ក្នុងនាមជាប្រទេសមហាអំណាចមួយផ្នែកពាណិជ្ជកម្មសាកលលោក ប្រទេសចិនមានកំពង់ផែដឹកជញ្ជូនទំនិញនៅក្នុងប្រទេសច្រើនជាងប្រទេសណាៗទាំងអស់។ ប្រទេសចិនក៏បានធ្វើការវិនិយោគសំខាន់ៗលើកំពង់ផែចំនួនប្រហែល ១០០ កន្លែងទៀត នៅក្នុងប្រទេសយ៉ាងតិច ៦០ ផងដែរ។ ក៏ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នោះទេ ដោយសារតែរដ្ឋាភិបាលចិនមានបំណងចង់វិនិយោគលើកំពង់ផែបន្ថែមទៀត។
កាលពីដើមខែកញ្ញា ប្រតិបត្តិការនានានៅឯកំពង់ផែ Haifa ក្នុងប្រទេសអ៊ីស្រាអែល ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវសមុទ្រធំជាងគេបង្អស់មួយនៅសមុទ្រមេឌីទែរ៉ាណេ ត្រូវបានប្រគល់ឲ្យក្រុមហ៊ុនកំពង់ផែអន្តរជាតិសៀងហៃ (Shanghai International Port Group) ដែលជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ដើម្បីគ្រប់គ្រងរយៈពេល ២៥ ឆ្នាំ។
ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រដ៏ធំមហិមាមួយទៀតរបស់ចិនឈ្មោះ COSCO Shipping មានគម្រោងពង្រីកវត្តមានរបស់ខ្លួននៅទ្វីបអឺរ៉ុប តាមរយៈការទិញភាគហ៊ុននៅកំពង់ផែនៃទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ ការចរចានានាត្រូវបានគេរាយការណ៍ថាកំពុងដំណើរការយ៉ាងរលូន ហើយកិច្ចព្រមព្រៀងមួយត្រូវគេរំពឹងថានឹងកើតមានក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រសិនបើការទិញភាគហ៊ុនរបស់ក្រុមហ៊ុន COSCO នេះទទួលបានជោគជ័យ នោះវានឹងក្លាយជាការវិនិយោគលើកំពង់ផែទី ៨ របស់ក្រុមហ៊ុននេះនៅក្នុងទ្វីបអឺរ៉ុប។
កាលពីពេលមុន ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋមួយនេះបានទិញយកកំពង់ផែ Piraeus នៅប្រទេសក្រិក។ កំពង់ផែនេះគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញសំខាន់បំផុតមួយនៅលើពិភពលោក ដែលស្ថិតនៅចំណុចប្រសព្វនៃទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក។
ក្រុមហ៊ុន COSCO បានទិញភាគហ៊ុនចំនួន ៥១% របស់ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការកំពង់ផែនេះ កាលពីឆ្នាំ ២០១៦។ បន្ទាប់ពីតុលាការប្រទេសក្រិកផ្ដល់ការអនុញ្ញាតឲ្យកាលពីពេលថ្មីៗនេះ ឥឡូវនេះ ក្រុមហ៊ុន COSCO អាចទិញភាគហ៊ុនបន្ថែមរបស់កំពង់ផែនេះរហូតដល់ ៦៧%។
រដ្ឋាភិបាលចិនពុំមានទម្រង់ផ្លូវការណាមួយដែលបង្ហាញដោយសង្ខេបអំពីទិន្នន័យទូទៅស្ដីពីគម្រោងវិនិយោគរបស់ចិនលើកំពង់ផែនៅក្រៅប្រទេសនោះទេ ប៉ុន្តែព័ត៌មានដែលអាចរកបានជាសាធារណៈបានបង្ហាញថា បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំងបានវិនិយោគលើកំពង់ផែយ៉ាងតិចចំនួន ១០០ កន្លែង នៅក្នុងប្រទេសចំនួន ៦៣។
បើយោងតាមទិន្នន័យដែលចុះផ្សាយនៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុន COSCO គិតត្រឹមខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមហ៊ុននេះបានធ្វើប្រតិបត្តិការនិងគ្រប់គ្រងចំណតចំនួន ៣៥៧ នៅកំពង់ផែចំនួន ៣៦ នៅជុំវិញពិភពលោក។ គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះលើកំពង់ផែគឺមានចាប់ពីតំបន់អាស៊ីអាគ្នេយ៍រហូតទៅដល់តំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប និងតំបន់សមុទ្រមេឌីទែរ៉ាណេ។
