ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឯកអគ្គរដ្ឋទូត Burns ​ថា​ ចិន​បដិសេធ​ «ការ​សន្ទនា​ប្រកប​ដោយ​និរន្តរភាព» ​ជាមួយ​អាមេរិក​អំពី​វិបត្តិ​ថ្នាំញៀន​ហ្វេតានីល (Fentanyl)


រូបឯកសារ៖ កញ្ចក់អេក្រង់មួយបង្ហាញពីចរន្តនៃការហូរចូលនៃសារធាតុញៀន fentanyle និងសារធាតុញៀនផ្សេងៗទៀតក្នុងសហរដ្ឋរដ្ឋអាមេរិក ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧។
រូបឯកសារ៖ កញ្ចក់អេក្រង់មួយបង្ហាញពីចរន្តនៃការហូរចូលនៃសារធាតុញៀន fentanyle និងសារធាតុញៀនផ្សេងៗទៀតក្នុងសហរដ្ឋរដ្ឋអាមេរិក ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧។

អ្នក​ការទូត​កំពូល​របស់​រដ្ឋបាល​លោក Biden​ ប្រចាំ​ប្រទេស​ចិន​ កាលពី​ថ្ងៃ​ពុធ​ បាន​ព្យាករណ៍​ពី​ការ​កើន​ឡើង​នៃ​វិស័យ​ទេសចរណ៍​ ជើង​យន្តហោះ​ពាណិជ្ជ​កម្ម​ និង​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​នៃប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​បំផុត​ទាំង​ពីរ​នេះ ប៉ុន្តែ​បាន​និយាយ​ថា​ កិច្ច​ពិភាក្សា​ដើម្បី​បង្កើត​ក្រុម​ការងារ​ស្តីពី​វិបត្តិថ្នាំញៀន​ ​fentanyl ​បាន​ជាប់គាំង។​

ថ្លែង​សុន្ទរកថា​តាម​គេហទំព័រ​របស់​គណៈ​កម្មាធិការ​ជាតិ​ស្តីពី​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក-ចិនឯកអគ្គ​រដ្ឋទូត ​លោក​ Nicholas Burns ​បាន​ធ្វើ​អត្ថាធិប្បាយ​ដូច្នេះ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ​មុន​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក ​Wang Yi មក​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋបាល​អាមេរិក​ស្តីពី​ពាណិជ្ជ​កម្ម​ទ្វេភាគី បញ្ហា​ថ្នាំញៀន​ fentanyl​ និង​ប្រធាន​បទ​ផ្សេង​ទៀត​ដែល​រំពឹង​ថា ​នឹង​រៀបចំ​កិច្ច​ប្រជុំកំពូល​នា​ពេល​អនាគត។​

ព្រឹត្តិ​ការណ៍​កាលពី​ថ្ងៃពុធ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​បាន​កើត​មាន​ឡើង ​នៅពេល​ដែល​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំងពីរ​កំពុង​កើន​ឡើង។​

លោក​ ​Burns​ ក៏​បាន​ប្រាប់​ក្រុម​នោះ​ថា ​រដ្ឋបាល លោក​ Biden ​កំពុង ​«ប្រឹងប្រែង»​ ដើម្បី​ពង្រីក​ចំនួន​ជើង​យន្តហោះ​ត្រង់​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ ដែល​មាន​ជិត​ ៣៤០​ ជើងក្នុង​មួយ​សប្តាហ៍ ​មុន​ពេល​ជំងឺ​កូវីដ​រាតត្បាត។​

លោក ​Burns​ បាន​និយាយ​ថា​ លោក​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​ខាងវិស័យ​ទេសចរណ៍​ «ដោយយឺតៗ ​ប៉ុន្តែ​ប្រាកដ​ប្រជា»​ ដោយសាររដ្ឋាភិបាល​ទាំងពីរ​ខិតខំ​ជំរុញ។ ​

ខណៈ​រដ្ឋាភិបាល​អាមេរិក​មិន​គាំទ្រ​ «ការ​ផ្តាច់​ទំនាក់​ទំនង» ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ ដែល​មាន​ការ​កាត់​ផ្តាច់បន្តិច​ម្តងៗ​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​និង​ហិរញ្ញ​វត្ថុ​នោះ​ លោក ​Burns ​បាន​និយាយ​ថា៖ «ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ត្រូវ​បាន​ផ្តាច់»​ នៅ​កម្រិត​ផ្លូវការ​ និង​ក្រៅ​ផ្លូវការ​កាល​ពី​ឆ្នាំ​មុន៕

XS
SM
MD
LG