ព្រះមហាក្សត្រ Salman bin Abdulaziz និងព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ដែលជាព្រះរាជបុត្ររបស់ព្រះអង្គ កាលពីថ្ងៃអាទិត្យ បានចូលរួមជាមួយបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត នៅក្នុងការអបអរសាទរប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។
ទីភ្នាក់ងារព័ត៌មាន SPA បានបញ្ជាក់ថា៖ «ព្រះមហាក្សត្រ Salman បានសរសើរទំនាក់ទំនងដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនិងជិតស្និទ្ធរវាងប្រទេសជាមិត្តនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលមនុស្សគ្រប់គ្នាចង់ពង្រឹងនិងអភិវឌ្ឍនៅគ្រប់កម្រិតទាំងអស់»។
កាលពីថ្ងៃអាទិត្យម្សិលមិញផងដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអបអរសាទរលោក Biden និងអ្នកស្រី Harris ដោយបានបញ្ជាក់តាម Twitter ថា៖ «លោក Joe យើងមានទំនាក់ទំនងផ្ទាល់ខ្លួនជាយូរអង្វែងនិងកក់ក្តៅអស់រយៈពេលជិត ៤០ ឆ្នាំ មកហើយ ហើយខ្ញុំដឹងថា លោកជាមិត្តដ៏អស្ចារ្យរបស់ប្រទេសអ៊ីស្រាអែល។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នកទាំងពីរ ដើម្បីពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពពិសេសរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
រីឯប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani វិញ បានផ្ញើសារអបអរសាទរតាម Twitter ដូច្នេះថា៖ «ប្រទេសអាហ្វហ្គានីស្ថានទន្ទឹងរង់ចាំបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រពហុកម្រិតជាមួយនឹងសហរដ្ឋអាមេរិក ដែលជាដៃគូដ៏សំខាន់របស់យើង លើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការនាំសន្តិភាពមកកាន់ប្រទេសអាហ្វហ្គានីស្ថានជាដើម»។
ចំណែកឯសម្ដេចសង្ឃ Dalai Lama នៃតំបន់ទីបេវិញ ក៏បានអបអរសាទរលោក Biden ផងដែរ ដោយមានសង្ឃដីកាថា៖ «មនុស្សជាតិដាក់ក្ដីសង្ឃឹមខ្ពស់លើចក្ខុវិស័យប្រជាធិបតេយ្យ និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងនាមជាមេដឹកនាំលើពិភពលោកបែបសេរី។ ជាពិសេសនៅក្នុងពេលដែលមានការប្រឈមទាំងនេះ ខ្ញុំសង្ឃឹមថា អ្នកនឹងអាចរួមចំណែកនៅក្នុងការធ្វើឲ្យពិភពលោកមានសន្តិភាពជាងមុន ដែលមនុស្សដែលរងគ្រោះដោយសារភាពក្រីក្រ និងភាពអយុត្តិធម៌អាចធូរស្រាលបាន។ ភាពចាំបាច់នៅក្នុងការដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាបញ្ហាប្រែប្រួលអាកាសធាតុផងដែរ គឺសំខាន់ណាស់»៕