លោក Yu ត្រូវបានគេឃុំខ្លួនកាលពីខែមករា ឆ្នាំ២០១៨ នៅក្រោយរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកបានផ្ដល់លិខិតមួយច្បាប់ស្ដីពីការអំពាវនាវឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដល់ក្រុមអ្នកសារព័ត៌មាន។
អ្នកស្រី Yu Yan ភរិយារបស់លោក Yu បានប្រាប់ VOA កាលពីពេលថ្មីៗនេះថា៖ «នេះគឺជាសវនាការសម្ងាត់។ មុននេះពួកគេមិនបានប្រាប់ខ្ញុំអ្វីទាំងអស់ អំពីដំណើរការជំនំជម្រះក្ដី។ ពួកគេទើបតែប្រាប់ខ្ញុំនូវលទ្ធផលក្នុងថ្ងៃនេះប៉ុណ្ណោះ»។
អ្នកស្រីបន្ថែមថា ក្នុងអំឡុងពេលដែលលោក Yu ជាប់ឃុំ មានតែមេធាវីការពារក្ដីរបស់លោកប៉ុណ្ណោះត្រូវបានគេអនុញ្ញាតឲ្យទៅជួបលោកចំនួនពីរដង។ អ្នកស្រីបានត្រឹមតែឃើញវីដេអូអំពីស្វាមីអ្នកស្រីម្ដងប៉ុណ្ណោះចាប់តាំងពីឆ្នាំ ២០១៨ មក។
លោក Nicholas Bequelin នាយកអង្គការ Amnesty International ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា ការកាត់ទោសលោក Yu គឺគ្មានអ្វីក្រៅពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលយកច្បាប់ធ្វើជាលេសនោះទេ។
លោកបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «លោក Yu មិនត្រឹមតែត្រូវបានគេកាត់ទោសដោយផ្អែកលើបទចោទប្រកាន់ដែលគ្មានមូលដ្ឋាន សម្រាប់ការងារស្របច្បាប់ដែលលោកបានធ្វើក្នុងនាមជាមេធាវីប៉ុណ្ណោះទេ សូម្បីតែមេធាវីរបស់លោកក៏មិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមក្នុងសវនាការដែរ»។
លោកបានបន្ថែមថា ការកាត់ក្ដីដោយសម្ងាត់នេះ ជាថ្មីម្ដងទៀត បង្ហាញឲ្យឃើញពីគោលនយោបាយមិនអត់ឱនរបស់រដ្ឋាភិបាលចិន ចំពោះអ្នករិះគន់ និងការអំពាវនាវឲ្យដោះលែងលោក Yu ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
លោក Yu គឺជាសំឡេងដ៏ស្វាហាប់មួយទាមទារឲ្យមានកំណែទម្រង់នៅក្នុងប្រទេសចិន។ ទោះបីជាការបង្ក្រាបលើសង្គមស៊ីវិលកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៥ មកក៏ដោយ ក៏មេធាវីរូបនេះបានការពារក្ដីឲ្យមេធាវីសិទ្ធិមនុស្សដូចគ្នាមួយចំនួនដែលក្នុងនោះក៏រួមមានលោក Wang Quanzhang និង លោក Falun Gong ផងដែរ។
នៅដើមឆ្នាំ ២០១៨ លោក Yu បានចែកចាយលិខិតចំហមួយ អំពាវនាវឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញចិនចំនួនប្រាំចំណុច ដែលរួមមានទាំងកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញសម្រាប់ការបោះឆ្នោតដែលអនុញ្ញាតឲ្យមានបេក្ខជនប្រធានាធិបតីច្រើននាក់ចូលរួមប្រកួតប្រជែងផងដែរ។
លោកបានសរសេរថា៖ «ការតែងតាំងប្រធានាធិបតី ក្នុងនាមជាប្រមុខរដ្ឋ ដោយការបោះឆ្នោតដែលមានតែគណបក្សមួយចូលរួម គឺមិនមែនជាការបោះឆ្នោតទេ។ ការណ៍នេះមិនបានផ្ដល់អំណាចអ្វីដើម្បីទទួលបានទំនុកចិត្តពីប្រទេសជាតិ សង្គមស៊ីវិល ឬប្រទេសដទៃៗទៀតក្នុងពិភពលោកឡើយ»។
នេះគឺជាការអំពាវនាវឲ្យមានប្រជាធិបតេយ្យ ដែលបណ្ដាលឲ្យមានការកាត់ទោសរូបលោក។
ភរិយារបស់លោក Yu បានប្រាប់ VOA ថា អ្នកស្រីបានទទួលទូរស័ព្ទពីក្រុមរដ្ឋអាជ្ញាក្រុង Xuzhou កាលពីថ្ងៃពុធទី ១៧ ខែឧសភា ដោយប្រាប់ថាស្វាមីរបស់អ្នកស្រី ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ និងដកសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេលបីឆ្នាំបន្ថែមទៀត។ ក្រុមរដ្ឋអាជ្ញាបានបន្ថែមថា លោក Yu Wensheng នឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនេះ។
