អ្នកអង្កេតការណ៍អំពីទិសដៅនយោបាយប្រទេសកម្ពុជាសង្ឃឹមថា បើអាមេរិក និងប្រទេសចិនមានទំនាក់ទំនងដ៏ប្រសើរ នោះវានឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ដែលកំពុងថ្លឹងថ្លែងទំនាក់ទំនងជាមួយមហាអំណាចទាំងពីរនេះ។
មេដឹកនាំជាន់ខ្ពស់របស់ប្រទេសចិនលោក ស៊ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនាខែក្រោយនេះ ដើម្បីធ្វើការពិភាក្សាជាមួយសមភាគីរបស់លោកគឺលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីស.រ.អា.ដែលក្រុមអ្នកអង្កេតការណ៍កម្ពុជាយល់ថា ប្រទេសកម្ពុជានឹងអាចទទួលបានផលប្រយោជន៍ពីទំនាក់ទំនងល្អរវាងប្រទេសមហាអំណាចទាំងពីរនេះ។
ទាំងសហរដ្ឋអាមេរិក និងចិនមានឥទ្ធិពលយ៉ាងខ្លំាងលើផ្នែកខុសៗគ្នាទៅលើប្រទេសកម្ពុជា ជាពិសេសផ្នែកអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងចុងក្រោយនេះផ្នែកសេដ្ឋកិច្ច។ ខណៈដែលអាមេរិកផ្តោតការគាំទ្រលើផ្នែកសង្គមស៊ីវិលនៅកម្ពុជា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជាផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរ អ្នកវិភាគ និងបញ្ញវន្តខ្មែរបានលើកទ្បើងថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរអាចផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ដូចជាបញ្ហាភូមិសាស្រ្តនយោបាយ ជាតួយ៉ាងគឺបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងដែលប្រទេសកម្ពុជាក៏ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ជាសហស្ថាបនិក និងជាប្រធានវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្រ្តកម្ពុជា ហើយក៏ជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេសបានប្រាប់ VOA ថា ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិននេះគឺជាទំនាក់ទំនងដ៏សំខាន់សម្រាប់ពិភពលោក និងពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
ទំនាក់ទំនងអាមេរិក-ចិនមានភាពប្រសើរទ្បើងនឹងជួយឲ្យមានស្ថិរភាពនយោបាយសន្តិសុខ និងការអភិវឌ្ឍក្នុងពិភពលោក។ លោកបានបន្ថែមទៀតថា ទំនាក់ទំនងល្អរវាងមេដឹកនាំទាំងពីរពិតជាមានសារៈសំខាន់ណាស់។
លោកថា៖«និន្នាការរបស់កម្ពុជាមានទំនោរងាកទៅរកប្រទេសចិនក្នុងនយោបាយការបរទេសក៏ដូចជាទំនាក់ទំនងយុទ្ធសាស្រ្ត និងសេដ្ឋកិច្ច ច្រើនជាងសហរដ្ឋអាមេរិក»។
លោកបន្តថា៖ «ដូច្នេះប្រសិនបើជំនួបនៅខែក្រោយមានផលល្អ វានឹងបង្កើតឲ្យមានផលវិជ្ជមានល្អដល់តំបន់ និងប្រទេសកម្ពុជា»។
ទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក ស៊ី ជីនពីង ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់របស់ប្រទេសចិនទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននេះ ធ្វើឡើងអំទ្បុងពេលកំពុងមានភាពតានតឹងរវាងប្រទេសទាំងពីរ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋាភិបាលចិនគឺជាអ្នកនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (Cyber Attack) លើទីភ្នាក់ងារអាមេរិក។ សហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភអំពីការបង្រ្កាបលើអ្នកប្រឆាំងចិននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលពឹងពាក់គ្នាលើសេដ្ឋកិច្ចដ៏រឹងមាំនោះគឺជាទំនាក់ទំនងដ៏មានសារៈសំខាន់តាមបែបយុទ្ធសាស្រ្ត។ នេះបើតាមការលើកទ្បើងរបស់លោក នាក់ ចិន្តារិទិ្ធ ដែលជាប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃវិទ្យាស្ថានភាសាបរទេស។
«ខ្ញុំគិតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរលើផ្នែកសេដ្ឋកិច្ចមានភាពល្អប្រសើររួចមកហើយ ព្រោះអាមេរិកជំពាក់បំណុលចិន១០%»។ លោកបន្ថែមទៀតថា «ចិនក៏ជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់អាស៊ានដែរ»។
លោក លី វេងហុង ជាបេក្ខជនថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យា Central European នៃប្រទេសហុងហ្ការីបានឲ្យដឹងដែរថា បញ្ហាសុវត្ថិភាពអ៊ីនធឺណិត (Cyber Security) បញ្ហាសេដ្ឋកិច្ច និងការផ្លាស់ប្តូរអាកាសធាតុ បញ្ហាជម្លោះដែនសមុទ្រក៏អាចនឹងត្រូវលើកយកទៅពិភាក្សាផងដែរ។
«ខ្ញុំគិតថា ក្នុងចំណោមបញ្ហាទាំងបួននេះ បញ្ហាសេដ្ឋកិច្ច និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងគឺទាក់ទងនឹងកម្ពុជា»។
លោកនិយាយថា៖ «ប្រសិនបើកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន នោះប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ពីរពីកិច្ចប្រជុំនេះ»។
ក្រៅពីនេះ លោកបានពន្យល់បន្ថែមថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចចិនមានភាពវិជ្ជមាន នោះប្រទេសកម្ពុជានឹងទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ចកាន់តែច្រើន។
ហឿង រ័ត្នរចនា វ័យ១៩ឆ្នាំ ជានិស្សិតឆ្នាំទី៣លើផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ប្រសិនបើកិច្ចពិភាក្សានេះមានភាពរលូន នោះប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ទាំងជំនួយ និង ពាណិជ្ជកម្ម។
ដោយមានក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរនោះ នាង ហឿង រ័ត្នរចនា បានបន្ថែមទៀតថា៖
«កិច្ចប្រជុំនេះគឺជាជំហានដំបូងមួយសម្រាប់ទំនាក់ទំនងរវាងអាមេរិក-ចិនកាន់តែប្រសើរឡើងនៅពេលអនាគត»៕