ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterteបានកំណត់ខ្សែបន្ទាត់ព្រំដែននៃមិត្តភាពដែលបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយចិនតាមរយៈការដាក់របាំងទៅលើសកម្មភាពរបស់ចិននៅតាមឆ្នេរមហាសមុទ្រប៉ាស៊ីហ្វីក និងបានទទូចកុំឲ្យរដ្ឋាភិបាលក្រុងប៉េកាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀតនៅលើផ្ទៃទឹកដែលកំពុងមានជម្លោះនេះ។
លោកប្រធានាធិបតីដែលបានផ្លាស់ប្តូរគោលនយោបាយការបរទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៦ តាមរយៈការចងសម្ព័ន្ធភាពជាមួយនឹងចិន ដែលបានសន្យាថា នឹងផ្តល់ជាកម្ចី ជំនួយ និងការវិនិយោគទុននៅក្នុងប្រទេសហ្វីលីពីនជាការតបស្នងត្រឡប់មកវិញនោះ កាលពីថ្ងៃទី៦ខែកុម្ភៈកន្លងទៅនេះ លោកប្រធានាធិបតីបានថ្លែងថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យនាវាបរទេសធ្វើការរុករកនៅក្នុងតំបន់ក្រោមទឹក Philippine Rise ដែលជាតំបន់សម្បូរទៅដោយធនធានជាច្រើននៃកោះ Luzon ស្ថិតនៅភាគឦសានទីក្រុងម៉ានីល។ លោកប្រធានាធិបតីធ្លាប់បានអនុញ្ញាតឲ្យប្រទេសចិនធ្វើការរុករកនៅក្នុងតំបន់នោះកាលពីខែមុន និងកាលពីចុងឆ្នាំ២០១៦។
មួយសប្តាហ៍បន្ទាប់ពីនោះ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈគេហទំព័រវ៉ិបសាយរបស់ការិយាល័យប្រធានាធិបតី ថាក្រុមមន្ត្រីរដ្ឋាភិបាល«បដិសេធនិងមិនទទួលស្គាល់តំបន់ក្រោមទឹកចំនួន៥ដែលត្រូវបានដាក់ឈ្មោះជាភាសាចិននោះទេ»។
យោងតាមនាយកដ្ឋានទទួលបន្ទុកកិច្ចការបរទេសក្នុងទីក្រុងម៉ានីលបានឲ្យដឹងកាលពីថ្ងៃទី១៤ខែកុម្ភៈថា កាលពីថ្ងៃសុក្រកន្លងទៅរដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនបានថ្លែងថា ភាគីទាំងពីរបានពិភាក្សាអំពីប្រតិបត្តិការរុករករួមគ្នានៅក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង ដែលភាគីនិមួយៗអះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួន។ នៅក្នុងកិច្ចពិភាក្សានោះ ប្រទេសចិនបានប្តេជ្ញាថា«មិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងតំបន់ណាដែលគ្មានមនុស្សរស់នៅនោះទេ» ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពហុភាគីដែលបានធ្វើឡើងកាលពីឆ្នាំ២០០២៕