អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលជាអ្នកដែលត្រូវព្យាករណ៍ថាបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យានៅក្នុងអំឡុងពេលដែលលោកថ្លែងទៅកាន់ប្រជាជាតិកាលពីយប់ថ្ងៃសៅរ៍ពីទីក្រុង Wilmington រដ្ឋ Delaware ថានឹងធ្វើជា «ប្រធានាធិបតីដែលនឹងមិនព្យាយាមបំបែកបំបាក់ ប៉ុន្តែបង្រួបបង្រួម» ប្រទេស។
លោក Biden បាននិយាយថាដល់ «ពេលដែលត្រូវទុកចោលនូវវោហារសាស្ត្រមិនពិរោះស្ដាប់ បន្ថយកម្ដៅ មើលគ្នាទៅវិញទៅមកឡើងវិញ ស្ដាប់គ្នាទៅវិញទៅមកឡើងវិញ»។
លោក Biden បានជំរុញឲ្យអ្នកគាំទ្ររបស់លោកឲ្យធ្វើការទំនាក់ទំនងជាមួយនឹងអ្នកដែលមិនបោះឆ្នោតឲ្យលោក ហើយលោកបានទទួលស្គាល់នូវការខកចិត្តរបស់អ្នកដែលបានគាំទ្រលោកប្រធានាធិបតី Donald Trump។
លោក Biden និយាយដូច្នេះថា៖ «ខ្លួនខ្ញុំផ្ទាល់ បានបរាជ័យប៉ុន្មានដងរួចមកហើយ។ ឥឡូវនេះ ចូរផ្ដល់ឱកាសឲ្យគ្នាទៅវិញទៅមក»។
ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះក៏បានប្រកាសផងដែរថា នៅថ្ងៃច័ន្ទស្អែក លោកនឹងចាប់ផ្ដើមក្រុមការងារទប់ទល់នឹងជំងឺកូវីដ១៩ «ដែលបង្កើតឡើងផ្អែកលើវិទ្យាសាស្ត្រដែលជាមូលដ្ឋានរឹងមាំ» ដើម្បីចាប់ផ្ដើមកិច្ចការបង្ក្រាបជំងឺកូវីដ១៩។ ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា នៅសហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ១៩ ជាង ៩ លាន ៨ សែនករណី និងករណីស្លាប់ដោយសារជំងឺនេះជាង ២៣៧.០០០ នាក់។
លោក Biden ដែលជាអ្នកនយោបាយជិតកន្លះសតវត្សកន្លងមក នឹងត្រូវធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ រួមជាមួយនឹងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California។
លោកប្រធានាធិបតី Donald Trump បានទៅដល់ទីលានវាយកូនហ្គោលរបស់លោកនៅក្រៅរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលស្ថាប័នព័ត៌មានធំៗទាំងអស់បានព្យាករណ៍ថាលោក Biden ជាអ្នកឈ្នះ។
យុទ្ធនាការរបស់លោក Trump បានចេញសេចក្ដីប្រកាសភ្លាមៗជំទាស់ទៅនឹងការព្យាករណ៍នេះ និងបានទទូចថា ពួកគេនឹងបន្តការតតាំងតាមផ្លូវតុលាការចំពោះលទ្ធផលបោះឆ្នោត។
សេចក្ដីប្រកាសនោះបានសរសេរថា៖ «យើងទាំងអស់គ្នាដឹងថា ហេតុអ្វីបានជាលោក Joe Biden ប្រញាប់តាំងខ្លួនដោយមិនត្រឹមត្រូវធ្វើជាអ្នកឈ្នះ និងហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រលោកប្រឹងប្រែងខ្លាំងដើម្បីជួយលោក គឺពួកគេមិនចង់ឲ្យការពិតត្រូវបានលាតត្រដាងនោះទេ។ ការពិតគឺថា ការបោះឆ្នោតនេះមិនទាន់បញ្ចប់ទេ»។
សេចក្ដីប្រកាសនោះបានបន្ថែមថា៖ «លោក Joe Biden មិនទាន់ត្រូវបានប្រកាសជាផ្លូវការថាជាអ្នកឈ្នះនៅរដ្ឋណាមួយនៅឡើយទេ កុំថាឡើយដល់រដ្ឋដែលមានការប្រជែងខ្លាំងដែលនឹងតម្រូវឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ឬក៏រដ្ឋដែលយុទ្ធនាការរបស់យើងបានដាក់ពាក្យបណ្ដឹងស្របច្បាប់ ដែលអាចកំណត់អំពីអ្នកឈ្នះចុងក្រោយផង»។
សេចក្ដីប្រកាសនេះបានបន្តថា នៅថ្ងៃច័ន្ទស្អែក យុទ្ធនាការរបស់លោក Trump «នឹងចាប់ផ្ដើមដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីធានាថា ច្បាប់បោះឆ្នោតត្រូវបានគោរពពេញលេញ ហើយអ្នកឈ្នះស្របច្បាប់ត្រូវបានប្រកាស»៕