បន្ថែមពីលើនេះទៀត ក្រុមហ៊ុន China Merchants Group ដែលជាក្រុមហ៊ុនអភិវឌ្ឍនិងប្រតិបត្តិការកំពង់ផែដ៏ធំមួយទៀតនៅប្រទេសចិន បានបញ្ជាក់នៅលើវិបសាយរបស់ខ្លួនថា ខ្លួនបានបញ្ចប់ «ការទិញយកភាគហ៊ុនកំពង់ផែមានគុណភាពខ្ពស់ចំនួន ៨ នៅក្នុងទ្វីបអឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងតំបន់សមុទ្រការ៉ាអ៊ីប ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះកាលពីឆ្នាំមុន ដែលការទិញនេះបានពង្រីកចំនួនកំពង់ផែរបស់ក្រុមហ៊ុននេះរហូតដល់ចំនួន ៦៨ នៅក្នុងប្រទេសចំនួន ២៧»។
នៅក្នុងអត្ថបទបញ្ចេញមតិមួយដែលបានចុះផ្សាយនៅលើសារព័ត៌មាន Daily Mail លោក Liam Fox ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិនិងជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេស និងលោក Robert McFarlane ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ប្រទេសចិនគ្រប់គ្រងកំពង់ផែចំនួន ៩៦ នៅលើពិភពលោក។ កំពង់ផែមួយចំនួនក្នុងចំណោមកំពង់ផែទាំងនេះស្ថិតនៅក្នុងទីតាំងសំខាន់ៗសម្រាប់ការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រ ដែលករណីនេះ «បានផ្ដល់ឲ្យរដ្ឋាភិបាលចិននូវឥទ្ធិពលមានប្រៀបផ្នែកយុទ្ធសាស្ត្រ ដោយមិនចាំបាច់ដាក់ពង្រាយទាហាន ឬនាវា ឬសព្វាវុធណាមួយនោះឡើយ»។
កាលពីឆ្នាំ ២០១៣ ប្រទេសចិនបាននាំមុខសហរដ្ឋអាមេរិកជាលើកដំបូងដោយបានក្លាយជាប្រទេសធ្វើពាណិជ្ជកម្មធំជាងគេបង្អស់នៅលើពិភពលោក។ នៅឆ្នាំដដែលនោះដែរ ប្រធានាធិបតីចិនលោក Xi Jinping បានដាក់ស្នើនូវគ្រោងការណ៍យុទ្ធសាស្ត្រមួយដែលមានឈ្មោះថា «ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ (21st Century Maritime Silk Road (MSR)» ដែលជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិន។
ច្រកផ្លូវពាណិជ្ជកម្មជាក់លាក់នៃគម្រោងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ នេះ តភ្ជាប់ប្រទេសចិនទៅតំបន់អាស៊ីអាគ្នេយ៍ ទ្វីបអាហ្វ្រិក និងទ្វីបអឺរ៉ុបតាមផ្លូវសមុទ្រ។ ក្រុមហ៊ុនចិននានានៅពេលបច្ចុប្បន្ននេះគឺជាម្ចាស់នៃកំពង់ផែសំខាន់ៗទាំងអស់ដែលស្ថិតនៅលើបណ្ដាញផ្លូវសូត្រសមុទ្រនេះ។
លោកបណ្ឌិត Sam Beatson នៃសាកលវិទ្យាល័យ King's College London បាននិយាយថា វាជារឿងសមហេតុសមផលសម្រាប់ប្រទេសចិននៅក្នុងការចូលពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងទិញកំពង់ផែទាំងនេះ ដោយសារតែចិនមានកុងតឺន័រទំនិញកាន់តែច្រើនដែលត្រូវបញ្ជូនទៅកាន់ទិសដៅ។
លោកបានប្រាប់ VOA ដូច្នេះថា៖ «កំពង់ផែ ក៏ដូចជាការដឹកជញ្ជូន និងវិស័យពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ប្រទេសចិន គឺជាយុទ្ធសាស្ត្រមួយផ្នែក ដោយសារតែវាមានទំហំធំធេងនិងមានតួនាទីជាសាកល»។
