ក្នុងការវាយតម្លៃប្រចាំឆ្នាំមួយដែលចេញផ្សាយនៅល្ងាចថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តអត្រាកំណើន៧%ថេរសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ស្របពេលដែលសេដ្ឋកិច្ចប្រទេសនេះចាប់ផ្ដើមរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
ជាមួយនឹងកំណើនសេដ្ឋកិច្ច ដែលអាចនៅតែរក្សាបានអត្រាប្រមាណ៧%សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ កម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យគន្លឹះមួយចំនួន ដើម្បីរក្សាបាននូវកំណើនប្រកបដោយចីរភាព និងស្ថិរភាពនៃវិស័យសេដ្ឋកិច្ច ខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ នេះជាអនុសាសន៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
កាលពីល្ងាចថ្ងៃអង្គារ ក្នុងសេចក្ដីសន្និដ្ឋានដើម្បីបិទបញ្ចប់ «ការពិគ្រោះយោបល់មាត្រា៤» ដែលជាការសិក្សាវាយតម្លៃ និងឱ្យយោបល់ប្រចាំឆ្នាំរបស់ IMF ទៅលើប្រទេសជាសមាជិក លោក Jarkko Turunen អនុប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វីករបស់ IMF បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាភាពខ្លាំងមាំទាំរបស់ខ្លួនបន្តទៅទៀត បើទោះជាមានការធ្លាក់ចុះនៃការវិនិយោគឯកជនយ៉ាងណាក្ដី។
អ្នកជំនាញការ IMF រូបនេះបាននិយាយដូច្នេះថា៖
«កម្ពុជាបន្តមានកំណើន[សេដ្ឋកិច្ច]ក្នុងសន្ទុះក៏គួរឱ្យរំភើបចិត្ត»។ សកម្មភាពសេដ្ឋកិច្ចបន្តមានសភាពខ្លាំងក្នុងឆ្នាំ២០១៦ ខណៈដែលអតិផរណាបានកើនដល់៣%កាលពីឆ្នាំទៅ ដែលបណ្ដាលមកពីការហក់ឡើងនៃតម្លៃស្បៀង និងថាមពល ... ។ សេចក្ដីប្រមើមើលនៃសេដ្ឋកិច្ចកម្ពុជាបន្តមានលក្ខណៈវិជ្ជមាន បើទោះជាមានហានិភ័យនៃនិន្នាការធ្លាក់ចុះ[នៃសូចនាករមួយចំនួន]ក៏ដោយ»។
លោក Jarkko Turunen បានបន្តថា៖
«[សេដ្ឋកិច្ច]កម្ពុជាបានបន្តកើនឡើងយ៉ាងលឿនរហ័ស ក្នុងរយៈពេលពីរទៅបីទសវត្សរ៍ចុងក្រោយ ដែលទ្រទ្រង់ដោយបរិការណ៍ម៉ាក្រូសេដ្ឋកិច្ចមួយដែលប្រកបដោយស្ថិរភាព ប្រព័ន្ធសេដ្ឋកិច្ចដែលបើកចំហ និងមានចរឹតផ្ដោតលើទីផ្សារ ទីតាំងភូមិសាស្ត្រក្នុងតំបន់ដែលមានការលូតលាស់លឿនបំផុតក្នុងពិភពលោក និងក្រុមប្រជាជនដែលមានវ័យក្មេងរបស់ប្រទេសនេះ»។
ដើម្បីបន្តកំណើននេះតទៅមុខទៀត មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងជាអនុសាសន៍នានាឱ្យប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្តខិតខំឃ្មាតខ្មី លៃលកកែទម្រង់លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងបន្តស្ថិរភាពនៃកំណើន។
IMF បានកត់សម្គាល់អំពីផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រប្រមូលចំណូល (RMS) តាមរយៈកំណែទម្រង់វិស័យពន្ធដារ ខណៈដែលរដ្ឋាភិបាលបានប្រកាសនៅសប្ដាហ៍នេះថា ក្នុងការប្រមូលចំណូលពន្ធ៦ខែដើមឆ្នាំ២០១៧នេះ រដ្ឋកៀងគរថវិកាបានប្រមាណ១១៩២,៤០លានដុល្លារអាមេរិក គិតជាកំណើន គឺកើនបាន៣២,១៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦។
យ៉ាងណាក្ដី លោក Jarkko Turunen បានលើកឡើងថា៖
«សម្លឹងឆ្ពោះទៅមុខ កម្ពុជានឹងត្រូវពើបប្រទះទទួលរងសម្ពាធនៃកំណើនចំណាយ[សាធារណៈ] ហើយប្រសិនជាយុទ្ធសាស្ត្រប្រមូលចំណូល (RMS) មិនត្រូវបានផ្ដល់ថាមភាពឡើងវិញទេ នោះកំណើននៃចំណូល[ពន្ធរដ្ឋ] អាចនឹងត្រូវរំពឹងថា ស្ថិតក្នុងអត្រាធម្មតាៗវិញម្ដង»។
ក្នុងនោះកម្ពុជាត្រូវបានស្នើឱ្យធ្វើកំណែទម្រង់រូបវ័ន្តនានា ដើម្បីបង្កើននូវភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្ម និងកម្មន្តសាល កែសម្រួលលើកទឹកចិត្តដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការគ្រប់គ្រងតម្លៃថាមពលឱ្យនៅទាប កែលម្អ និងធ្វើឱ្យប្រសើរឡើងមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាខិតខំបន្ថែមទៀត ក្នុងការពង្រឹង«នីតិរដ្ឋ» និង«តម្លាភាព» លើរាល់វិស័យទាំងអស់។
ការលើកកម្ពស់នានាក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងការលើកទឹកចិត្តឱ្យមានការប្រើប្រាស់រូបិយបណ្ណជាតិកាន់តែច្រើនឡើង ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការបង្កើនកម្រិតអក្ខរកម្មហិរញ្ញវត្ថុ ក៏ត្រូវបានចាត់ទុកជាអនុសាសន៍ដល់អ្នកតាក់តែងគោលនយោបាយកម្ពុជាផងដែរ។
លោក Miguel Chanco អ្នកវិភាគនាំមុខលើកិច្ចការអាស៊ាននៃអង្គភាពស៊ើបអង្កេតនៃទស្សនាវដ្ដី Economist (EIU)បាននិយាយសង្កត់ធ្ងន់ថា បញ្ហាមូលធនមនុស្ស ការពង្រឹងនីតិរដ្ឋ និងការជំរុញតម្លាភាពនៅកម្ពុជា ពុំមានអ្វីប្រសើរឡើងជាដុំកំភួនសោះឡើយ ហើយការពង្រឹងបង្កើនភាពប្រកួតប្រជែងទៀតសោត ក៏ធ្លាក់ខ្សោយថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភណ្ឌ។
លោក Miguel Chanco បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ក្នុងន័យដើមថា៖
«ភាពរឹងមាំជាងមុននៃប្រាក់ដុល្លារអាមេរិកដែលអូសបន្លាយតាំងពីឆ្នាំ២០១៥មក បានបង្កនូវចំហាយប៉ះពាល់ផងដែរ ដល់សេដ្ឋកិច្ចដែលមានអត្រាដុល្លារូបនីយកម្មខ្លាំង ខ្ពស់[ដូចជាកម្ពុជា]»។
ស្របពេលដែល IMF បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងភាពធុននឹងហានិភ័យនានាដែលបង្កដោយការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម លោក Chanco បានលើកឡើងថា វិស័យកសិកម្មដែលមានកំណើនរយីករយាកក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏នៅតែបន្តជួបបញ្ហានៅក្នុងរយៈពេលទៅខាងមុខ ជាមួយនឹងប្រព័ន្ធតម្លៃទីផ្សារមិនមានស្ថិរភាព និងអាកាសធាតុមានលក្ខណៈកាន់តែមិនទៀងទាត់។ លោកបន្តថា៖
