល​អាមេរិក​នោះ​ឡើយ។​

អ្នក​ស្រី ​Paskal ​និយាយ​ថា​ ការ​សម្រេច​មិន​ស្មើ​គ្នាលើ​ប្រទេស​ទាំង​ពីរនេះ​ ជា​កំហុស​ផ្នែក​សន្តិសុខ​ជាតិ​មួយ​របស់​សហរដ្ឋ​អាមេរិក។ ​អ្នក​ស្រី​បន្ត​ទៀត​ថា៖ «យើង​ត្រូវ​ការ​របៀង​សេរីភាព​ ដែល​លាត​សន្ធឹង​ពី​កោះ​ហាវ៉ៃ​រហូត​ដល់ប្រទេស​ហ្វីលីពីន។​ នេះ​ជាវិធីដែលអ្នក​អាចទៅ​ដល់សម្ព័ន្ធមិត្ត​មាន​សន្ធិសញ្ញា​[ជាមួយ​អាមេរិក]​ ក៏​ដូច​ជា​អាច​ទៅ​ដល់កោះ​តៃវ៉ាន់​ផង​ដែរ»។

នៅ​ក្រោម​កិច្ចព្រមព្រៀងនេះ​ រដ្ឋបាល​របស់​លោក​ Biden ​បាន​ស្នើ​សុំឱ្យ​មាន​ចំណាយ​ប្រមាណ​៧,១​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​ ២០ឆ្នាំ​ខាង​មុខ​ ដើម្បី​ផ្តល់ជំនួយ​ផ្នែក​អប់រំ​ ការ​ថែ​ទាំ​សុខភាព​ និង​បរិស្ថាន ដល់​ប្រទេស​ប្រជុំ​កោះ​ទាំង​នេះ។

ប៉ុន្តែ​ខណៈ​ពេល​ដែល​ការ​ចរចា​ជាមួយ​ប្រទេស Micronesia និង​ប្រទេស Palau បាន​ចប់​សព្វគ្រប់​ហើយនោះ​ ការ​ពិភាក្សា​គ្នា​នៅ​បន្ត​នៅ​ឡើយ​ជាមួយ​ប្រទេស​ Marshall Islands។ សមាជិក​សភា​អាមេរិករំពឹង​ថា​ នឹង​បោះឆ្នោត​លើ​ការ​ផ្តល់​ថវិកា​រយៈពេល​វែង​មួយ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ទាំង​អស់ត្រូវ​បាន​ចុះហត្ថលេខា​រួច​ហើយ។

លោក​ Jim Loi ប្រធាន​ប្រតិបត្តិ​នៃក្រុមហ៊ុន The Asia Group និយាយ​ថា៖​ «សម្រាប់​ការ​ធ្វើវិនិយោគតិចតួច​មួយ​ វា​អាចផ្តល់​ផល​យ៉ាង​ខ្ពស់។​ ទំហំ​ថវិកានេះ​បើផ្អែក​ទៅ​លើ​បទដ្ឋានថវិកា​រដ្ឋាភិបាល​អាមេរិក​នោះ​ គ្មាន​អ្វី​ច្រើន​នោះ​ឡើយ»។

លោក​ Grant Newsham អតីត​អ្នក​ការទូត​និងមន្ត្រី​ស៊ើបការណ៍​សម្ងាត់​នៃ​កង​ម៉ារីន​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា៖ «វា​ស្មើត្រឹម​នឹងការ​បន្លំ​ប្រាក់កម្មវិធី​សុខភាព Medicare​ អាមេរិក​តែ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ។​ លោក​ Newsham គណនា​ឃើញ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពិត​ជា​អាច​សន្សំ​បាន​លុយ​ខ្លះ​ក្នុង​រយៈពេល​វែង​ ដោយការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​តំបន់ប៉ាស៊ីហ្វិក​ទាំង​នេះ។

លោក​និយាយ​ទៀត​ថា​ វាអាច​ធ្វើ​ឱ្យ​អាមេរិក​ចំណាយ​លុយ​យ៉ាង​តិច​ណាស់​ក៏១០០​ពាន់លាន​ដុល្លារ​អាមេរិក​ដែរ​ ក្នុង​ការទិញ​នាវា យន្តហោះ នាវា​មុជទឹក គ្រាប់​មីស៊ីលនិង​ការ​បញ្ជូន​ទ័ព​ ដែលត្រូវ​ការ​ចាំបាច់​ ទៅការពារ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទំហំ​៥,៦​លាន​គីឡូម៉ែត្រ​ក្រឡា​ ដែលគ្រប់គ្រង​ដោយ​ប្រទេស​ប្រជុំកោះតូចៗ​ទាំង​នេះ។​

លោកLoi បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ខ្នះខ្នែង​យ៉ាង​សកម្ម ក្នុង​ការ​កេង​ចំណេញ​ទៅ​លើ​ភាព​មន្ទិល​សង្ស័យ​នានា​ អំពី​ការ​តាំងចិត្ត​របស់​អាមេរិកនៅ​ក្នុង​តំបន់​នេះ។ លោក​បន្តទៀត​ថា៖​ «ខ្ញុំ​គិត​ថាយើង​នឹង​អាច​រំពឹង​ថា​ ប្រទេស​ចិននឹង​ជំរុញ​លើ​រឿង​នេះ ដូច្នេះ​ហើយពេល​នេះ​ ជា​ពេល​ដែល​យើង​មិន​ត្រូវ​មិន​ខ្វល់ខ្វាយ​អំពី​លើ​រឿង​នេះ​ទេ‍»។​

លោក ​Newsham ​មាន​ការ​បារម្ភ​ជា​ពិសេស​ទៅ​លើ​ប្រទេស​ Palau ​ដែល​មិន​គ្រាន់​តែ​ស្ថិតក្នុង​ការ​ជំពាក់បំណុល​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​កំពុង​ស្ថិត​ក្នុង​សម្ពាធ​សេដ្ឋកិច្ច​ជាប់​ជា​ប្រចាំពីរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ​ ដែល​បានបិទ​ការធ្វើ​ទេសចរណ៍​របស់​ជនជាតិ​ចិន​ទៅកាន់​ប្រទេស Palau ដែលជា​ការ​សងសឹក​មួយ​ដល់​ប្រទេស​នេះ​ ​ដែលបាន​យល់ព្រម​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​នោះ។

លោក​បន្ត​ដូច្នេះ​ទៀត​ថា៖​ «ប្រទេស​នេះពឹង​ផ្អែក​លើ​សហរដ្ឋអាមេរិក ចង់​ក្លាយ​ជា​សម្ព័ន្ធមិត្ត​និងមិត្តភ័ក្ត​ដ៏​ល្អ​មួយ​របស់សហរដ្ឋអាមេរិក​ ប៉ុន្តែ​យើង​មិន​បាន​ផ្តល់​អ្វី​ ដែល​ប្រទេស​នេះ​ត្រូវ​ការ​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG