ប្រទេសអាស៊ីទាំងពីរនេះអាចលក់ឬបរិច្ចាគសព្វាវុធកាន់តែច្រើនទៅឲ្យប្រទេសដែលជាគូប្រជែងទាមទារដែនសមុទ្រជាមួយនឹងចិន ដូចជាវៀតណាមជាដើម។ ធ្វើដូច្នេះ ពួកគេអាចបង្កើតការការពារប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ប្រទេសជប៉ុនក៏ប្រហែលជាប្រើប្រាស់នាវាល្បាតដែនសមុទ្រឬកងនាវាជើងទឹកទៅល្បាតសមុទ្រចិនខាងត្បូង ដើម្បីបញ្ជាក់ថា សមុទ្រនេះនៅតែបើកចំហរ បើទោះបីជាចិនទាមទារសមុទ្រនេះរហូតដល់ទៅ៩០ភាគរយក៏ដោយ។
អ្នកវិភាគនិយាយថា ប្រទេសឥណ្ឌាប្រហែលនឹងបន្តការរុករកប្រេង និងឧស្ម័នរួមគ្នាជាមួយនឹងប្រទេសវៀតណាម នៅលើសមុទ្រដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េនេះ។
លោក Gregory Poling ប្រធានគម្រោងគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រនៅអាស៊ី (Asia Maritime Transparency Initiative) នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយអាមេរិកសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ (American think tank Center for Strategic and International Studies) បាននិយាយថា៖ «រដ្ឋាភិបាលក្រុងញូវដេលី និងក្រុងតូក្យូបានបោះជំហានក្នុងការខិតខំកសាងសមត្ថភាពនៅក្នុងតំបន់ ដោយប្រទេសជប៉ុនបានផ្តោតជាចម្បងលើការផ្តល់នាវាល្បាត និងការបណ្តុះបណ្តាលសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសឥណ្ឌាកំពុងលក់សព្វាវុធ និងផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពជើងទឹកវៀតណាម»។
កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ចំនួនពីរក្នុងពេលមួយសប្តាហ៍
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៣ និង១៤ ខែកញ្ញា កន្លងទៅនេះ ដើម្បីពិភាក្សាលើ «ការបង្កើនកិច្ចសហការសន្តិសុខដែនសមុទ្រ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបាននិយាយថា កាលពីថ្ងៃទី១៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរបានជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ដើម្បីពិភាក្សាអំពីសេរីភាពនាវាចរណ៍ និងការគោរពច្បាប់អន្តរជាតិ។
អ្នកវិភាគយល់ថា កិច្ចពិភាក្សាទាំងពីរនេះគឺយកប្រទេសចិនជាគោលដៅ រួមទាំងការពង្រីកយោធារបស់ចិននៅលើដែនសមុទ្រដែលមានជម្លោះតាំងពីឆ្នាំ២០១០មកផងដែរ។
ទាំងឥណ្ឌានិងជប៉ុនមិនមែនជាអ្នកទាមទារដែនសមុទ្រចិនខាងត្បូងទេ ប៉ុន្តែប្រទេសទាំងពីរនេះបានយកចិត្តទុកដាក់តាមដានលើចិនយ៉ាងខ្លាំង ដោយសារមានការព្រួយបារម្ភថា ចិនអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចនិងអំណាចយោធាធំបំផុតនៅអាស៊ី។ ទោះជាមានកិច្ចប្រជុំជាមួយនឹងលោករដ្ឋមន្ត្រី Tillerson នៅបុរីញូវយ៉កក៏ដោយ ក៏រដ្ឋាភិបាលអាមេរិកត្រូវបានគេមើលឃើញថា កំពុងយកចិត្តទុកខ្លាំងពីបញ្ហាយោធានៅក្នុងប្រទេសកូរ៉េខាងជើងទៅវិញទេ។
សព្វាវុធសម្រាប់ប្រទេសតូចជាងចិនដែលទាមទារដែនសមុទ្រចិនខាងត្បូង
