គណៈកម្មាការសុខាភិបាលចិនបានរាយការណ៍អំពីការកើនឡើងនៃករណីថ្មីនៃជំងឺកូវីដ១៩នៅក្នុងខេត្តមួយចំនួន ដែលបាននាំឲ្យមន្ត្រីសុខាភិបាលទទូចឲ្យប្រជាពលរដ្ឋចិនធ្វើការការពារខ្លួនពីការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីដែលបង្កជំងឺកូវីដ១៩។
នៅក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យគណៈកម្មការសុខាភិបាលចិននិយាយថា មានការឆ្លងវីរុសកូរ៉ូណាចំនួន១៧ករណីថ្មីត្រូវបានគេរាយការណ៍កាលពីថ្ងៃចន្ទ ដែលបន្ថែមពីលើចំនួនសរុប១៤ករណីកាលពីថ្ងៃអាទិត្យ។ ចំនួននេះកត់សម្គាល់ការកើនចំនួនលើស១០ករណីក្នុងមួយថ្ងៃជាលើកដំបូងបំផុតក្នុងរយៈពេល១០ថ្ងៃចុងក្រោយ។
អ្នកនាំពាក្យរូបនោះបន្តថា ករណីថ្មីចំនួន៧ជាករណីនាំចូលពីបរទេសចូលទៅក្នុងតំបន់ស្វ័យតម៉ុងហ្គោលក្នុងរបស់ប្រទេសចិន ហើយករណីថ្មី៥ទៀតត្រូវគេរកឃើញនៅក្នុងក្រុងវូហាន ដែលជាប្រភពផ្ទុះដើមដំបូងគេនៃកូវីដ១៩ ហើយដែលអាជ្ញាធរនៅទីនោះទើបបានដកវិធានការរឹតត្បិតសកម្មភាពសង្គមកាលពីខែមេសា។
ករណីថ្មីចំនួន៥ទៀតត្រូវបានគេរកឃើញនៅខេត្តភាគឦសានចំនួន៣ រួមទាំងខេត្ត Jilin ដែលនៅទីនោះអាជ្ញាធរបានផ្អាកសេវារថភ្លើងចេញចូលស្រុកមួយក្រោយពីពួកគេបានរកឃើញការឆ្លងជាក្រុមមួយកន្លែង។ ទូរទស្សន៍រដ្ឋចិនរាយការណ៍ថា អ្នកជំនាញមួយក្រុមត្រូវបានគេបញ្ជូនទៅតំបន់នោះដើម្បីធ្វើការស៊ើបអង្កេត។
បើតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins មកទល់នឹងថ្ងៃចន្ទ ប្រទេសចិនមានករណីឆ្លងវីរុសកូរ៉ូណាចំនួន៨៤.០០០នាក់ និងអ្នកស្លាប់សរុបចំនួន៤.៦៣៧នាក់៕