ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អន្តរសភា​​ចេញ​សេចក្តី​សម្រេច​​ស្នើ​ឱ្យ​ដោះលែង​លោក កឹម សុខា


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Reuters នៅខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Reuters នៅខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

សហភាព​អន្តរសភា​(IPU) បាន​ចេញ​សេចក្តី​សម្រេច​មួយ​ស្នើសុំជាថ្មី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​កឹម សុខាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ទម្លាក់ចោលការចោទ​ប្រកាន់​នានា​ព្រម​ទាំង​អនុញ្ញាត​ឱ្យ​លោក​បាន​មក​ដឹកនាំ​គណបក្ស​ឡើងវិញ។

សេចក្តី​សម្រេច​ដែល​ចេញ​កាលពី​ថ្ងៃព្រហស្បតិ៍​ក៏បាន​ច្រាន​ចោល​ការដក​យក​អាសនៈ​សភា​ទាំង​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ហាមអតីត​អ្នក​តំណាងរាស្រ្ត​ទាំងនោះមិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំថា​ជា«ការដើរ​ផ្ទុយទាំងស្រុង​នឹង​សិទ្ធិបុគ្គល​និង​សមូហភាព​ក្នុងការ​ចូលរួម​បំពេញ​កិច្ចការ​សាធារណៈ​និង​សិទ្ធិ​ទទួល​បាន​ការកាត់ក្តី​ដោយ​យុត្តិធម៌‍»។​

សហភាព​អន្តរសភា​បាន​បើកការ​ប្រជុំ​ពីថ្ងៃទី​១៤ដល់​១៨ខែ​តុលា​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ហើយ​ក៏មាន​ការចូលរួម​ពី​ប្រតិភូ​សភា​របស់​កម្ពុជាផងដែរ។

ប្រតិភូ​កម្ពុជា​បាន​ប្រាប់​ដល់​សហភាព​អន្តរសភា​ថា​បើ​សមាជិក​ក្រុម​ប្រឆាំង​«នៅស្ងាត់ស្ងៀម‍»​គឺ​ពួកគេ​អាច​នឹង​ធ្វើ​នយោបាយ​បាន​វិញ​ក្នុងរយៈពេល​បួនឆ្នាំ​ទៀត​ពេល​ដែល​បំរាម​បាន​ផុត​ប៉ុន្តែ​ក្នុងពេល​នេះ​គឺ​ពួកគេ​ត្រូវ​តែ​ទទួល​តាមការ​សម្រេចរបស់​តុលាការ‍។ នេះបើតាម​ការបញ្ជាក់​នៅក្នុង​សេចក្តី​សម្រេច​ដែល​មាន​១២ចំណុច​នេះ​។

រូបឯកសារ៖ អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា​ អង្គុយនៅតុលាការឧទ្ធរណ៍អំឡុងពេលសវនាការសុំនៅក្រៅឃុំនៅរាជធានីភ្នំពេញថ្ងៃទី១ ខែកុម្ភៈឆ្នាំ 2018 ។ (Fresh News Page via AP, Pool)
រូបឯកសារ៖ អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា​ អង្គុយនៅតុលាការឧទ្ធរណ៍អំឡុងពេលសវនាការសុំនៅក្រៅឃុំនៅរាជធានីភ្នំពេញថ្ងៃទី១ ខែកុម្ភៈឆ្នាំ 2018 ។ (Fresh News Page via AP, Pool)

តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​អតីត​គណបក្ស​ប្រឆាំ​ងកាលពីខែ​វិច្ឆិកា​ឆ្នាំ​២០១៧​បន្ទាប់​ពី​បាន​ចាប់ខ្លួន​លោក​កឹម សុខា​ដាក់ពន្ធនាគារ​ដោយ​ចោទ​ពីបទ​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា។​

ប៉ុន្តែ​សេចក្តី​សម្រេច​របស់​សហភាព​អន្តរសភា​បាន​ហៅ​ការចោទ​ប្រកាន់​និង​ឯកសារ​វីដេអូ​ប្រើប្រាស់​ដាក់បន្ទុក​នោះ​ថា​«គ្មាន​អ្វី​ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទាល់តែសោះ‍»​ហើយ​ថា​លោក​កឹម​ សុខា​ក៏​មិន​បាន​ញុះញ៉ង់​ឱ្យ​មាន​អំពើ​ហិង្សា​អ្វី​ទេ។ សហភាព​អន្តរសភា​ក៏បាន​ច្រានចោល​វីដេអូនោះ។

គណៈប្រតិភូ​សភា​កម្ពុជា​បាន​សម្តែងការ​«ខកចិត្ត‍»​ចំពោះ​សេចក្តី​សម្រេច​នោះ​ហើយ​ចោទ​ថា​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​សហភាព​អន្តរសភាផ្អែកការសម្រេច​ចិត្ត​របស់​ពួកគេ​«ហាក់ពុំ​បាន​ធ្វើការ​គិត​គូ​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់ឡើយ»​។​

សេចក្តី​ថ្លែងការណ៍​របស់​គណៈប្រតិភូ​កម្ពុជា​ដែល​ចេញ​កាលពី​ថ្ងៃព្រហស្បតិ៍​ដែរ​បាន​បន្ថែម​ថា គណៈកម្មាធិការ​បានផ្អែក​លើ​ប្រភព​ព័ត៌មាន​ដែល​មាន​លក្ខណៈនយោបាយ​ពីភាគីម្ខាងហើយ​«លាប​ពណ៌​ប្រទេស​កម្ពុជា​ឱ្យ​ខ្មៅងងឹត​‍»។​

លោក​កឹម សុខា​នៅ​បន្តជាប់​ឃុំ​នៅក្នុង​លំនៅដ្ឋាន​នៅឡើយ​ហើយ​ការស្នើសុំ​ជួប​លោក​ដោយ​ប្រតិភូ​សហភាព​អន្តរសភា​ត្រូវ​បាន​អាជ្ញា​ធរ​កម្ពុជា​បដិសេធ​ជា​បន្តបន្ទាប់៕

XS
SM
MD
LG