រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់នៅថ្ងៃពុធនេះថា ការទាមទាររបស់សហរដ្ឋអាមេរិកដែលចង់ឲ្យខ្លួនចូលរួមនៅក្នុងការពិភាក្សាអំពីការលុបបំបាត់នុយក្លេអ៊ែរជាមួយនឹងប្រទេសរុស្ស៊ី គឺជាឧបាយកលដើម្បីពន្លិចការចរចា ប៉ុន្តែខ្លួននឹងចូលរួម ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាត់បន្ថយចំនួនអាវុធរបស់ខ្លួនឲ្យស្មើនឹងកម្រិតរបស់ចិន។
សហរដ្ឋអាមេរិក និងរុស្ស៊ីបានជួបប្រជុំគ្នាកាលពីខែមុននៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីជំនួសឲ្យកិច្ចព្រមព្រៀង New START។ កិច្ចព្រមព្រៀង New STARTដាក់កំហិតភាគីនីមួយៗឲ្យមានក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ឲ្យប្រើប្រាស់តែចំនួន ១.៥៥០ តែប៉ុណ្ណោះ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទូចឲ្យចិនចូលរួមនៅក្នុងការពិភាក្សានេះ ដោយលោកបានលើកឡើងអំពីអ្វីដែលលោកនិយាយថាជាអំណាចគ្រប់គ្រងដោយសេរីដែលរដ្ឋាភិបាលក្រុងប៉េកាំងមាននៅក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោក Fu Cong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន បានបញ្ជាក់ថា ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកនេះ «គ្មានអ្វីក្រៅពីផែនការបង្វែរភាពតានតឹងរបស់ពិភពលោក» និង «បង្កើតនូវលេសដែលសហរដ្ឋអាមេរិកអាចដើរចេញពីកិច្ចព្រមព្រៀង New START» នោះទេ។
សហរដ្ឋអាមេរិក និងរុស្ស៊ីមានអាវុធនុយក្លេអ៊ែរជាង ៩០% នៃអាវុធនុយក្លេអ៊ែរទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm៕