អ្នកវិភាគនិយាយថា ជប៉ុននិងឥណ្ឌាអាចលក់សព្វាវុធបន្ថែមទៀតទៅឲ្យប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ ដែលមានផ្ទៃទឹកត្រួតស៊ីគ្នាជាមួយនឹងដែនសមុទ្រដែលចិនទាមទារ។
ជប៉ុនបានបង្ហាញជំហររបស់ខ្លួនកាលពីខែមករាថា ខ្លួនអាចនឹងផ្តល់នាវាល្បាតចំនួន៦គ្រឿងឲ្យទៅប្រទេសវៀតណាម ដើម្បីជួយដល់សន្តិសុខដែនសមុទ្រ។ វៀតណាមបានប៉ះទង្គិចគ្នាជាមួយនឹងនាវាចិនចំនួន៣ដង ចាប់ពីទសវត្សរ៍១៩៧០មក។ កាលពីខែសីហាឆ្នាំមុន ជប៉ុនបានចាប់ផ្តើមផ្តល់នាវាការពារឆ្នេរចំនួន១០គ្រឿងទៅឲ្យប្រទេសហ្វីលីពីន តាមរយៈកិច្ចព្រមព្រៀងជាប្រាក់កម្ចី។
ប្រទេសឥណ្ឌាបានពិភាក្សាជាមួយនឹងប្រទេសវៀតណាមអំពីការផ្គត់ផ្គង់កាំជ្រួចមីស៊ីលល្បឿនលឿនឈ្មោះថា BrahMos ក្នុងចំណោមកាំជ្រួចមីស៊ីលផ្សេងៗទៀត។ កាំជ្រួចមីស៊ីលនេះត្រូវបានផលិតរួមគ្នាជាមួយនឹងប្រទេសរុស្ស៊ី។ ការណ៍នេះបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ចិនដែលគ្រប់គ្រងដោយរដ្ឋកាលពីដើមឆ្នាំនេះបានចោទប្រកាន់ប្រទេសឥណ្ឌាថាបង្កបញ្ហា។ កាលពីខែកញ្ញា ឆ្នាំ២០១៦ ប្រទេសឥណ្ឌាបានផ្តល់ប្រាក់កម្ចីចំនួន៥០០លានដុល្លារដល់ប្រទេសវៀតណាមក្នុងការទិញសម្ភារៈការពារនិងនាវាល្បាត។
ការបញ្ជូនបេសកកម្មល្បាតទៅកាន់ដែនសមុទ្រមានជម្លោះ
លោក Le Hong Hiep ដែលជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ជប៉ុនអាចនឹងធ្វើការសាកល្បងពីសមត្ថភាពរបស់ចិនតាមរយៈការល្បាតតូចមួយ។ កាលពីខែឧសភា ជប៉ុនបានបញ្ចូននាវាពិឃាដ Izumo ទៅដែនសមុទ្រនេះ ដើម្បីឈប់សំចតនៅតាមកំពង់ផែអាស៊ីអាគ្នេយ៍ក្នុងដំណើរទៅចូលរួមសមយុទ្ធយោធារួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក។
លោក Le បាននិយាយថា៖ «អ្វីដែលពួកគេបានធ្វើគឺថា ពួកគេបានបញ្ជូននាវាមួយគ្រឿងទៅក្នុងឆកសមុទ្រ Aden ហើយនៅតាមផ្លូវត្រឡប់មកវិញ ពួកគេបានធ្វើការល្បាតនៅក្នុងសមុទ្រចិនខាងត្បូង និងបានសំចតនៅក្នុងប្រទេសវៀតណាមនិងប្រទេសផ្សេងទៀត។ ប៉ុន្តែពួកគេមិនមានរៀបចំកម្មវិធីធ្វើនាវាចរណ៍ដោយសេរីជាលក្ខណៈអន្តរជាតិនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ដោយសារតែការធ្វើដូច្នេះនឹងបង្កឲ្យប្រទេសចិនខឹងសម្បារ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែនៅពេលអនាគត ខ្ញុំមិនប្រាកដនោះទេ ដោយសារតែជប៉ុនក៏ទទួលបានប្រយោជន៍ខ្លះក្នុងការរារាំងដល់មហិច្ឆតារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងផងដែរ»។
ការល្បាតនិងការនេសាទអាចបង្ហាញថា សមុទ្រនេះបើកនៅបើកចំហរដល់ប្រទេសដទៃទៀត ទោះជាមានការអះអាងទាមទារបូរណភាពរបស់ចិនលើផ្លូវទឹកនៅឆ្នេរខាងត្បូងក៏ដោយ។ ប្រទេសចិនបានពង្រឹងការគ្រប់គ្រងរបស់ខ្លួន និងធ្វើឲ្យប្រទេសទាមទារផ្សេងទៀតខឹងសម្បារ តាមរយៈការចាក់ដីកសាងកោះសិប្បនិម្មិតសម្រាប់តំឡើងប្រព័ន្ធរ៉ាដានិងផ្លូវយន្តហោះចម្បាំងឡើងចុះ។
ប្រទេសព្រុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និងហ្វីលីពីនបានទាមទារផ្នែកទាំងអស់ឬផ្នែកខ្លះនៃដែនសមុទ្រមួយនេះ។
លោក Andrew Yang អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្រុមប្រឹក្សាចិនសម្រាប់ការសិក្សាគោលនយោបាយជាន់ខ្ពស់នៅកោះតៃវ៉ាន់បាននិយាយថា ឥណ្ឌានិងជប៉ុនអាចនឹងល្បាតសមុទ្រនេះជាមួយគ្នា ដោយប្រើប្រាស់នាវាល្បាតសមុទ្រ។ លោកបានបន្ថែមថា ពួកគេអាចនឹងបញ្ជូននាវាចម្បាំងទៅក្នុងសមុទ្រចិនខាងត្បូងម្តងម្កាល។
លោក Yang បាននិយាយថា៖ «ពួកគេប្រហែលជានឹងបង្កើនសកម្មភាពរួមគ្នារបស់ខ្លួនដើម្បីបង្ហាញថា ជប៉ុននិងឥណ្ឌាកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងអ្វីដែលគេហៅថា ជាការគ្រប់គ្រងផ្អែកតាមច្បាប់ទម្លាប់នៅក្នុងសមុទ្រខាងត្បូងនិងនៅក្នុងតំបន់»។
ការផ្តើមគំនិតរបស់ឥណ្ឌានៅអាស៊ីអាគ្នេយ៍
លោក Le បាននិយាយថា ក្នុងនាមជាដៃគូវិនិយោគនិងពាណិជ្ជកម្មដែលលូតលាស់ខ្លាំងជាមួយនឹងវៀតណាម ឥណ្ឌាបានបង្ហាញនូវអំណាចរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដោយធ្វើការជាមួយនឹងក្រុមហ៊ុនវៀតណាមក្នុងការរុករកប្រេងនិងឧស្ម័ន។
លោក Le បានថ្លែងទៀតថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ សាខានៅក្រៅប្រទេសរបស់ក្រុមហ៊ុន ONGC ដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌា បានធ្វើការជាមួយនឹងសហគ្រាសរុករកប្រេង PetroVietnamដើម្បីរុករកប្រេងនិងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។ កិច្ចសហការនេះជួយឲ្យវៀតណាមបង្កើននូវ «អំណាចក្នុងការចរចា» ជាមួយនឹងប្រទេសចិន។
ចាប់តាំងពីចាញ់ក្តីនៅក្នុងតុលាការអាជ្ញាកណ្តាលអន្តរជាតិទាក់ទងនឹងការទាមទាររបស់ខ្លួននៅក្នុងសមុទ្រខាងត្បូងកាលពីឆ្នាំមុនមក ប្រទេសចិនបានស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍តាមរយៈការផ្តល់ជំនួយសេដ្ឋកិច្ចនិងការធ្វើវិនិយោគនានា។ ប្រទេសម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនទទួលយកការផ្តើមគំនិតទាំងនេះពីចិននិងពីប្រទេសធំៗផ្សេងទៀតផងដែរ។
អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ The Philippines Diliman បាននិយាយថា ជាឧទាហរណ៍ ហ្វីលីពីនស្វាគមន៍ជំនួយរបស់ជប៉ុន ដោយសារតែសាធារណជននិងរដ្ឋាភិបាលដែលស្និទ្ធនឹងចិនមួយនេះបានទុកចិត្តរដ្ឋាភិបាលក្រុងតូក្យូតាំងពីយូរណាស់មកហើយ។ អ្នកស្រីបន្ថែមថា ពលរដ្ឋហ្វីលីពីនស្គាល់ប្រទេសឥណ្ឌាតិចតួច ប៉ុន្តែប្រទេសជប៉ុនអាចធ្វើជាស្ពានបំពេញចន្លោះប្រហោងនេះបាន។
អ្នកស្រី Atienza និយាយថា៖ «ពលរដ្ឋហ្វីលីពីនមិនដឹងច្បាស់ពីទំនាក់ទំនងវិជ្ជមានដែលអាចកើតមានឡើងជាមួយនឹងឥណ្ឌាទេ។ ប៉ុន្តែប្រសិនបើវាជាសម្ព័ន្ធមិត្តវិញ ហើយប្រសិនបើជប៉ុនអាចបញ្ជាក់ថា ឥណ្ឌាមានភាពស្មោះត្រង់នោះ ប្រហែលជាអាចកសាងទំនុកចិត្តក្នុងភាពជាដៃគូបាន»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