ប្រទេសដែលអនុវត្តទ្រឹស្ដីរបស់លោក Mahan ខ្លាំងជាងគេ
កាលពីជាងមួយសតវត្សរ៍មុន លោកវរនាវីឯក Alfred Thayer Mahan ដែលជាអ្នកនិពន្ធអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់នាសម័យនោះ បានចាត់ទុកកំពង់ផែសមុទ្រថាជាសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំង ៣ នៃអំណាចដែនសមុទ្រ។
អត្ថបទរបស់លោកបានលើកហេតុផលថា ការគ្រប់គ្រងសមុទ្ររបស់ចក្រភពអង់គ្លេសមានសារៈសំខាន់ខ្លាំងសម្រាប់ការងើបឡើងរបស់ប្រទេសនេះក្លាយជាមហាអំណាចដ៏មានឥទ្ធិពលមួយនៅលើសាកលលោក។ ទស្សនៈរបស់លោកបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកធ្វើគោលនយោបាយអាមេរិកាំង។
លោក James R. Holmes ដែលជាប្រធានផ្នែកយុទ្ធសាស្ត្រដែនសមុទ្រនៃមហាវិទ្យាល័យ Naval War College នៅសហរដ្ឋអាមេរិក បានប្រាប់ VOA ថា៖ «ចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ប្រទេសចិនបានប្រកាន់យកផ្នត់គំនិតរបស់លោក Mahan ទាំងស្រុង។ យើងអាចនិយាយបានថា លោក Mahan មានប្រជាប្រិយភាពនៅប្រទេសចិនច្រើនជាងនៅប្រទេសផ្សេងទៀតនៅលើពិភពលោក»។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិនបានចុះផ្សាយកាលពីប៉ុន្មានឆ្នាំមុនថា ចាប់តាំងពីឆ្នាំ ២០១៣ មក ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើទស្សនកិច្ចទៅកាន់កំពង់ផែមួយស្ទើរតែរាល់ឆ្នាំ ដែលក្នុងនោះរួមមានទាំងដំណើរទស្សនកិច្ចទៅកាន់កំពង់ផែ Piraeus កាលពីឆ្នាំ ២០១៩ ផងដែរ។
កំពង់ផែ Piraeus នេះតភ្ជាប់គម្រោងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ និងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម និងជាគម្រោងដែលលោក Xi Jinping បានជំរុញជាច្រើនលើកច្រើនសារជាមួយថ្នាក់ដឹកនាំប្រទេសក្រិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន។
អ្នកជំនាញនានាផ្នែកប្រទេសចិនជឿថា ការបង្កើតកំពង់ផែនៅក្នុងបណ្ដាប្រទេសដែលមានភូមិសាស្ត្រសំខាន់ផ្នែកយុទ្ធសាស្ត្រ រួមមានទាំងប្រទេសដែលស្ថិតនៅជិតច្រកឆ្លងកាត់តាមផ្លូវសមុទ្រផងដែរ គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រសាកលរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Craig Singleton អ្នកជំនាញអំពីប្រទេសចិននៃអង្គការមូលនិធិសម្រាប់ការការពារប្រជាធិបតេយ្យ (Foundation for Defense of Democracies) បានប្រាប់ VOA ថា៖ «ការតភ្ជាប់កំពង់ផែទាំងនេះអនុញ្ញាតឲ្យប្រទេសចិនបញ្ចូលឥទ្ធិពលនយោបាយមិនត្រឹមតែទៅលើប្រទេសដែលជាទីតាំងរបស់កំពង់ផែទាំងនេះនោះទេ ប៉ុន្តែថែមទាំងទៅលើប្រទេសដែលស្ថិតនៅជុំវិញនោះផងដែរ ដែលរឿងបែបនេះធ្លាប់កើតឡើងជាច្រើនករណីរួចមកហើយ»។
លោក James R. Holmes ដែលជាអតីតមន្ត្រីយោធាជើងទឹកសហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា វិបុលភាពគឺជាអាទិភាពកំពូលសម្រាប់គ្រប់រដ្ឋាភិបាលទាំងអស់។ ការវិនិយោគរបស់ចិនលើកំពង់ផែមានន័យថា ប្រទេសនេះអាចយកមួយផ្នែកធំនៃវិបុលភាពនៃប្រទេសណាមួយជាចំណាប់ខ្មាំង ដោយជំរុញឲ្យថ្នាក់ដឹកនាំនៃប្រទេសនោះប្រកាន់យកជំហរនយោបាយដែលស្របទៅតាមគោលនយោបាយរបស់គណបក្សកុម្មុយនីស្តចិន។
លោកថ្លែងដូច្នេះថា៖ «កំពង់ផែសមុទ្រគឺជាកត្តាជំរុញយ៉ាងសំខាន់សម្រាប់ការប្រឹងប្រែងរបស់ចិនដើម្បីជះឥទ្ធិពលផ្នែកពាណិជ្ជកម្ម ការទូត និងយោធា»។
លោក Sam Beatson នៃសាកលវិទ្យាល័យ King's College London ដែលបង្រៀនអំពីពាណិជ្ជកម្មនិងហិរញ្ញវត្ថុទាក់ទិននឹងប្រទេសចិន បានគូសបញ្ចាក់ថា ក្នុងចំណោមកិច្ចព្រមព្រៀងទាំងអស់ «ទាំងរដ្ឋាភិបាលនិងទាំងក្រុមហ៊ុននានានៅក្នុងប្រទេសជាច្រើនហាក់ដូចជាមិនចង់រារាំងក្រុមហ៊ុនចិនរឿងគ្រប់គ្រងកំពង់ផែរបស់ពួកគេនោះទេ។ ខ្ញុំបានគូសបញ្ជាក់ពីបញ្ហានេះម្ដងរួចមកហើយកាលពីឆ្នាំ ២០១៧ នៅពេលដែលខ្ញុំបានបង្ហាញអំពីតួនាទីរបស់ក្រុមហ៊ុន China Merchant Group នៅក្នុងការគ្រប់គ្រងកំពង់ផែ Houston និងកំពង់ផែ Miami តាមរយៈការចូលរួមភាគហ៊ុនជាមួយក្រុមហ៊ុន Terminal Links របស់ប្រទេសបារាំង»។
ដោយសារតែកំពង់ផែពាណិជ្ជកម្មអាចត្រូវបានប្រើសម្រាប់គោលបំណងយោធា អ្នកវិភាគនានាមានការព្រួយបារម្ភជាយូរមកហើយអំពីផលប៉ះពាល់ផ្នែកសន្តិសុខនៃកំពង់ផែទាំងឡាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងប៉េកាំង។
មូលដ្ឋានយោធានៅក្រៅប្រទេសដំបូងបង្អស់របស់ប្រទេសចិនត្រូវបានបង្កើតឡើងនៅឯកំពង់ផែនៃ ប្រទេសជីប៊ូទី ដែលស្ថិតនៅច្រកចូលទៅកាន់សមុទ្រក្រហមនិងព្រែកជីកស៊ុយអេ។
លោក Craig Singleton បានបញ្ជាក់ដូច្នេះថា៖ «យោធានីយកម្មរបស់ចិនលើគម្រោងកំពង់ផែរបស់ខ្លួននៅប្រទេសជីប៊ូទីគឺជាការព្រមានឲ្យឃើញមួយអំពីផលប្រយោជន៍របស់ចិនផ្នែកកំពង់ផែនៅក្នុងប្រទេសដទៃ ដូចជាប្រទេសតង់សានី អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាជាដើម ក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀត»។
បញ្ហាជាក្ដីកង្វល់ធំជាងគេបង្អស់រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺការគ្រប់គ្រង់កាន់កាប់របស់ប្រទេសចិនលើកំពង់ផែ Haifa។ កំពង់ផែនេះគឺជាកន្លែងសម្រាប់ចតកងនាវាទី ៦ នៃយោធាជើងទឹកសហរដ្ឋអាមេរិក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានក្ដីបារម្ភថា កំពង់ផែនេះអាចផ្ដល់ឱកាសឲ្យចិនធ្វើការស៊ើបយកការណ៍បាន។
លោកបណ្ឌិត Eyal Pinko អតីតមន្ត្រីស៊ើបការណ៍អ៊ីស្រាអែលបានលើកឡើងថា កំពង់ផែនេះអាចត្រូវបានប្រើយ៉ាងងាយស្រួលសម្រាប់ការស៊ើបការណ៍លើយោធាជើងទឹក។
លោកបានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA យ៉ាងដូច្នេះថា៖ «អ្នកអាចតាមដានរកទីតាំងរបស់នាវានិងសារគមនាគមន៍នានាបាន។ នៅពេលដែលអ្នកគ្រប់គ្រងនិងធ្វើប្រតិបត្តិការលើកំពង់ផែនោះ កិច្ចការស៊ើបការណ៍ទាំងនេះគឺងាយស្រួលនឹងធ្វើណាស់។ អ្នកអាចធ្វើអ្វីៗដែលអ្នកចង់ធ្វើបាន ដោយសារតែអ្នកគឺជាម្ចាស់កម្មសិទ្ធិនៅទីនោះ»៕
ប្រែសម្រួលដោយលោក នៀម ឆេង