អ្នកស្រីបានប្រាប់ VOA ថា៖ «ប៉ុន្តែអ្នកដែលទូរស័ព្ទមក បានបដិសេធមិនប្រាប់ឈ្មោះ និងតួនាទីឡើយ ប៉ុន្តែក្រោយមកខ្ញុំបានផ្ទៀងផ្ទាត់ការកាត់ក្ដីនេះជាមួយនឹងមេធាវីរបស់ស្វាមីខ្ញុំ ដែលត្រូវបានចាត់តាំងដោយមន្ត្រីតុលាការ»។
អ្នកស្រីក៏បាននិយាយថា៖ «ខ្ញុំមិនទទួលការកាត់ទោសនេះទេ ហើយខ្ញុំសូមសម្ដែងការតវ៉ាប្រឆាំងនឹងការកាត់ទោសជាសម្ងាត់នេះ។ ការណ៍នេះគឺជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ»។
VOA បានព្យាយាមទាក់ទងទៅកាន់ លោក Liu Mingwei ដែលជាចៅក្រមប្រចាំតុលាការប្រជាជន។ លោកគឺជាអ្នកប្រកាសសាលក្រមរបស់លោក Yu ប៉ុន្តែលោកមិនអាចទាក់ទងបានទេ។ លោក Zhao Qiang មេធាវីរបស់លោក Yu បានប្រាប់ VOA ថា លោកមិនអាចយល់ព្រមតាមសំណើសុំធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសបានទេ។
គេនៅមិនទាន់ច្បាស់ដដែលអំពីកាលបរិច្ឆេទដែលអាជ្ញាធរបានកាត់ទោសលោក Yu។
ទន្ទឹមគ្នានេះ VOA បានដឹងមកថា ភរិយារបស់អ្នកប្រឆាំងដ៏លេចធ្លោមួយរូបទៀត ត្រូវបានគេរាយការណ៍ថា បានរងការយាយីម្ដងហើយម្ដងទៀតពីមន្ត្រីមូលដ្ឋាន។
លោក Wang Zang អ្នកតែងកំណាព្យដ៏លេចធ្លោម្នាក់ ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា ពីបទ «ញុះញង់ឲ្យមានការផ្ដួលរំលំរដ្ឋាភិបាល»។ គ្រួសាររបស់លោក មិនមានព័ត៌មានថាលោកនៅទីណានោះទេ ទោះបីជាពួកគេបានទៅកាន់ស្ថានីយប៉ូលិសជាច្រើនដងមកហើយក៏ដោយ។
ចាប់តាំងពីពេលនោះមក គ្រួសាររបស់លោកបាននិយាយថា ពួកគេក៏បានបាត់បង់សេរីភាពមួយចំនួនដែរ។
អ្នកស្រី Wang Li ដែលជាភរិយារបស់លោក Wang Zang បានប្រាប់ VOA ថា៖ «ឥឡូវនេះមានមនុស្សពី ១២ ទៅ ១៥ នាក់ នៅក្រវែលអគាររបស់ខ្ញុំ មានឡានចំនួនបួនចតខាងក្រៅ។ ខ្ញុំស្ថិតក្រោមការឃ្លាំមើល ២៤ ម៉ោង។ ពួកគេយកកាតធនាគារ និងអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំទៅបាត់។ ជីវិតខ្ញុំពិតជាពិបាកណាស់»។
កើតនៅឆ្នាំ ១៩៨៥ នៅក្នុងខេត្ត Yunnan លោក Wang Zang គឺជាអ្នកនិពន្ធឯករាជ្យម្នាក់ និងជាអ្នករិះគន់គោលនយោបាយគាបសង្កត់របស់រដ្ឋាភិបាល។ លោកបានលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការងារសិល្បៈរបស់លោក និងការគាំទ្រសកម្មជនដែលជាប់ឃុំ។ អាជ្ញាធរបានចោទសួរលោក Wang ម្ដងហើយម្ដងទៀតអំពីការសម្ដែងសិល្បៈ ការតែងកំណាព្យ និងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគាំទ្រដល់សកម្មជន មេធាវី និងអ្នកទោសនយោបាយ ដែលត្រូវបានគេកាត់ទោស។
សង្គមស៊ីវិល និងចលនាគាំទ្រសិទ្ធិមនុស្សក្នុងប្រទេសចិន ស្ថិតនៅក្រោមការដាក់សំពាធកាន់តែខ្លាំង ចាប់តាំងពីលោកប្រធានាធិបតី Xi Jingping ចូលកាន់តំណែងកាលពីឆ្នាំ ២០១២ មក។ មេធាវីសិទ្ធិមនុស្ស និងសកម្មជនចិនជាង ២០០ នាក់ ត្រូវបានឃុំខ្លួន ឬសួរចម្លើយនៅទីស្នាក់ការប៉ូលិសនៅក្នុងឆ្នាំ ២០១៥ ដែលត្រូវបានក្រុមសិទ្ធិមនុស្សហៅថាជារឿង «ដែលធ្លាប់កើតមានពីមុន» មកទាល់តែសោះ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា