ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​ប្តេជ្ញា​បន្ត​តតាំង​ជាមួយ​ចិន​អំពី​គ្រឿង​ញៀន​


រូប​ឯកសារ៖ ថ្នាំ​ញៀន​ Fentanyl ត្រូវ​បាន​ចាប់​ទុក​នៅ​ក្រុង Tempe រដ្ឋ Arizona កាល​ពី​ឆ្នាំ​២០១៧។
រូប​ឯកសារ៖ ថ្នាំ​ញៀន​ Fentanyl ត្រូវ​បាន​ចាប់​ទុក​នៅ​ក្រុង Tempe រដ្ឋ Arizona កាល​ពី​ឆ្នាំ​២០១៧។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​នឹង​បន្ត ​«ប្រឈម​ជាមួយ​ចិន»​ ដើម្បី​ទប់ស្កាត់​លំហូរ​ថ្នាំ​ញៀន​ដ៏​គ្រោះថ្នាក់​ដែល​ត្រូវ​បាន​រត់ពន្ធ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​កាត់​តាម​ប្រទេស​ម៉ិកស៊ិក។​

ក្នុង​ការ​បង្ហាញ​ខ្លួន​តាម​កម្មវិធី​វេទិកា​របស់​បណ្តាញ​ទូរទស្សន៍​ CNN ​ពី​ទីក្រុង​ Cincinnati ​រដ្ឋ​ Ohio​ ​លោក​ Biden​ បាន​មាន​ប្រសាសន៍​ថា​រដ្ឋបាល​របស់​លោក​ «កំពុង​ដោះស្រាយ​បញ្ហា​ថ្នាំញៀន​ទាំង​មូល»​ ដោយ​បង្កើន​ចំនួន​បុគ្គលិក​យ៉ាង​ច្រើន​នៅ​ក្នុង​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​អំពី​បញ្ហា​នេះ។​

ថ្នាំ​ញៀន​ Fentanyl ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​កម្លាំង​ខ្លាំង​ជាង​ថ្នាំ​ញៀន​ហេរ៉ូអ៊ីន​ពី​៥០​ដង​ទៅ​១០០​ដង។​ វិបត្តិ​សុខភាព​នៅ​ក្នុង​ប្រទេស​អាមេរិក​បណ្តាល​មក​ពី​ប្រភេទ​ថ្នាំញៀន​សំយោគ​ជាពិសេស​ Fentanyl ​នោះ​ជា​រឿង​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​អតីត​ប្រធានាធិបតី​ Donald Trump។​

លោក​ Donald Trump​ បាន​រិះគន់​ប្រទេស​ចិនម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ចិន​ជា​ប្រទេស​នាំចេញ​ថ្នាំ​ញៀន​ Fentanyl​ ច្រើន​ជាង​គេ​ឬ ​សារធាតុ​គីមី​របស់​ចិន​បាន​ដឹក​ទៅ​កាន់​ប្រទេស​ម៉ិចស៊ិក​ទីដែល​ក្រុម​ជួញ​ដូរ​ថ្នាំ​ញៀន​អន្តរជាតិ​រត់ពន្ធ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក សម្រាប់​ការមិន​បង្ក្រាប​ការ​ជួញ​ដូរ​ថ្នាំ​ញៀន។​

អនុស្សរណៈ​មួយ​ដែល​បាន​ចេញ​ផ្សាយ​មុន​ដំណើរ​ទស្សនកិច្ច​លើក​ទី៣​របស់​លោក​ Biden ​ទៅ​កាន់​រដ្ឋ Ohio ​ក្នុង​អំឡុង​ពេល​លោក​កាន់​តំណែង​រយៈពេល​៦​ខែ​នោះ​និយាយ​អំពី​ការ​ព្រួយ​កង្វល់​សំខាន់ៗ​នៅ​ក្នុង​រដ្ឋ​នោះតាំង​ពី​ការ​ជួសជុល​ស្ពាន​នៅ​តាម​ផ្លូវ​ដល់​ការ​ទប់ស្កាត់​កុំឲ្យ​កូន​ក្មេង​ធាត់​ហួស​ហេតុ។​អនុស្សរណៈ​នោះ​មិន​បាន​និយាយ​អំពី​វិបត្តិ​ថ្នាំ​ញៀន​ទេ ថ្វី​បើ​រដ្ឋ Ohio​ មាន​អត្រា​ស្លាប់​ច្រើន​ដោយ​សារ​ការប្រើ​ថ្នាំ​ញៀន​ហួស​កម្រិតដែល​ជា​បុព្វហេតុ​គ្រោះថ្នាក់​ដល់​ស្លាប់​នៅ​ក្នុង​រដ្ឋ​នេះ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។​

នៅពេល​ VOA ​សួរ​នៅ​លើ​យន្តហោះ​ប្រធានាធិបតី​ Air Force One​ កាល​ពី​ថ្ងៃ​ពុធ​ អ្នកស្រី ​Jen Psaki​ លេខា​ព័ត៌មាន​សេតវិមាន​បាន​ឆ្លើយ​ថា​«ប្រាកដ​ណាស់​បញ្ហា​នេះ​ជា​អាទិភាព​កំពូល​ ហើយ​មិន​ចាំបាច់​ឆ្ងល់​ទេ​ថា​ វា​ជា​បញ្ហា​មួយ​ដែល​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ទូទាំង​រដ្ឋ​ Ohio»៕

XS
SM
MD
LG