«ការណ៍នេះនឹងបន្តទម្លាក់បន្ទុកជះផលប៉ះពាល់ដល់អត្រានៃការចំណាយ និងការប្រើប្រាស់សេវានៅជនបទ។ ជាលទ្ធផល បញ្ហានៃការជាប់ជំពាក់បំណុលវ័ន្តកនៅជនបទនឹងនៅតែបន្តអូសបន្លាយថែមទៀត»។
ភាពជាប់ទាក់ទងគ្នារវាងដំណើរវិវឌ្ឍចុងក្រោយនៃស្ថានភាពនយោបាយក្នុងស្រុក និងបញ្ហាកំណើនសេដ្ឋកិច្ច ក៏ត្រូវបានលើកឡើងជាការគូសបញ្ជាក់របស់ IMF ផងដែរ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយ ដែលកៅអី និងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាដែលស្ថិតក្នុងអំណាចជិតបួនទសវត្សរ៍មកហើយនេះ នឹងត្រូវប្រឈមនឹងគណបក្សប្រឆាំងដែលមានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខគណបក្សកាន់អំណាច បានព្រមានជាច្រើនលើក រាប់មិនអស់ អំពីលទ្ធភាពនៃសង្គ្រាមស៊ីវិល ដែលអាចផ្ទុះឡើង បើគណបក្សរបស់លោកចាញ់ឆ្នោតនៅឆ្នាំក្រោយ។
ស្របពេលជាមួយគ្នានេះ «ភាពមិនប្រាកដប្រជាទាក់ទងនឹងការបោះឆ្នោត» បាននាំឱ្យមានការធ្លាក់ថមថយនៃការវិនិយោគឯកជននៅក្នុងឆ្នាំនេះ។ នេះបើយោងតាមលោក Jarkko Turunen នៃ IMF៖។
លោកនិយាយថា៖
«យើងសង្កេតឃើញការធ្លាក់ថមថយមួយចំណែកក្នុងការវិនិយោគឯកជន ដែលបណ្ដាលមកពី«ភាពមិនប្រាកដប្រជាទាក់ទងនឹងការបោះឆ្នោត។ យ៉ាងណាក្ដី យើងក៏សង្កេតឃើញផងដែរថា ការណ៍នេះត្រូវបានទូទាត់កែកុនដោយកំណើននៃចំណាយសាធារណៈ»។
អ្នកវិភាគ Miguel Chanco បានលើកឡើងថា អស្ថិរភាពនយោបាយដែលកើនឡើងតាំងពីឆ្នាំ២០១៥មក បានបន្តរុញច្រានវិនិយោគិនមួយចំនួន ដែលស្វះស្វែងរកឱកាសចង់ដាក់ទុននៅកម្ពុជា មិនទាន់ហ៊ានបោះទុន ដោយនៅស្ងៀមចាំមើលស្ថានភាពនៃការបោះឆ្នោតឆ្នាំ២០១៨ ហើយលោករំពឹងទុកថា ការដាក់ទុនវិនិយោគលើវិស័យឯកជននៅកម្ពុជា នឹងបន្តចុះខ្សោយបន្ថែមទៀតក្នុងរដូវកាលបោះឆ្នោតជាតិនៅកម្ពុជាលើកនេះ។
«និយាយមែនទែនទៅ យើងអាចរំពឹងទុកថា វិនិយោគិនមួយចំនួនដែលចង់ដាក់ទុននៅកម្ពុជា ទំនងជាជ្រើសយកវិធីសាស្ត្រឈរស្ងៀម និងរង់ចាំមើល[ស្ថានការណ៍វិវត្តន៍ក្នុងការបោះឆ្នោត] ហើយគ្រឹះស្ថានជំនួញនានារំពឹងចង់បានការបោះឆ្នោតមួយដ៏ស្អាតស្អំ និងមានការផ្ទេរអំណាចដោយសន្តិវិធី បើសិនជាចាំបាច់»។
ការព្យាករណ៍របស់ IMF នេះត្រូវនឹងការទាយទុករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តស្ថិតក្នុងអត្រា៧%សម្រាប់ឆ្នាំនេះ និងពីរឆ្នាំទៅខាងមុខ ហើយកាលពីខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសដែរថា ខ្លួននឹងប្ដេជ្ញារក្សា«ប្រក្រតីភាព»ក្នុងវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំបោះឆ្នោត២០១៨ខាងមុខនេះ៕